MENU

របៀបការពារមិនឲ្យបបូរមាត់ស្ងួត និងប្រេះ ក្នុងរដូវត្រជាក់នេះ

ក្នុងរដូវត្រជាក់នេះ វាមានភាពងាយណាស់ក្នុងការធ្វើឲ្យបបូរមាត់យើងស្ងួត និងឆាប់ប្រេះបាន។ សម្រាប់អ្នកខ្លះ មិនថាក្នុងរដូវណានោះទេ ពួកគេតែងតែជួបប្រទះបញ្ហាមាត់ស្ងួត និងប្រេះនេះ ដោយសារតែការខ្វះជាតិទឹក ឬខ្វះជាតិវីតាមីនមួយចំនួន ឬដោយសារអាឡែហ្ស៊ីជាមួយថ្នាំផ្សេងៗ។ ខាងក្រោមនេះ គឺជារបៀបសាមញ្ញៗមួយចំនួន ដែលអ្នកអាចធ្វើ ដើម្បីការពារកុំឲ្យបបូរមាត់ស្ងួត និងប្រេះបាន។

 

ផឹកទឹកឲ្យបានច្រើន

បញ្ហាចម្បង ដែលធ្វើឲ្យបបូរមាត់អ្នកប្រេះ ឬក៏ស្បែកស្ងួតនោះ គឺដោយសារតែអ្នកខ្វះជាតិទឹកក្នុងខ្លួន។ ដូច្នេះ អ្នកគួរតែផឹកទឹកឲ្យបានច្រើន យ៉ាងហោចណាស់ 8 កែវក្នុងមួយថ្ងៃ ដើម្បីរក្សាជាតិទឹកក្នុងខ្លួនរបស់អ្នកឲ្យបានគ្រប់គ្រាន់។ អ្នកក៏អាចទទួលទានចំណីអាហារ ដែលសម្បូរជាតិទឹកមួយចំនួនផ្សេងទៀតបានផងដែរ ដើម្បីជួយរក្សាជាតិទឹកក្នុងខ្លួនក្រៅពីការផឹកទឹក ដែលអាហារទាំងនោះត្រូវបានរៀបរាប់ក្នុង អត្ថបទនេះ

 

ទទួលទានជាតិវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗឲ្យបានគ្រប់គ្រាន់

អ្នកអាចមានអាការៈប្រេះបបូរមាត់នេះ គឺអាចដោយសារមកពីអ្នកខ្វះសារធាតុចិញ្ចឹម ឬវីតាមីនមួយចំនួន។ ដូច្នេះអ្នកត្រូវប្រាកដថា អ្នកនឹងទទួលទានសារធាតុទាំងនោះឲ្យបានគ្រប់គ្រាន់ ដែលវាមានដូចជា ក្រុមវីតាមីន B, ជាតិដែក, ជាតិអាស៊ីតខ្លាញ់ ដែលមានក្នុងត្រី និងប្រេងផ្សេងៗ, និងថ្នាំគ្រាប់ជាតិរ៉ែ ជាដើម។

 

ប្រើប្រាស់ឧបករណ៍បន្ថែមជាតិសំណើមនៅក្នុងបន្ទប់ ឬផ្ទះរបស់អ្នក

បើសិនជាអ្នករស់នៅទីកន្លែង ដែលមានអាកាសធាតុក្ដៅស្ងួតខ្លាំង អ្នកគួរទិញប្រដាប់បន្ថែមជាតិសំណើមក្នុងបរិយាកាស (Humidifier) ដាក់ក្នុងបន្ទប​់ ឬផ្ទះរបស់អ្នក ដើម្បីឲ្យខ្យល់ក្នុងកន្លែង ដែលអ្នករស់នៅប្រចាំថ្ងៃមានជាតិសើម។ ព្យាយាមធ្វើឲ្យជាតិសំណើមក្នុងបន្ទប់ ឬផ្ទះរបស់អ្នកឲ្យនៅក្នុងកម្រឹតត្រឹម 30% ទៅ 50% ហើយអ្នកគួរធ្វើការសម្អាតឧបករណ៍នោះ ឲ្យបានស្អាតជាប្រចាំ ទៅតាមការបង្រៀនពីក្រុមហ៊ុនរបស់ឧបករណ៍នោះ។

 

ប្រើប្រាស់ផលិតផលបន្ថែមជាតិសំណើមលើបបូរមាត់អ្នក

ប្រើប្រាស់ផលិតផលបន្ថែមជាតិសំណើមមួយចំនួនលើបបូរមាត់របស់អ្នក ដើម្បីធ្វើឲ្យបបូរមាត់អ្នករក្សាជាតិសើម និងស្រូបយកសំណើមបានល្អ និងងាយស្រួល។ នៅពេលដែលអ្នកទិញផលិតផលទាំងនោះ អ្នកគួរស្វែងរកសារធាតុមួយចំនួននៅក្នុងនោះ ដែលមានដូចជា ប្រេងវីតាមីន E, ប្រេងដូង, ប្រេងប៊ឺគ្រាប់ស្សៀ (Shea butter), និងប្រេងប៊ឺរបស់សត្វ Emu (Emu Butter) ជាដើម។

 

ប្រើប្រាស់ក្រែមលាបការពារមាត់ប្រេះ

នៅក្នុងរដូវរងារ អ្នកអាចលាបក្រែមការពារមាត់ប្រេះ ដើម្បីឲ្យបបូរមាត់របស់អ្នកមានជាតិសើមបាន ហើយវាក៏អាចព្យាបាលមាត់ ដែលកំពុងប្រេះបានផងដែរ។ វាក៏អាចការពារបបូរមាត់របស់អ្នក មិនឲ្យប៉ះពាល់ជាមួយនឹងសារធាតុប្រតិកម្មផ្សេងៗពីខាងក្រៅបានដែរ។ ជៀសវាងការប្រើប្រាស់ក្រែមលាបមាត់ពណ៌ធម្មតា ជាពិសេសសម្រាប់នារីៗ ព្រោះថាវាអាចងាយធ្វើឲ្យបបូរមាត់អ្នកស្ងួតបាន។

 

ធ្វើការដកដង្ហើមតាមច្រមុះ

នៅពេលដែលអ្នកកំពុងមានមាត់ប្រេះ អ្នកគួរធ្វើការដកដង្ហើមតាមច្រមុះ ជៀសវាងការដកដង្ហើមតាមមាត់ ព្រោះថាខ្យល់ក្ដៅពីដង្ហើមរបស់អ្នក អាចធ្វើឲ្យបបូរមាត់អ្នកកាន់តែស្ងួតបាន។

 

 

ជៀសវាងការចេញក្រៅក្នុងអាកាសធាតុមិនល្អ ដោយមិនមានអ្វីការពារ

នៅពេលដែលអ្នកចេញទៅខាងក្រៅ នៅកន្លែងដែលមានអាកាសធាតុក្ដៅ ឬត្រជាក់ខ្លាំង អ្នកគួរពាក់ម៉ាស់ការពារ កុំឲ្យមាត់របស់អ្នកត្រូវកម្ដៅថ្ងៃ ឬខ្យល់ត្រជាក់ស្ងួតខ្លាំងពេក។

 

ជៀសវាងការប្រើប្រាស់ផលិតផល ដែលធ្វើឲ្យអាឡែហ្ស៊ីបបូរមាត់របស់អ្នក

ជួនកាល មាត់របស់អ្នកប្រេះខ្លាំង អាចដោយសារមកពីវាអាឡែហ្ស៊ីជាមួយនឹងផលិតផលមួយចំនួន ដែលអ្នកប្រើ ដែលវាអាចមានដូចជាក្រែមលាបមាត់ ទឹកអប់ និងថ្នាំដុះធ្មេញជាដើម។ ដូច្នេះអ្នកគួរពិនិត្យមើលឲ្យច្បាស់មុននឹងប្រើផលិតផលទាំងនោះ។

 

កុំលិតបបូរមាត់របស់អ្នក

ទោះបីជាអ្នកគិតថា ការលិតមាត់របស់អ្នក អាចជួយឲ្យវាមានជាតិសំណើមមែន តែផ្ទុយទៅវិញ វាជាមូលហេតុដែលធ្វើឲ្យបបូរមាត់អ្នកឆាប់ស្ងួតទៅវិញទេ ហើយបន្ថែមពីនេះ វាក៏អាចបណ្ដាលឲ្យមាត់របស់អ្នកឆាប់រមាស់បានផងដែរ។

 

កុំខាំ ឬបេះស្បែកបបូរមាត់របស់អ្នក

នៅពេលដែលបបូរមាត់របស់អ្នកកំពុងប្រេះ សូមកុំខាំ ឬយកដៃទៅបេះស្បែកបបូរមាត់ប្រេះនោះ ព្រោះថាអ្នកនឹងបកស្បែក ដែលការពារបបូរមាត់អ្នកឲ្យរហែកកាន់តែធំ ហើយបណ្ដាលឲ្យបបូរមាត់អ្នកកាន់តែស្ងួតបន្ថែមទៀត។ ទុកឲ្យបបូរមាត់របស់អ្នកជាសះស្បើយដោយខ្លួនឯង ដោយជៀសវាងការខាំ ឬបេះស្បែកបបូរមាត់អ្នក តាមតែអ្នកអាចធ្វើបាន។

 

ជៀសវាងចំណីអាហារមួយចំនួន

អ្នកគួរជៀសវាងបរិភោគចំណីអាហារមួយចំនួន ដែលធ្វើឲ្យបបូរមាត់របស់អ្នកប្រតិកម្ម ជាពិសេសអាហារ ដែលមានជាតិហិរខ្លាំង ដូចជាម្ទេស ឬទឹកជ្រលក់ហិរ និងអាហារដែលមានសារធាតុអាស៊ីតខ្ពស់ ដូចជាផ្លែប៉េងប៉ោះជាដើម។ អ្នកក៏គួរតែជៀសវាង ចំណី ឬផ្លែឈើខ្លះ ដែលមានផ្ទុកនូវសារធាតុប្រតិកម្ម ដូចជាជ័រនៅសម្បកផ្លែស្វាយជាដើម។

 

ពិនិត្យមើលថ្នាំ ដែលអ្នកត្រូវលេប

បើសិនជាអ្នកតម្រូវឲ្យមានការញ្ញ៊ាំថ្នាំ ដោយសារជម្ងឺអ្វីមួយនោះ អ្នកអាចពិនិត្យមើលថ្នាំនោះ ថាតើវាជាមូលហេតុធ្វើឲ្យអ្នកមានបបូរមាត់ស្ងួត ឬក៏អត់ ព្រោះថាថ្នាំខ្លះអាចមានផលប៉ះពាល់ដោយធ្វើឲ្យបបូរមាត់របស់អ្នកអស់ជាតិទឹកបាន។

 

សរុបមក អ្នកអាចការពារបបូរមាត់របស់អ្នកកុំឲ្យស្ងួត និងប្រេះបាន ដោយធ្វើតាមវិធីសាស្ត្រខាងលើ ដោយជ្រើសរើសវិធីសាស្ត្រមួយ ដែលត្រូវសម្រាប់អ្នក ហើយអ្នកគួរជៀសវាងនូវទង្វើរមួយចំនួនផងដែរ ដែលអាចបណ្ដាលឲ្យបបូរមាត់របស់អ្នកមានភាពស្ងួតខ្លាំង។ ហើយបើសិនបបូរមាត់របស់អ្នកមានសភាពស្ងួត និងប្រេះខ្លាំងពេកនោះ អ្នកគួរតែទៅជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតអំពីបញ្ហានេះ។

Comments Off on របៀបការពារមិនឲ្យបបូរមាត់ស្ងួត និងប្រេះ ក្នុងរដូវត្រជាក់នេះ សង្គម, សុខភាព

Comments are closed.

យោបល់របស់អ្នកអាន