MENU

វិធីសាស្ត្រការពារមិនឲ្យពុលរថយន្ត​ដោយមិនចាំបាច់ប្រើថ្នាំ

អ្នកប្រាកដជាមិនមានអារម្មណ៍សប្បាយរីករាយជាមួយនឹងការធ្វើដំណើរឡើយ ប្រសិនបើអ្នកតែងមានទម្លាប់ពុលរថយន្តនោះ។ ការពុលរថយន្តតែងធ្វើឲ្យយើងមានអារម្មណ៍ថាវិលមុខ មិនស្រួលក្នុងពោះ បែកញើសច្រើន ឬមានការក្អួតចង្អោរជាដើម។ ការប្រើប្រាស់ថ្នាំគ្រាប់ដើម្បីទប់ស្កាត់ការពុលរថយន្ត គឺជាវិធីសាស្ត្រមួយ ដែលប្រជាជនខ្មែរយើងតែងធ្វើ ប៉ុន្តែការលេបថ្នាំគ្រាប់ប្រភេទនេះរៀងរាល់ការធ្វើដំណើរ មិនមែនជារឿងមួយដ៏ល្អប៉ុន្មាននោះទេ ដោយវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងថ្លើមយើងបាន។ ដូចនេះដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់យើង ឲ្យមានភាពរលូន និងមិនមានបញ្ហាជាមួយនឹងការពុលរថយន្ត ខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗមួយចំនួន ដែលអាចជួយយើងបានដោយមិនចាំបាច់ប្រើប្រាស់ថ្នាំគ្រាប់នោះទេ។

 

ជៀសវាងការមើលសៀវភៅ ឬប្រើប្រាស់ទូរស័ព្ទ

រាល់ពេលធ្វើដំណើរតាមរថយន្ត ជាពិសេសប្រភេទរថយន្តគ្រួសារ អ្នកមិនគួរអានសៀវភៅ សម្លឹងទៅស្មាត្រហ្វូន ឬ iPad នោះទេ ព្រោះការផ្តោតអារម្មណ៍ និងចក្ខុរបស់អ្នកទៅលើរបស់ទាំងអស់នោះអាចធ្វើឲ្យអ្នកមានអារម្មណ៍ចង់ក្អួត និងវិលមុខបាន។

រូបភាពពីគេហទំព័រ health.com

 

បើអ្នកមិនដឹងថាគួរធ្វើអ្វីល្អ អ្នកគួរតែគេង

ការគេងនៅពេលដែលធ្វើដំណើរតាមរថយន្ត ឬទូក គឺជារឿងមួយដ៏ល្អ ប្រសិនបើអ្នកតែងមានទម្លាប់ពុលនោះ។ នៅពេលដែលយើងធ្វើការបិទភ្នែក ភ្នែករបស់យើងនឹងមិនទទួលការរំខានពីសកម្មភាព និងរូបភាពផ្សេងៗ ដែលធ្វើឲ្យយើងវិលមុខនោះទេ។ តែប្រសិនបើអ្នកមិនងងុយនោះ ការគ្រាន់តែបិទភ្នែកក៏អាចជួយអ្នកមិនឲ្យពុលរថយន្តផងដែរ។

រូបភាពពីគេហទំព័រ health.com

 

ជ្រើសរើសកន្លែងអង្គុយជួរមុខ

ជម្រើសដ៏ប្រសើរបំផុតនោះគឺ អ្នកគួរតែបើកបរថយន្តដោយខ្លួនឯង ព្រោះកៅអីអ្នកបើកបរគឺជាចំណុចមួយ ដែលល្អបំផុតសម្រាប់អ្នកដែលតែងពុលរថយន្ត។ ក្រៅពីនេះ កៅអីអ្នករួមដំណើរជួរខាងមុខក៏ជាកន្លែងមួយដ៏ល្អផងដែរ មូលហេតុគឺដោយសារតែ នៅជួរខាងមុខគឺមានបង្អួចធំទូលាយ ស្រឡះ និងអ្វីដែលសំខាន់បំផុតនោះ គឺផ្នែកខាងមុខនៃរថយន្តមានលំនឹងល្អ មិនសូវជាឃ្លីងឃ្លោងដូចផ្នែកខាងក្រោយនោះទេ។

រូបភាពពីគេហទំព័រ health.com

 

បើកបង្អួច

មានមនុស្សមួយចំនួនតែងពុលរថយន្ត ដោយសារនៅក្នុងរថយន្តទាំងនោះពោរពេញទៅដោយក្លិនទឹកអប់ ក្លិនបារី ឬ ក្លិនពូករថយន្ត ដូចនេះដើម្បីជួយសម្រួលឲ្យខ្យល់អាកាស និងបរិយាកាសនៅក្នុងរថយន្តឲ្យមានភាពស្រស់ស្រាយ និងកាត់បន្ថយបាននូវក្លិនមិនល្អទាំងនោះ អ្នកគួរតែបើកបង្អួចឲ្យអស់ ដើម្បីឲ្យខ្យល់ធម្មជាតិចេញចូលបានគ្រប់គ្រាន់។

រូបភាពពីគេហទំព័រ health.com

 

ការញ៊ាំអាហារ

ជៀសវាងការញ៉ាំអាហារណា ដែលពិបាករំលាយ ឬធ្វើឲ្យអ្នកឆ្អែតខ្លាំង ពីព្រោះអាហារទាំងអស់នោះអាចធ្វើឲ្យអ្នកហល់ ឬចង់ក្អួតនៅពេលធ្វើដំណើរ។ សម្រាប់ចំណីអាហារដែលអាចជួយឲ្យអ្នកធូរស្រាលពីការពុលរថយន្តមានដូចជា ផ្លែឈើដែលមានរសជាតិជូរ ស្ករកៅស៊ូរដែលមានរសជាតិម៉ុងតុល និងមួយទៀតដែលល្អបំផុតនោះគឺខ្ញី ព្រោះក្លិនរបស់ខ្ញីមានប្រសិទ្ធភាពជួយសម្រួលដល់ប្រព័ន្ធដង្ហើម និងប្រព័ន្ធរំលាយអាហាររបស់អ្នកឲ្យបានធូរស្បើយពីការពុលរថយន្តបាន។

រូបភាពពីគេហទំព័រ health.com

Comments Off on វិធីសាស្ត្រការពារមិនឲ្យពុលរថយន្ត​ដោយមិនចាំបាច់ប្រើថ្នាំ យានយន្ត, សុខភាព

Comments are closed.

យោបល់របស់អ្នកអាន