បន្ទាប់ពីការទទូចស្នើរសុំ និងការរំពឹងទុក អស់រយៈពេលជាច្រើនខែ ពីសំណាក់អ្នកលក់ចែកចាយរថយន្ត និងអ្នកគាំទ្ររបស់ខ្លួន ជាចុងក្រោយក្រុមហ៊ុន LEXUS ក៏បានសម្រេចចិត្តថា នឹងបញ្ចេញនូវគម្រោងការ អភិវឌ្ឍន៍បន្ថែមរថយន្តកៅអីបីជួរ សម្រាប់ម៉ូដែល SUV ធុនកណ្តាល ដ៏ល្បីល្បាញរបស់ខ្លួន នោះគឺ ម៉ូដែល RX។
តាមរយៈ សំដីអ្នកចាត់ការទូទៅរបស់ក្រុមហ៊ុន LEXUS បានប្រាប់ឲ្យដឹងពីមូលហេតុ ដែលក្រុមហ៊ុនបានធ្វើការសម្រេចចិត្តនេះ គឺដោយសារតែ កន្លងមកមានការទទូចស្នើសុំយ៉ាងច្រើនពីឃ្លាំងលក់រថយន្ត និងជាពិសេសពីអ្នកគាំទ្ររបស់ខ្លួន ដោយពួកគេទាំងនោះសុទ្ធតែបានគិតថាម៉ូដែល RX នេះនឹងកាន់តែអស្ចារ្យ និងកាន់តែត្រូវប៉ាន់ នៅពេលដែលវាមានកៅអី 3 ជួរ។
ទោះបី ជាម៉ូដែលនេះត្រូវបានបន្ថែមកៅអីមួយជួរទៀតក៏ដោយ ក៏ឈ្មោះម៉ូដែលនេះ នឹងមិនត្រូវបានធ្វើការប្តូរអ្វីច្រើននោះទេ ហើយថ្មីៗ ក្រុមហ៊ុនទើបតែបានដាក់ពាក្យស្នើរសុំដាក់ឈ្មោះ RX 350L និង RX 450hL ទៅក្នុងបញ្ជីរពាណិជ្ជកម្មរបស់ពួកគេដែរ សម្រាប់ម៉ូដែលទាំងពីររបស់ RX នេះ។ សម្រាប់ប្រភេទ និងកំលាំងម៉ាស៊ីនវិញ គឺនៅដូចដើមដដែល ដូចទៅនឹងម៉ូដែលឆ្នាំចាស់របស់ខ្លួនអីញ្ចឹង គឺប្រភេទម៉ាស៊ីន V6 និង hybird។
ក្រៅពីនេះ ក្រុមហ៊ុនក៏បានប្រកាសឲ្យដឹងដែរថា ម៉ូដែលកៅអី 3 ជួររបស់ LEXUS RX នេះ នឹងចាប់ផ្តើមធ្វើការដាក់លក់នៅចុងឆ្នាំ 2017 ឬដើមឆ្នាំ 2018 ខាងមុខនេះហើយ ជាមួយនឹងតម្លៃចន្លោះពី $45,000 ទៅ$50,000 ដុល្លាសហរដ្ឋអាមេរិក។