បើសិនជាយើងមើលមួយភ្លេតនោះ យើងពិតជាមិនដឹងថាកង់មួយនេះ មានអ្វីអស្ចារ្យនោះទេ។ ពិតណាស់ ព្រោះមើលទៅវាដូចជាកង់ក្បាច់សាម័ញ្ញ ដ៏តូចច្រឡឹងអញ្ចឹង ប៉ុន្តែប្រសិនជាងយើង បានដឹងអំពីបច្ចេកវិទ្យាដ៏ទំនើប និងតម្លៃសមរម្យរបស់វានោះ យើងប្រាកដជាគិតថាកង់អគ្គិសនីមួយនេះពិសេសជាងកង់ធម្មតា ឬកង់អគ្គិសនីដ៏ទៃជាមិនខាន។
ក្រុមហ៊ុន Xiaomi ដែលភាគច្រើនត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនផលិតទូរស័ព្ទដៃមានតំលៃសមរម្យ ដោយវាត្រូវបានបំផុសគំនិតតាមរយៈផលិតផលរបស់ក្រុមហ៊ុន Apple ហើយមកទល់ពេលនេះ យើងអាចនិយាយបានថាផលិតផលទូរស័ព្ទដៃស្មាតហ្វូន របស់ Xiaomi ទទួលបានភាពជោគជ័យយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ ប៉ុន្តែក្រៅពីទូរស័ព្ទដៃទៅ ក្រុមហ៊ុននេះនៅមានផលិតផលអេឡិចត្រូនិចដ៏មានប្រយោជន៍ជាច្រើនទៀត ក្នុងចំណោមនោះក៏មានរាប់បញ្ចូលនូវកង់អគ្គិសនី ឆ្លាតវៃ Xiaomi The Mi QiCycle នេះផងដែរ។ សំរាប់នៅក្នុងប្រទេសចិនផ្ទាល់ យើងមិនមានអ្វីគួរឲ្យឆ្ងល់នោះទេ ដែលថាកង់ប្រភេទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនរបស់ពួកគេ ពីព្រោះថា ប្រជាជននៅក្នុងប្រទេសនេះ ភាគច្រើននិយមចូលចិត្តការជិះកង់ ជាពិសេសគឺប្រភេទកង់អគ្គិសនីដែលអាចធាក់បាន។
ថាមពលថ្មអាគុយរបស់ កង់អគ្គិសនី The Mi QiCycle អាចមានសមត្ថិភាពរត់បានចម៉្ងាយផ្លូវ 45 គីឡូម៉ែត្រ ទើបត្រូវការសាកម្តង ដោយថាមពលទាំងអស់នោះគឺបានមកពីការបង្វិលរបស់ម៉ូទ័រ ដែលមានកម្លាំង 250 វ៉ាត់ តាមរយៈថ្មអាគុយ Panasonic ចំនួន 20 គ្រាប់ ដែលមានកម្លាំងថ្ម 2,900 អំពែ បូករួមជាមួយនឹងកម្មវិធីគ្រប់គ្រងថាមពលថ្មដ៏ឆ្លាតវៃផងដែរ។ សម្រាប់ល្បឿនកំពូលរបស់វាគឺ អាចរត់បាន ដល់ទៅល្បឿន 20 គីឡូម៉ែត្រ / ម៉ោង។ ហើយអ្វីដែល កាន់តែពិសេសជាងនេះទៀតគឺ កង់នេះក៏បានភ្ជាប់មកជាមួយនូវកម្មវិធីបច្ចេកវិទ្យាទំនើបៗ មួយចំនួនទៀតផងដែរ មានដូចជា កុងទ័រប្រាប់អំពីចម៉្ងាយ និងល្បឿន ប្រព័ន្ធ GPS និងកម្មវិធីតាមដានចំនួនកាឡូរីរបស់យើងផងដែរ។ ក្នុងនោះ The Mi QiCycle ក៏មានភ្ជាប់មកជាមួយនូវលីបកង់ ដល់ទៅបីលេខដើម្បីឲ្យ អ្នកដែលនិយមធាក់កង់ដោយប្រើកម្លាំង ធ្វើការផ្លាស់ប្តូរតាមចិត្តទៀតផង។
សម្រាប់ការរចនាម៉ូដ របស់វាវិញ ជាមួយនឹងកង់ដែលមានទម្ងន់សរុប 14 គីឡូកន្លះ យើងអាចនិយាយបានថា វាមើលទៅមិនឆើតឆាយខ្លាំង តែសាម័ញ្ញ និងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដោយថ្មអាគុយទាំងអស់របស់វាត្រូវបានអ្នកផលិតបង្កប់នៅក្នុងតួខ្លួនរបស់កង់ ហើយយើងក៏អាចបត់តួកង់នេះចូលគ្នា ដើម្បីងាយស្រួលទុកដាក់ផងដែរ។ នៅក្នុងប្រទេសចិន The Mi QiCycle គឺមានតម្លៃ 2,999 យ័ន តែសម្រាប់ការនាំចូលមកប្រទេសកម្ពុជាយើងវិញ អាចមានតម្លៃប្រហាក់ប្រហែលពី 500- 550 ដុល្លាសហរដ្ឋអាមេរិក។