MENU

prevention
Tag Archive

3116

របៀបក្នុងការកាត់បន្ថយការឈឺចាប់ ដែលបង្កឡើងដោយស្បែកជើងជាទីស្រលាញ់របស់អ្នក

សុខភាព

05/01/2017

ក្រៅពីជួយដល់ជើងរបស់យើងមិនឲ្យកខ្វក់ទៅ ស្បែកជើងក៏ជាវត្ថុមួយបង្ហាញពីភាពទាន់សម័យរបស់យើងផងដែរ។ ការជ្រើសរើសស្បែកជើង មិនមែនជារឿងមួយពិបាកនោះទេ ក៏ប៉ុន្តែវាក៏មិនមែនជារឿងមួយ ដែលងាយស្រួលខ្លាំងនោះដែរ ដោយសារមានប្រភេទស្បែកជើងមួយចំនួន ដែលយើងបានជ្រើសរើស អាចបង្កឲ្យជើងរបស់យើងឈឺចាប់បាន។

រូបភាពពីគេហទំព័រ health.com

ទោះជាយ៉ាងដូច្នេះក្តី ដោយសារតែការចូលចិត្ត និងចាំបាច់ក្នុងការប្រើប្រាស់ស្បែកជើងប្រភេទទាំងនោះ អញ្ចឹងមានពេលខ្លះទោះបីជាវាអាចធ្វើឲ្យជើងរបស់យើងឈឺ ក៏យើងត្រូវតែពាក់វាដែរ។ ដូចនេះ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួន ដែលអាចជួយការពារជើងរបស់យើងមិនឲ្យឈឺចាប់ ឬក៏អាចកាត់បន្ថយការឈឺចាប់បាន នៅរាល់ពេលដែលពាក់ស្បែកជើងជាទីស្រលាញ់របស់យើង។

 

ប្រើប្រាស់ទ្រនាប់ជ័របន្ថែមទៅក្នុងស្បែកជើង

  • ប្រសិនបើអ្នកតែងមានការឈឺចាប់នៅត្រង់បាតជើង នៅរាល់ពេលដែលអ្នកពាក់ស្បែកជើងនោះ វាមានន័យថា បាតស្បែកជើងរបស់អ្នក គឺរឹងពេកហើយ ហើយការឈឺចាប់បែបនេះ គឺតែងកើតមានឡើងសម្រាប់អ្នកដែលនិយមប្រើប្រាស់ស្បែកជើងកែងចោតខ្លាំង។

រូបភាពពីគេហទំព័រ health.com

  • ប្រើប្រាស់ជ័រស៊ីលីកូនបន្ថែមនៅត្រង់កែងជើងរបស់អ្នក អាចជួយកាត់បន្ថយសំពាធ និងការឈឺចាប់ផ្នែកបាតជើងខាងមុខរបស់អ្នកបាន តាមរយៈការធ្វើឲ្យមានតុល្យភាពនៃសំពាធ រវាងកែងជើង និងផ្នែកបាតជើងខាងមុខរបស់អ្នក។

រូបភាពពីគេហទំព័រ health.com

  • សម្រាប់អ្នកដែលតែងមានបញ្ហាឈឺនៅត្រង់ខ្នងប្រអប់ជើង មូលហេតុ គឺដោយសារតែស្បែកជើងរបស់អ្នកមានសភាពរឹងពេក ឬតូចចង្អៀតពេក ដែលវាបណ្តាលឲ្យមានភាពកកិត និងដាច់រហែកស្បែកនៅត្រង់ចំណុចនោះ។ អ្នកអាចការពារការគគិតនេះបានដោយ ការប្រើប្រាស់ជ័រទន់ ឬស្ទីកគ័រ ទៅបិតនៅក្នុងស្បែកជើង ឬក៏បិតនៅជាប់ខ្នងប្រអប់ជើងរបស់អ្នកផ្ទាល់ក៏បានដែរ។

រូបភាពពីគេហទំព័រ health.com

  • អ្នកទាំងអស់គ្នាប្រាកដជាតែងគិតថា ស្បែកជើងផ្ទាត់ គឺងាយស្រួលពាក់ និងមិនបង្កឲ្យមានការឈឺចាប់ដល់ជើងរបស់អ្នកនោះទេ។ ប៉ុន្តែមានស្បែកជើងផ្ទាត់មួយចំនួន អាចបង្កឲ្យជើងរបស់យើងឈឺចាប់បាន នៅត្រង់ចំណុចរវាងមេជើង និងម្រាមជើងកណ្តាល ដោយមូលហេតុ គឺដោយសារតែខ្សែចំពាមរបស់ស្បែកជើងមានសភាពរឹងពេក ឬក៏មុតពេក។ យើងអាចការពារ ឬកាត់បន្ថយការឈឺចាប់នេះបានតាមរយៈការបន្ថែមនូវទ្រនាប់ជ័រ មួយបន្ទះនៅត្រង់ចំណុចកណ្តាលរវាងម្រាមជើងទាំងពីរនេះ។

រូបភាពពីគេហទំព័រ health.com

 

ប្រើប្រាស់គ្រីម ឬម៉្សៅ

ជាទូទៅ ការឈឺចាប់នៅពេលពាក់ស្បែកជើង តែងកើតមានឡើងដោយសារ កើតមានពងបែក និងការកកិតរវាងស្បែកជើង ជាមួយនឹងជើងរបស់យើង។

  • អ្នកអាចរកទិញប្រភេទគ្រីមនេះនៅតាមឳសថស្ថានមួយចំនួន សម្រាប់លាបជើងរបស់អ្នក ដើម្បីជួយការពារជើងរបស់អ្នកពីភាពកកិត និងការកើតមានពងបែក។ ប៉ុន្តែប្រសិនបើជើងរបស់អ្នក ចាប់ផ្តើមកើតមានពងបែកហើយ អ្នកមិនគួរលាបវានៅត្រង់ចំណុច ដែលមានរបួសនោះទេ អ្នកគួរតែប្រើប្រាស់នូវប្រភេទបង់បិតរបួសជំនួសវិញ ដោយវាអាចជួយគ្របដណ្តប់ត្រង់បរិវេណ ដែលមានរបួស មិនឲ្យទទួលការកកិតទៀត និងការពារមិនឲ្យឆ្លងមេរោគបាន។

រូបភាពពីគេហទំព័រ health.com

  • ញើស និងជាតិសំណើម ដែលកើតមានឡើងពីការកកិត នៅក្នុងស្បែកជើង អាចបង្កឲ្យពងបែកនៅលើជើងរបស់អ្នកកាន់តែឈឺ ឬបង្កឲ្យមានក្លិន ដូចនេះ ការប្រើប្រាស់ម៉្សៅលាបខ្លួន ឬក៏ម៉្សៅកូនង៉ា មានប្រសិទ្ធភាពអាចជួយឲ្យជើងរបស់អ្នកស្ងួត និងអាចកាត់បន្ថយក្លិនជើងរបស់អ្នកបាន។

រូបភាពពីគេហទំព័រ health.com

 

អានបន្ត

4752

របៀបការពារមិនឲ្យបបូរមាត់ស្ងួត និងប្រេះ ក្នុងរដូវត្រជាក់នេះ

សង្គម, សុខភាព

28/12/2016

ក្នុងរដូវត្រជាក់នេះ វាមានភាពងាយណាស់ក្នុងការធ្វើឲ្យបបូរមាត់យើងស្ងួត និងឆាប់ប្រេះបាន។ សម្រាប់អ្នកខ្លះ មិនថាក្នុងរដូវណានោះទេ ពួកគេតែងតែជួបប្រទះបញ្ហាមាត់ស្ងួត និងប្រេះនេះ ដោយសារតែការខ្វះជាតិទឹក ឬខ្វះជាតិវីតាមីនមួយចំនួន ឬដោយសារអាឡែហ្ស៊ីជាមួយថ្នាំផ្សេងៗ។ ខាងក្រោមនេះ គឺជារបៀបសាមញ្ញៗមួយចំនួន ដែលអ្នកអាចធ្វើ ដើម្បីការពារកុំឲ្យបបូរមាត់ស្ងួត និងប្រេះបាន។

 

ផឹកទឹកឲ្យបានច្រើន

បញ្ហាចម្បង ដែលធ្វើឲ្យបបូរមាត់អ្នកប្រេះ ឬក៏ស្បែកស្ងួតនោះ គឺដោយសារតែអ្នកខ្វះជាតិទឹកក្នុងខ្លួន។ ដូច្នេះ អ្នកគួរតែផឹកទឹកឲ្យបានច្រើន យ៉ាងហោចណាស់ 8 កែវក្នុងមួយថ្ងៃ ដើម្បីរក្សាជាតិទឹកក្នុងខ្លួនរបស់អ្នកឲ្យបានគ្រប់គ្រាន់។ អ្នកក៏អាចទទួលទានចំណីអាហារ ដែលសម្បូរជាតិទឹកមួយចំនួនផ្សេងទៀតបានផងដែរ ដើម្បីជួយរក្សាជាតិទឹកក្នុងខ្លួនក្រៅពីការផឹកទឹក ដែលអាហារទាំងនោះត្រូវបានរៀបរាប់ក្នុង អត្ថបទនេះ

 

ទទួលទានជាតិវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗឲ្យបានគ្រប់គ្រាន់

អ្នកអាចមានអាការៈប្រេះបបូរមាត់នេះ គឺអាចដោយសារមកពីអ្នកខ្វះសារធាតុចិញ្ចឹម ឬវីតាមីនមួយចំនួន។ ដូច្នេះអ្នកត្រូវប្រាកដថា អ្នកនឹងទទួលទានសារធាតុទាំងនោះឲ្យបានគ្រប់គ្រាន់ ដែលវាមានដូចជា ក្រុមវីតាមីន B, ជាតិដែក, ជាតិអាស៊ីតខ្លាញ់ ដែលមានក្នុងត្រី និងប្រេងផ្សេងៗ, និងថ្នាំគ្រាប់ជាតិរ៉ែ ជាដើម។

 

ប្រើប្រាស់ឧបករណ៍បន្ថែមជាតិសំណើមនៅក្នុងបន្ទប់ ឬផ្ទះរបស់អ្នក

បើសិនជាអ្នករស់នៅទីកន្លែង ដែលមានអាកាសធាតុក្ដៅស្ងួតខ្លាំង អ្នកគួរទិញប្រដាប់បន្ថែមជាតិសំណើមក្នុងបរិយាកាស (Humidifier) ដាក់ក្នុងបន្ទប​់ ឬផ្ទះរបស់អ្នក ដើម្បីឲ្យខ្យល់ក្នុងកន្លែង ដែលអ្នករស់នៅប្រចាំថ្ងៃមានជាតិសើម។ ព្យាយាមធ្វើឲ្យជាតិសំណើមក្នុងបន្ទប់ ឬផ្ទះរបស់អ្នកឲ្យនៅក្នុងកម្រឹតត្រឹម 30% ទៅ 50% ហើយអ្នកគួរធ្វើការសម្អាតឧបករណ៍នោះ ឲ្យបានស្អាតជាប្រចាំ ទៅតាមការបង្រៀនពីក្រុមហ៊ុនរបស់ឧបករណ៍នោះ។

 

ប្រើប្រាស់ផលិតផលបន្ថែមជាតិសំណើមលើបបូរមាត់អ្នក

ប្រើប្រាស់ផលិតផលបន្ថែមជាតិសំណើមមួយចំនួនលើបបូរមាត់របស់អ្នក ដើម្បីធ្វើឲ្យបបូរមាត់អ្នករក្សាជាតិសើម និងស្រូបយកសំណើមបានល្អ និងងាយស្រួល។ នៅពេលដែលអ្នកទិញផលិតផលទាំងនោះ អ្នកគួរស្វែងរកសារធាតុមួយចំនួននៅក្នុងនោះ ដែលមានដូចជា ប្រេងវីតាមីន E, ប្រេងដូង, ប្រេងប៊ឺគ្រាប់ស្សៀ (Shea butter), និងប្រេងប៊ឺរបស់សត្វ Emu (Emu Butter) ជាដើម។

 

ប្រើប្រាស់ក្រែមលាបការពារមាត់ប្រេះ

នៅក្នុងរដូវរងារ អ្នកអាចលាបក្រែមការពារមាត់ប្រេះ ដើម្បីឲ្យបបូរមាត់របស់អ្នកមានជាតិសើមបាន ហើយវាក៏អាចព្យាបាលមាត់ ដែលកំពុងប្រេះបានផងដែរ។ វាក៏អាចការពារបបូរមាត់របស់អ្នក មិនឲ្យប៉ះពាល់ជាមួយនឹងសារធាតុប្រតិកម្មផ្សេងៗពីខាងក្រៅបានដែរ។ ជៀសវាងការប្រើប្រាស់ក្រែមលាបមាត់ពណ៌ធម្មតា ជាពិសេសសម្រាប់នារីៗ ព្រោះថាវាអាចងាយធ្វើឲ្យបបូរមាត់អ្នកស្ងួតបាន។

 

ធ្វើការដកដង្ហើមតាមច្រមុះ

នៅពេលដែលអ្នកកំពុងមានមាត់ប្រេះ អ្នកគួរធ្វើការដកដង្ហើមតាមច្រមុះ ជៀសវាងការដកដង្ហើមតាមមាត់ ព្រោះថាខ្យល់ក្ដៅពីដង្ហើមរបស់អ្នក អាចធ្វើឲ្យបបូរមាត់អ្នកកាន់តែស្ងួតបាន។

 

 

ជៀសវាងការចេញក្រៅក្នុងអាកាសធាតុមិនល្អ ដោយមិនមានអ្វីការពារ

នៅពេលដែលអ្នកចេញទៅខាងក្រៅ នៅកន្លែងដែលមានអាកាសធាតុក្ដៅ ឬត្រជាក់ខ្លាំង អ្នកគួរពាក់ម៉ាស់ការពារ កុំឲ្យមាត់របស់អ្នកត្រូវកម្ដៅថ្ងៃ ឬខ្យល់ត្រជាក់ស្ងួតខ្លាំងពេក។

 

ជៀសវាងការប្រើប្រាស់ផលិតផល ដែលធ្វើឲ្យអាឡែហ្ស៊ីបបូរមាត់របស់អ្នក

ជួនកាល មាត់របស់អ្នកប្រេះខ្លាំង អាចដោយសារមកពីវាអាឡែហ្ស៊ីជាមួយនឹងផលិតផលមួយចំនួន ដែលអ្នកប្រើ ដែលវាអាចមានដូចជាក្រែមលាបមាត់ ទឹកអប់ និងថ្នាំដុះធ្មេញជាដើម។ ដូច្នេះអ្នកគួរពិនិត្យមើលឲ្យច្បាស់មុននឹងប្រើផលិតផលទាំងនោះ។

 

កុំលិតបបូរមាត់របស់អ្នក

ទោះបីជាអ្នកគិតថា ការលិតមាត់របស់អ្នក អាចជួយឲ្យវាមានជាតិសំណើមមែន តែផ្ទុយទៅវិញ វាជាមូលហេតុដែលធ្វើឲ្យបបូរមាត់អ្នកឆាប់ស្ងួតទៅវិញទេ ហើយបន្ថែមពីនេះ វាក៏អាចបណ្ដាលឲ្យមាត់របស់អ្នកឆាប់រមាស់បានផងដែរ។

 

កុំខាំ ឬបេះស្បែកបបូរមាត់របស់អ្នក

នៅពេលដែលបបូរមាត់របស់អ្នកកំពុងប្រេះ សូមកុំខាំ ឬយកដៃទៅបេះស្បែកបបូរមាត់ប្រេះនោះ ព្រោះថាអ្នកនឹងបកស្បែក ដែលការពារបបូរមាត់អ្នកឲ្យរហែកកាន់តែធំ ហើយបណ្ដាលឲ្យបបូរមាត់អ្នកកាន់តែស្ងួតបន្ថែមទៀត។ ទុកឲ្យបបូរមាត់របស់អ្នកជាសះស្បើយដោយខ្លួនឯង ដោយជៀសវាងការខាំ ឬបេះស្បែកបបូរមាត់អ្នក តាមតែអ្នកអាចធ្វើបាន។

 

ជៀសវាងចំណីអាហារមួយចំនួន

អ្នកគួរជៀសវាងបរិភោគចំណីអាហារមួយចំនួន ដែលធ្វើឲ្យបបូរមាត់របស់អ្នកប្រតិកម្ម ជាពិសេសអាហារ ដែលមានជាតិហិរខ្លាំង ដូចជាម្ទេស ឬទឹកជ្រលក់ហិរ និងអាហារដែលមានសារធាតុអាស៊ីតខ្ពស់ ដូចជាផ្លែប៉េងប៉ោះជាដើម។ អ្នកក៏គួរតែជៀសវាង ចំណី ឬផ្លែឈើខ្លះ ដែលមានផ្ទុកនូវសារធាតុប្រតិកម្ម ដូចជាជ័រនៅសម្បកផ្លែស្វាយជាដើម។

 

ពិនិត្យមើលថ្នាំ ដែលអ្នកត្រូវលេប

បើសិនជាអ្នកតម្រូវឲ្យមានការញ្ញ៊ាំថ្នាំ ដោយសារជម្ងឺអ្វីមួយនោះ អ្នកអាចពិនិត្យមើលថ្នាំនោះ ថាតើវាជាមូលហេតុធ្វើឲ្យអ្នកមានបបូរមាត់ស្ងួត ឬក៏អត់ ព្រោះថាថ្នាំខ្លះអាចមានផលប៉ះពាល់ដោយធ្វើឲ្យបបូរមាត់របស់អ្នកអស់ជាតិទឹកបាន។

 

សរុបមក អ្នកអាចការពារបបូរមាត់របស់អ្នកកុំឲ្យស្ងួត និងប្រេះបាន ដោយធ្វើតាមវិធីសាស្ត្រខាងលើ ដោយជ្រើសរើសវិធីសាស្ត្រមួយ ដែលត្រូវសម្រាប់អ្នក ហើយអ្នកគួរជៀសវាងនូវទង្វើរមួយចំនួនផងដែរ ដែលអាចបណ្ដាលឲ្យបបូរមាត់របស់អ្នកមានភាពស្ងួតខ្លាំង។ ហើយបើសិនបបូរមាត់របស់អ្នកមានសភាពស្ងួត និងប្រេះខ្លាំងពេកនោះ អ្នកគួរតែទៅជួបពិគ្រោះជាមួយនឹងវេជ្ជបណ្ឌិតអំពីបញ្ហានេះ។

អានបន្ត

2823

មូលហេតុបង្កឲ្យរថយន្តឆាបឆេះ និងវិធីបង្ការ

យានយន្ត, សង្គម

20/12/2016

បញ្ហាភ្លើងឆេះ ឬអគ្គីភ័យ គឺជាបញ្ហាមួយដ៏ធំ ដោយនៅពេលដែលវាកើតឡើង វាតែងបង្កឲ្យមានការខូចខាតយ៉ាងច្រើន ទាំងទ្រព្យសម្បត្តិ និងអាយុជីវិត។ ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ននោះទេ​ វាអាចកើតមានឡើងគ្រប់ពេល និងគ្រប់ទីកន្លែង មិនថាទោះជានៅផ្ទះ ឬក៏នៅក្នុងរថយន្តក៏ដោយ។

បើយើងប្រៀបធៀបរថយន្ត ទៅនឹងផ្ទះ យើងអាចនិយាយបានថារថយន្តងាយនឹងទទួលរងការឆាបឆេះ ជាងផ្ទះទៅទៀត នោះគឺដោយសារតែនៅក្នុងរថយន្តសំបូរទៅដោយខ្សែរភ្លើង ដែលមានចរន្ត និងគ្រឿងដែលផ្ទុកទៅដោយប្រេង និងសាំង ម៉្លោះហើយ មានពេលខ្លះទោះបីជាគ្រឿងតូចតាចនៅក្នុងរថយន្ត ដូចជាអំពូលជាដើម ក៏អាចបង្កឲ្យមានភ្លើងឆាបឆេះផងដែរ។ សម្រាប់ខាងក្រោមនេះគឺជាមូលហេតុ ដែលអាចបង្កឲ្យមានភ្លើងឆាបឆេះរថយន្ត៖

 

ការប៉ះទង្គិចធ្ងន់ធ្ងរ

ការប៉ះទង្គិចគ្នាធ្ងន់ធ្ងរនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុមួយដែលតែងតែបណ្តាលឲ្យមានការឆេះ ឬផ្ទុះរថយន្ត។ ទាំងអស់នេះ គឺដោយសារតែនៅពេលរថយន្តទទួលសំពាធខ្លាំងក្លាពីការប៉ះទង្គិចគ្នា វាអាចនឹងធ្វើឲ្យមានការលេចធ្លាយធុងសាំង ឬក៏ដាច់ខ្សែរភ្លើង ដែលវាអាចបង្កឲ្យមានជាអគ្គីភ័យតែម្តង។

រូបភាពពីគេហទំព័រ edmunds.com

 

ការលេចប្រេង ឬបញ្ហាឆ្លងចរន្តភ្លើង

អគ្គីភ័យនឹងកើតមានឡើង នៅពេលដែលយើងយកប្រេង ឬសាំង មកបូកជាមួយនឹងផ្កាភ្លើង ឬចរន្តភ្លើង។ បញ្ហាលេចធ្លាយប្រេង ឬបញ្ហាឆ្លងចរន្តភ្លើង គឺជារឿងមួយដែលតែងកើតមានជាញ៉ឹកញ៉យទៅលើរថយន្ត ដោយបញ្ហាទាំងនេះអាចកើតមានឡើងដោយសារអាយុការរបស់រថយន្ត ការមិនបានថែរក្សាររថយន្តឲ្យត្រឹមត្រូវ ការកែច្នៃរថយន្តឲ្យខុសពីស្តង់ដា ឬក៏បណ្តាលមកពីបញ្ហាខុសបច្ចេកទេសផ្សេងទៀតជាដើម។ មានករណីមួយចំនួនធំនៃការឆេះរថយន្ត សុទ្ធតែបណ្តាលមកពីការលេចប្រេង និងបញ្ហាឆ្លងចរន្តភ្លើងនេះតែម្តង។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

 

ការកើនកំដៅហួសហេតុរបស់សម្បកស៊ីម៉ាំង Catalytic Converters

រាល់ពេលដែលរថយន្តចាប់ផ្តើមដំណើរការ ប្រព័ន្ធស៊ីម៉ាំងរបស់រថយន្តក៏ចាប់ផ្តើមបង្កើនកំដៅ ក្តៅទៅៗដូចគ្នា។ នៅពេលដែលរថយន្តរបស់អ្នកមានអាយុកាលចាស់ពេក ឬក៏ធ្លាប់ត្រូវបានកែច្នៃខុសបច្ចេកទេស នៅត្រង់ចំណុចមួយចំនួនដូចជាបាតក្រោមរថយន្ត និងកាងអាចត្រូវបានរលាយ និងឆាបឆេះដោយសារកំដៅសម្បកស៊ីម៉ាំង Catalytic Converters នេះ ដែលវាអាចបង្កជាគ្រោះអគ្គីភ័យដល់រថយន្តរបស់អ្នកផងដែរ។

រូបភាពពីគេហទំព័រ edmunds.com

 

ការកើនឡើងហួសកម្រឹតនៃកំដៅរថយន្ត

តើអ្នកធ្លាប់ដែលចាប់អារម្មណ៍ទៅលើនាឡិការកំដៅរថយន្តដែរឬទេ? នៅពេលដែលម៉ាស៊ីនរថយន្តមានកំដៅខ្លាំងហួសកម្រឹតនោះ វាអាចធ្វើឲ្យសារធាតុរាវមួយចំនួន​នៅក្នុងរថយន្ត ដូចជាទឹករក្សារកំដៅរថយន្ត ចាប់ផ្តើមពុះក្តៅខ្លាំង ហើយលេចចេញមកក្រៅ។ ម៉្យាងទៀត ប្រសិនបើសារធាតុរាវទាំងនោះ ទៅប៉ះនឹងផ្នែកផ្សេងៗរបស់រថយន្ត វាអាចនឹងធ្វើឲ្យមានការឆាបឆេះបាន។

រូបភាពពីគេហទំព័រ edmunds.com

 

ការជក់បារីនៅក្នុងរថយន្ត

បើតាមស្តាប់ទៅ វាដូចជាមិនសូវជាគ្រោះថ្នាក់ប៉ុន្មានទេមែនទេ? ប៉ុន្តែប្រសិនបើអ្នកបានទុកចោលកន្ទុយបារី ដែលកំពុងឆេះនៅលើពូក ឬនៅលើព្រុំរថយន្ត ដោយមិនដឹងខ្លួន តើអ្នកអាចប្រាប់បានទេថានឹងមានរឿងអ្វីកើតឡើងបន្ទាប់?

រូបភាពពីគេហទំព័រ edmunds.com

 

វិធីបង្ការមិនឲ្យរថយន្តឆាបឆេះ

ភាគច្រើននៃករណីភ្លើងឆេះរថយន្ត អាចត្រូវបានទប់ស្កាត់បាន ប្រសិនម្ចាស់រថយន្តគ្រប់រូបយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ និងទៀងទាត់។ ប៉ុន្តែមិនមែនម្ចាស់រថយន្តគ្រប់រូប សុទ្ធតែមានពេលវេលា និងប្រាក់ច្រើនសម្រាប់ការត្រួតពិនិត្យឲ្យបានញ៉ឺកញាប់នោះទេ ដែលជាហេតុធ្វើឲ្យយើងអាចទុកវាចោល រហូតមានពេលខ្លះយើងអាចភ្លេចថាយើងត្រូវត្រួតពិនិត្យអ្វីខ្លះទៀតផង។

ដូចនេះ វិធីសាស្ត្រដ៏ល្អបំផុត គឺការត្រួតពិនិត្យរថយន្ត នៅរាល់ពេលផ្លាស់ប្តូរប្រេងម៉ាស៊ីន ដោយភាគច្រើននៃរថយន្ត សុទ្ធតែមានកាលវិភាគថែរក្សារ និងត្រួតពិនិត្យ រថយន្តយ៉ាងត្រឹមត្រូវពីអ្នកជំនាញរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យទៅតាមកាលវិភាគឲ្យបានទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យទៅនឹងបញ្ហាអគ្គីភ័យ និងបញ្ហាម៉ាស៊ីរថយន្ត មួយចំនួនទៀតយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះ អ្វីដែលសំខាន់នោះ គឺយើងទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ទៅលើនាឡីការស្ទុងកំដៅរថយន្ត ប្រសិនបើនាឡិការនេះបង្ហាញថារថយន្តរបស់អ្នកកំពុងតែក្តៅខ្លាំងពេកនោះ អ្នកមិនគួរបង្ខំបើកបរវាតទៅទៀតនោះទេ អ្នកគួរតែឈប់សម្រាកបន្តិច ដើម្បីឲ្យកំដៅរបស់ម៉ាស៊ីនថយចុះមកធម្មតាវិញ។ ហើយបើសិនជាអ្នកធ្វើដំណើរផ្លូវឆ្ងាយ អ្នកគួរតែឆែកមើលរថយន្តរបស់អ្នកឲ្យបានម៉ត់ចត់ មុននឹងចេញដំណើរ អ្នកអាចស្វែងយល់ថាតើអ្នកគួឆែកមើលអ្វីខ្លះមុននឹងចេញដំណើរផ្លូវឆ្ងាយបានក្នុងអត្ថបទមួយទៀតដោយចុច ទីនេះ

 

 

អានបន្ត

2353

វិធីសាស្ត្រក្នុងការកំចាត់ក្លិនស្អុយចេញពីជើង និងស្បែកជើង

សង្គម, សុខភាព

07/10/2016

អ្នកអាចសាកគិតមើលថា នៅពេលដែលយើងកំពុងតែអង្គុយរួមគ្នា នៅក្នុងបន្ទប់តូចមួយ ជាមួយនឹងមនុស្សមួយក្រុម ដែលមិនស្គាល់គ្នា ហើយក្នុងពេលនោះផងដែរជើងអ្នកក៏បានបញ្ចេញក្លិនស្អុយមករំខានបរិយាកាសក្នុងបន្ទប់នោះ តើអ្នកនឹងមានអារម្មណ៍ខ្មាស់អៀនយ៉ាងណា? ពិតណាស់គ្មានអ្នកណាម្នាក់ចូលចិត្តក្លិនស្អុយនោះទេ ជាពិសេស គឺក្លិនស្អុយដែលចេញពីជើងនេះតែម្តង។

causes-of-foot-odor

ia6jz99

មូលហេតុនៃការកើតមានឡើងនូវក្លិនស្អុយនៅក្នុងជើង គឺដោយសារតែប្រភេទអាស៊ីតម៉្យាង ដែលនៅលើជើង និងក្នុងស្បែកជើងរបស់យើង ហើយអាស៊ីតទាំងនោះត្រូវបានបង្កើតឡើង បន្ទាប់ពីពពួកបាក់តេរីនៅក្នុងបរិវេណនោះ បានស៊ីនូវរាល់ញើសដែលចេញពីជើងរបស់យើង។ បញ្ហាទាំងអស់នេះ គឺរឿងធម្មជាតិទៅហើយ ប៉ុន្តែយើងអាចកាត់បន្ថយពពួកបាក់តេរីទាំងអស់នោះបាន តាមរយៈការធ្វើឲ្យជើងរបស់យើងស្ងួត ឬមិនមានសំណើមខ្លាំង។

 

ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួន ដែលយើងអាចធ្វើនៅផ្ទះបាន ដើម្បីកាត់បន្ថយនូវពពួកបាក់តេរី ដែលមាននៅបរិវិណជើងរបស់យើង៖

ត្រាំជើងនៅក្នុងទឹកអំបិលក្តៅអុនៗ

ការត្រាំជើងនៅក្នុងទឹកអំបិលក្តៅអុនៗ អាចជួយកាត់បន្ថយពពួកបាក់តេរីបានយ៉ាងមានប្រសិទ្ធភាព មូលហេតុ គឺដោយសារតែអំបិលមានតួនាទីក្នុងការទាញយកជាតិសំណើមចេញពីរន្ធស្បែករបស់យើង។ យើងអាចចាក់ទឹកក្តៅអុនៗមួយកាធុនលាយជាមួយអំបិលមួយក្តាប់ រួចធ្វើការត្រាំជើងឲ្យបានរយៈពេល 20 នាទី ធ្វើបែបនេះជារៀងរាល់ថ្ងៃឲ្យបានមួយសប្តាហ៍ យើងនឹងទទួលបានប្រសិទ្ធភាពយ៉ាងគាប់ចិត្ត។

 

ត្រាំជើងនៅក្នុងទឹកតែ

ទឹកតែអាចជួយកាត់បន្ថយក្លិនស្អុយរបស់យើងបាន នោះគឺដោយសារជាតិអាស៊ីត ដែលមាននៅក្នុងតែអាចជួយបង្រួមរន្ធញើសរបស់យើងឲ្យតូច ដែលអាចកាត់បន្ថយការបែកញើសរបស់យើង។ ក្រៅពីនេះ វាក៏ដើរតួនាទីជាសារធាតុអង់ទីប៊ីទិច (antibiotic) ធម្មជាតិ ដែលសម្លាប់បាក់តេរីនៅលើជើងរបស់យើងផងដែរ។ វិធីសាស្ត្រនេះ គឺ ត្រាំជើងរបស់យើងនៅក្នុងទឹកតែ ដែលមានកំដៅអុនៗឲ្យបាន 30 នាទី ត្រាំជារៀងរាល់ថ្ងៃឲ្យបានមួយសប្តាហ៍។

soaking-feet-in-green-tea-620x3751

 

ត្រាំជើងនៅក្នុងទឹកលាយទឹកខ្មេះ

ការត្រាំជើងនៅក្នុងទឹកលាយទឹកខ្មេះ អាចជួយកាត់បន្ថយក្លិនស្អុយជើងរបស់យើងបានយ៉ាងមានប្រសិទ្ធភាព មូលហេតុពីព្រោះទឹកខ្មេះ អាចបណ្តេញពពួកបាក់តេរីមិនឲ្យមានជំរកបានតាមរយៈការកាត់បន្ថយជាតិសំណើមនៃស្បែករបស់យើង។ វិធីសាស្ត្រនោះគឺ ត្រាំជើងរបស់យើងនៅក្នុងទឹក លាយជាមួយទឹកខ្មេះឲ្យបាន 30 នាទី ត្រាំជារៀងរាល់ថ្ងៃ ឲ្យបានមួយសប្តាហ៍។

 

ប្រើប្រាស់ម្សៅ

ម្សៅ គឺជាធាតុម៉្យាងដែលមានតួនាទីក្នុងការ កំចាត់ជាតិសំណើម ដូចនេះដើម្បីកាត់បន្ថយក្លិនជើងរបស់យើង យើងអាចរោយម៉្សៅទៅលើជើងរបស់យើងជាប្រចាំ រាល់ពេលដែលយើងត្រូវការពាក់ស្បែកជើង។ (អាចប្រើបានជាមួយម៉្សៅគ្រប់ប្រភេទដូចជា ម៉្សៅផេសាត់ ឬក៏ម៉្សៅកូនង៉ាក៏បាន)

foot-powder

 

ប្រើប្រាស់ស្ព្រៃ

បញ្ហាក្លិនស្អុយចេញពីជើង ក៏មានប្រភពពីស្បែកជើងរបស់យើងផងដែរ ដូចនេះយើងគួរប្រើពពួកស្ព្រៃបាញ់កំចាត់ក្លិន សម្រាប់បាញ់ចូលទៅក្នុងស្បែកជើងរបស់យើង។ យើងអាចរកពពួកស្ព្រៃបាញ់កំចាត់ក្លិនស្បែកជើងទាំងនោះបាននៅតាមគ្រប់ផ្សារទំនើប។

 

អានបន្ត