ដោយសារតែ រថយន្តធ្លាប់ត្រូវបានបុក ឬខូចខាតក្នុងគ្រោះថ្នាក់ចរាចរណ៍ មានតម្លៃថោក វាត្រូវបានឈ្មួញយកទៅជួសជុលវិញយ៉ាងល្អ ដែលជាហេតុធ្វើឲ្យអ្នកទិញ ដែលពុំមានជំនាញ មួយចំនួនមិនអាចកំណត់បានថា រថយន្តទាំងអស់នោះធ្លាប់ត្រូវបានបុកនោះទេ។ ក្រៅពីនេះ ក៏មានបងប្អូនយើងមួយចំនួនទៀត បានសម្រេចចិត្ត ក្នុងការទិញយករថយន្តបុក មកប្រើប្រាស់ដោយសារតែ ពួកគាត់គិតថាវាមានតម្លៃថោកជាង និងបន្ទាប់ពីជួសជុលរួច វាអាចចំណេញជាងរថយន្តមូល ឬថ្មី។ ក៏ប៉ុន្តែ សម្រាប់ការពិតវិញ គឺវាមិនអាចចំណេញដូចទៅនឹងអ្វី ដែលពួកគាត់បានរំពឹងទុកនោះទេ។
ខាងក្រោមនេះ គឺជាមូលហេតុចម្បងមួយចំនួន ដែលអ្នកត្រូវគិតឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តថា នឹងត្រូវទិញរថយន្តបុក យកមកប្រើប្រាស់ ព្រោះថា ការសម្រេចចិត្តបែបនេះមិនមែនជារឿងមួយ ដែលល្អប្រសើរសម្រាប់អ្នក និងអ្នករួមដំណើរជាមួយអ្នកនោះទេ៖
មិនមានការធានាត្រឹមត្រូវ
ពិតណាស់ បើយើងប្រៀបធៀប រថយន្តបុក ជាមួយនឹងរថយន្តថ្មី ឬមូល គឺរថយន្តបុក មិនត្រូវបានទទួលការធានា ឬសេវ៉ាកម្មជួសជុលអ្វី ពីក្រុមហ៊ុនផលិតរថយន្តនោះទេ ពីព្រោះ បន្ទាប់ពីការជួសជុលរថយន្ត ដោយសារការបុកទង្គិចនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ឬខូចខាតដោយសារទឹកលេច រាល់ការធានារ៉ាប់រងទាំងឡាយ ពីក្រុមហ៊ុនលក់រថយន្ត ត្រូវចាត់ទុកជាអាសាបង់។ លើសពីនេះទៅទៀត ការប្រើប្រាស់នូវប្រភេទរថយន្តបុក ក៏អាចនឹងពិបាក ក្នុងការការស្នើរសុំទិញធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍ ពីក្រុមហ៊ុនធានារ៉ាប់រងផងដែរ ពីព្រោះបើតាមច្បាប់ក្នុងប្រទេសធំៗមួយចំនួន រាល់រថយន្តដែលធ្លាប់បុកទង្គិចធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ គឺមិនត្រូវបានអនុញ្ញាតិឲ្យយកមកបើកបរនៅលើផ្លូវសាធារណៈនោះទេ។
តម្លៃសម្រាប់ការជួសជុល អាចថ្លៃជាងការទិញរថយន្តមូល
តើអ្នកប្រាកដក្នុងចិត្តដែរឬទេ ថារាល់ថ្លៃសេវាជួសជុល និងគ្រឿងបន្លាស់រថយន្ត ដែលអ្នកទិញយកមកផ្លាស់ប្តូរ នឹងមានតម្លៃ ថោកជាងការទិញរថយន្តមូល? ថ្វីបើអ្នកអាចគណនានូវតម្លៃ របស់គ្រឿងបន្លាស់ នៅត្រង់ចំណុច ដែលអ្នកអាចមើលឃើញនឹងភ្នែកបានមែន ប៉ុន្តែ អ្នកមិនអាចគណនាបាននូវចំណុចមួយចំនួនទៀត ដែលអ្នកមិនអាចពិនិត្យឃើញនោះទេ ដូចជាផ្នែកតូចៗ នៅក្នុងម៉ាស៊ីនរថយន្តជាដើម។ ម៉្យាងវិញទៀត នៅក្នុងនោះ ក៏មានគ្រឿងមួយចំនួនមានតម្លៃថ្លៃ ឬតម្រូវឲ្យយើងធ្វើការកម្ម៉ងទិញពីបរទេស ដែលអាចចំណាយពេលវេលារបស់យើងជាច្រើនផងដែរ។
រថយន្តបុកប្រៀបបានដូចជាកែវបែកអញ្ចឹង
មែនហើយ នៅក្នុងប្រទេសយើង នាពេលបច្ចុប្បន្ននេះ សម្បូរទៅដោយជាងដែលមានជំនាញ និងថ្វីដៃល្អ ក្នុងការជួសជុលរថយន្ត មិនថាការបាញ់ថ្នាំ តោនតួររថយន្ត ឬក៏ជួសជុលផ្នែកម៉ាស៊ីននោះទេ សុទ្ធតែជារឿងដែលពួកគាត់អាចធ្វើបានយ៉ាងល្អ។ ប៉ុន្តែ រថយន្តដែលធ្លាប់ត្រូវបានបុកទង្គិចធ្ងន់ធ្ងរ គឺប្រៀបបានដូចទៅនឹងកែវបែកអញ្ចឹងដែរ ព្រោះថាមានចំណុចមួយចំនួន ទោះបីជាយើងជួសជុលវាបានល្អយ៉ាងណាក៏ដោយ ក៏វាមិនអាចល្អពេញលេញ និងផ្តល់ឲ្យយើងនូវសុវត្ថភាពគ្រប់គ្រាន់ ដូចទៅនឹងរថយន្តមូល ឬថ្មី នោះទេ។