MENU

ផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការស្លៀកពាក់រឹប ឬចង្អៀតពេក

មនុស្សភាគច្រើនតែងចូលចិត្ត និងជ្រើសរើសការស្លៀកពាក់ប្រចាំថ្ងៃរបស់ពួកគេ ទៅតាមការពេញនិយមរបស់ម៉ូដសំលៀកបំពាក់ ហើយការពេញនិយមនេះទៀតសោធន៍ ក៏តែងតែផ្លាស់ប្តូរជារឿយទៅតាមសម័យកាល មិនឈប់ឈរនោះទេ។ តួរយ៉ាងដូចជានៅក្នុងទសវត្សរ៍ទី 80 និង 90 ប្រជាជនខ្មែរយើងក្នុងជំនាន់នោះនិយមស្លៀកពាក់សំលៀកបំពាក់រលង់ៗ ធំៗ ដូចជាអាវដែលមានដៃធំទូលាយ និងខោខូវប៊ូយធំៗ ជាមួយជើងប៉ាត់ជាដើម។ ខុសប្លែកពីពេលបច្ចុប្បន្ននេះ សំលៀកបំពាក់ទាំងអស់នោះត្រូវបានហួសសម័យអស់ទៅហើយ ហើយអ្វីដែលកំពុងតែត្រូវបានពេញនិយមនោះ គឺការស្លៀកសំលាកបំពាក់ ដែលរឹប ឬការស្លៀកពាក់បញ្ចេញរាង។

វាជាការពិតណាស់ ដែលថាការស្លៀកពាក់បែបរឹបរាង ឬបញ្ចេញរាងនេះ មើលទៅស្អាតសម្រាប់មនុស្សមួយចំនួន ផ្ទុយទៅវិញ តើអ្នកទាំងអស់គ្នាធ្លាប់បានដឹងដែរឬទេថា ការមានទម្លាប់ស្លៀកពាក់បែបនេះជាប្រចាំ អាចធ្វើឲ្យមានផលអាក្រក់មកដល់សុខភាពអ្នកទៅវិញនោះទេ។ ខាងក្រោមនេះគឺជាផលអវិជ្ជមានដល់សុខភាពមួយចំនួន ដែលបណ្តាលមកពីការស្លៀកពាក់រឹប ឬចង្អៀតពេក៖

ការឈឺឆ្អឹងខ្នង និងចង្កេះ

នៅពេលបច្ចុប្បន្ន ម៉ូដខោខូវប៊ូយរឹបរាង ឬ skinny jeans មានភាពពេញនិយមជាខ្លាំង មិនថាសម្រាប់នារីៗ ឬបុរសៗនោះទេ ជាពិសេសវាពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវវ័យ។ ប៉ុន្តែអ្នកទាំងអស់គ្នាពិតជាស្មានមិនដល់ទេថា ការស្លៀកសំលៀកបំពាក់ទាំងនេះ គឺមិនល្អដល់ឆ្អឹងខ្នង និងចង្កេះរបស់យើងនោះទេ ដោយសារតែខោប្រភេទរឹប ឬគូទខ្លីនេះ អាចធ្វើឲ្យមានការគាបនៅសាច់ដុំខ្នង និងធ្វើឲ្យមានការគាំង ឬខ្ទាស់ជាប់នូវចលនារបស់ឆ្អឹងត្រគាកយើងផងដែរ។ បញ្ហាទាំងអស់នេះ នឹងបង្កជាសំពាធទៅលើឆ្អឹងកង និងខ្នងរបស់យើង ដែលជាហេតុធ្វើឲ្យយើងតែងមានអាការៈឈឺចុកចាប់ខ្លាំង នៅត្រង់ខ្នង និងចង្កេះ។ ដូចនេះ ប្រសិនបើអ្នកចង់កាត់បន្ថយអាការៈឈឺចុកចាប់នៅត្រង់បរិវេណទាំងនេះ អ្នកគួរតែបោះបង់ចោល ការស្លៀកពាក់សំលៀកបំពាក់ប្រភេទរឹបនេះឲ្យបានឆាប់កាន់តែប្រសើរ។

រូបភាពពីគេហទំព័រ health.com

ការឈឺពើត ឬស្ពឹកនៅត្រង់ភ្លៅ

អាការៈឈឺពើត ឬស្ពឹកនៅត្រង់ភ្លៅ គឺជាបញ្ហាដល់ប្រព័ន្ធសរសៃរប្រសាទ ដែលតែងកើតមានឡើងនៅពេលដែលយើងមានទម្លាប់ស្លៀកខោខូវប៊ូយរឹបៗ។ ខោខូវប៊ូយប្រភេទនេះ នឹងធ្វើឲ្យមានជាសំពាធខ្លាំងទៅលើសរសៃប្រសាទ ដែលមាននៅត្រង់ឆ្អឹងត្រគាករបស់យើង ដែលជាហេតុធ្វើឲ្យយើងមានអារម្មណ៍ថាឈឺពើតៗ ឬក៏ពេលខ្លះមានអារម្មណ៍ថារ៉ោយស្ពឹកនៅត្រង់ភ្លៅ។

រូបភាពពីគេហទំព័រ health.com

ការឈឺចុកចាប់នៅត្រង់ពោះ

សម្រាប់សុភាពនារី នៅពេលដែលពួកគេមានទម្លាប់ស្លៀកពាក់ រ៉ូប សំពត់ ឬខោ ដែលមានលក្ខណៈរឹបខ្លាំងនៅត្រង់ពោះ សម្លៀកបំពាក់ប្រភេទនេះ នឹងបង្កឲ្យមានសំពាធខ្លាំងនៅចំណុចពោះ ដែលជាហេតុធ្វើឲ្យមានការឈឺចុកចាប់នៅត្រង់បរិវេណនោះ។ ការស្លៀកពាក់បែបនេះ នឹងធ្វើឲ្យជាតិអាស៊ីតនៅក្នុងក្រពះច្រាលឡើង ដែលជាហេតុធ្វើឲ្យយើងមានអារម្មណ៍ក្តៅឈួលនៅដើមទ្រូង ឬ heartburn។ លើសពីនេះទៀត វាក៏អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការរំលាយអាហាររបស់ក្រពះ និងពោះវៀនយើងផងដែរ។ អញ្ចឹង ប្រសិនបើអ្នកបានដឹងអំពីមូលហេតុទាំងអស់នេះហើយ អ្នកគួរតែផ្លាស់ប្តូរទម្លាប់មិនល្អរបស់អ្នក ដោយជ្រើសរើសយកខោអាវណាដែលមិនចង្អៀត ឬរឹបពេក ឬក៏ប្រើប្រាស់ខ្សែក្រវ៉ាត់ មិនឲ្យតឹងពេកជាដើម។

រូបភាពពីគេហទំព័រ health.com

វាអាចធ្វើឲ្យយើងសន្លប់បាន!

ការមានទម្លាប់ស្លៀកពាក់រឹបៗ ជាប្រចាំ អាចធ្វើឲ្យយើងជួបនូវបញ្ហាថប់ដង្ហើម ដែលជាហេតុអាចបង្កឲ្យយើងពិបាកក្នុងការដកដង្ហើម និងបែកញើសខ្លាំង ហើយលើសពីនេះទៅទៀតវាក៏អាចធ្វើឲ្យយើងវិលមុខ ធីងធោង ឬក៏អាចដល់ថ្នាក់សន្លប់ផងដែរ។

រូបភាពពីគេហទំព័រ health.com

ក្រៅពីបញ្ហាទាំងប៉ុន្មាននៅខាងលើនេះ អ្នកដែលមានទម្លាប់ស្លៀកពាក់រឹប ក៏នឹងជួបប្រទះបញ្ហាសុខភាពមួយចំនួនផ្សេងទៀតផងដែរ ដូចជាបញ្ហាមុនខ្នង ឈឺក្បាល និងស្រវ៉ាងភ្នែកជាដើម។ ដូចនេះ ទោះបីជាភាពទាន់សម័យរបស់សំលៀកបំពាក់សំខាន់យ៉ាងណាក្តី ក៏ប៉ុន្តែអ្នកគួរតែគិតឲ្យច្បាស់ពីផលប៉ះពាល់ដល់សុខភាពជាមុនសិន មុននឹងធ្វើការសម្រេចចិត្តជ្រើសរើស។

 

Comments Off on ផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការស្លៀកពាក់រឹប ឬចង្អៀតពេក សង្គម, សំលៀកបំពាក់, សុខភាព

Comments are closed.

យោបល់របស់អ្នកអាន