MENU

គំនិតនៃការដេគ័រផ្ទះទាំង 9 ដែលអ្នកអាចប្រើសម្រាប់តុបតែងផ្ទះក្នុងឆ្នាំ 2017 នេះ

សម្រាប់អ្នកដែលចូលចិត្តការឌីហ្សាញ និងការតុបតែងផ្ទះ ការដើរតាមនិន្នាការ (trends) គឺពិតជាសំខាន់ ហើយសម្រាប់ឆ្នាំថ្មី 2017 នេះ ក៏មាននិន្នាការនៃការដេគ័រផ្ទះមួយចំនួន ដែលអ្នកគួរពិចារណាបញ្ចូលជាគំនិតឌីហ្សាញផ្ទះរបស់អ្នកផងដែរ។ សម្រាប់ឆ្នាំថ្មីដ៏ភ្លឺថ្លាស្រស់បំព្រងនេះ អ្នកគួរផ្លាស់ប្តូរនិន្នាការ ឬគំនិតឌីហ្សាញចាស់ៗកាលពីឆ្នាំ 2016 ហើយបន្ថែមនូវពណ៌ភ្លឺៗ លំនាំបែបលាយគ្នា (mixed patterns) និងរូបគំនូរ ឬវត្ថុសិប្បកម្មសិល្ប​ៈផ្សេងៗជាដើមសម្រាប់ការដេគ័រផ្ទះរបស់អ្នកឲ្យកាន់តែមើលទៅទាក់ភ្នែក និងគួរឲ្យចង់រស់នៅ។ ខាងក្រោមនេះ គឺជាគំនិតដេគ័រផ្ទះទាំង 9 ដែលអ្នកអាចប្រើសម្រាប់តុបតែងផ្ទះក្នុងឆ្នាំ 2017 នេះ៖

 

1. ប្រើប្រាស់ពណ៌បៃតងភ្លឺ ឬបៃតងខ្ចី

រូបភាពពីវែបសាយ housebeautiful

ពណ៌បៃតងភ្លឺ ឬបៃតងខ្ចីនេះ គឺជាពណ៌ដែលតំណាងឲ្យធម្មជាតិ និងភាពស្រស់ស្រាយ ហើយវាត្រូវបានជាប់ឈ្មោះជាពណ៌ប្រចាំឆ្នាំ 2017 នេះ ដោយវាត្រូវបានប្រើដោយអ្នកឌីហ្សាញភាគច្រើន ហើយអ្នកនឹងឃើញការប្រើប្រាស់ពណ៌នេះនៅគ្រប់កន្លែង ដូចជាក្នុងការឌីហ្សាញម៉ូដខោអាវ ការឌីហ្សាញផ្ទះ និងការប្រើប្រាស់ក្នុងពាណិជ្ជកម្មនានាជាដើម។

 

2. ប្រើប្រាស់រូបមេអំបៅ

រូបភាពពីវែបសាយ housebeautiful

ការតុបតែងជញ្ជាំងរបស់អ្នកជាមួយនឹងរូបផ្សេងៗ ដូចជារូបមេអំបៅ នឹងមានភាពពេញនិយមជាងការទុកពណ៌លាតទទេ ហើយរូបមេអំបៅ គឺតំណាងឲ្យភាពសុទិដ្ឋិនិយម និងភាពរីករាយ វាមិនមែនត្រឹមតែជាការឌីហ្សាញសម្រាប់តែកូនក្មេងនោះទេ។

 

3. ប្រើប្រាស់លំនាំលាយ (mixed patterns)

រូបភាពពីវែបសាយ housebeautiful

និន្នាកា (trend) មួយនេះ ត្រូវបានឃើញដំបូងនៅក្នុង ឆាកដើរបង្ហាញម៉ូតនៅទីក្រុងញ៉ូវយ៉កឆ្នាំ 2016 ហើយអ្វីដែលត្រូវបានបង្ហាញនៅលើផ្លូវដើរម៉ូដភាគច្រើន នឹងក្លាយជានិន្នាការ នៅក្នុងការឌីហ្សាញម៉ូតផ្ទះផងដែរ ដូចនេះអ្នកនឹងបានឃើញការប្រើប្រាស់លំនាំលាយ (mixed patterns) នេះ កាន់តែច្រើននៅក្នុងការឌីហ្សាញផ្ទះក្នុងឆ្នាំ 2017 នេះ។

 

4. ប្រើប្រាស់លំនាំសិប្បនិម្មិត (faux finishes)

រូបភាពពីវែបសាយ housebeautiful

ការប្រើប្រាស់លំនាំ ឬសម្ភារៈ សិប្បនិម្មិត នឹងកាន់តែពេញនិយមជាងការប្រើប្រាស់សម្ភារៈពិត ដូចជាឈើ ស្បែក ថ្មភ្នំ ឬថ្មម៉ាបជាដើម។ មូលហេតុ គឺដោយសារមកពីសម្ភារៈសិប្បនិម្មិត មានតម្លៃមិនសូវថ្លៃដូចរបស់ពិត ហើយវាអាចទុកបានយូរជាងសម្ភារៈពិតៗ។ ឧទាហរណ៍ ឈើសិប្បនិម្មិត គឺមិនងាយឆាប់ពុកផុយដូច ឈើមែនទែននោះទេ ហើយឥដ្ឋសិប្បនិម្មិត ដែលធ្វើពីរ៉ែថ្មខៀវ (រូបខាងស្ដាំ) អាចទប់ទល់នឹងការសឹករិករិល ពីអាហារជាតិអាស៊ីតបានល្អជាឥដ្ឋថ្មម៉ាបមែនទែន (រូបខាងឆ្វេង)។

 

5. ប្រើប្រាស់ Texture ឲ្យច្រើន

រូបភាពពីវែបសាយ housebeautiful

ដោយសារតែអ្នកតែងតែធ្វើការជាមួយកុំព្យូទ័រ ហើយសម្លឹងមើលអេក្រង់ ដែលមានផ្ទៃរាបស្មើររាប់ម៉ោង អ្នកប្រហែលជាចង់មើល ឬប៉ះនូវអ្វី ដែលមានលំនាំវាយនភាព (texture) ឬវត្ថុក្រឡាៗ ក្រោយពីការធ្វើការហើយ។ ដូច្នេះ អ្នកឌីហ្សាញ ដែលយល់ពីចិត្តវិទ្យា នឹងធ្វើការដាក់បញ្ចូលនូវនិន្នាការមួយនេះ ក្នុងការតុបតែងផ្ទះរបស់អ្នក ហើយអ្នកនឹងឃើញម៉ូដផ្ទះ ដែលមានជញ្ជាំង ឬគ្រឿងសង្ហារឹមក្បាច់ ឬក្រឡាៗកាន់តែច្រើន ជាងជញ្ជាំង ដែលរាបស្មើរសាមញ្ញធម្មតា។

 

6. ប្រើប្រាស់ពណ៌ខៀវក្រម៉ៅ (Navy blue) ជំនួសឲ្យពណ៌ខ្មៅ

រូបភាពពីវែបសាយ housebeautiful

មិនថាអ្នកចង់ផ្លាស់ប្តូរពណ៌ជញ្ជាំងបន្ទប់ ឬក៏ update ទូរចង្ក្រានរបស់អ្នកនោះទេ ពណ៌ខៀវក្រម៉ៅ (navy blue) នឹងក្លាយជាជម្រើសពណ៌ដ៏ពេញនិយម ដែលអ្នកឌីហ្សាញជ្រើសរើស ជំនួសឲ្យពណ៌ខ្មៅសុទ្ធ ក្នុងឆ្នាំ 2017 នេះ។ ពណ៌ខៀវក្រម៉ៅនេះ គឺអាចប្រើបានស្ទើតែជាមួយនឹងគ្រប់ពណ៌ទាំងអស់ ហើយធ្វើឲ្យបន្ទប់របស់អ្នកមើលទៅដូចជាកន្លែងអាថ៍កំបាំង ដោយមិនធ្វើឲ្យវាមើលទៅតូច ដូចជាពេលប្រើពណ៌ខ្មៅនោះទេ។

 

7. ប្រើប្រាស់វត្ថុសិប្បកម្មសិល្បៈ ធ្វើដោយអ្នកជំនាញ

រូបភាពពីវែបសាយ housebeautiful

ជាច្រើនឆ្នាំមកហើយ ដែលមនុស្សភាគច្រើន ពេញនិយមទៅលើរបស់ដែលធ្វើដោយខ្លួនឯងងាយៗ (DIYs) ប៉ុន្តែសម្រាប់ឆ្នាំថ្មីនេះ អ្នកឌីហ្សាញភាគច្រើន បានបែរទៅរកវត្ថុបែបសិប្បកម្មសិល្បៈប្លែកៗ ដែលធ្វើដោយអ្នកជំនាញផ្ទាល់ មកធ្វើការដាក់តាំងនៅក្នុងផ្ទះសម្រាប់ការឌីហ្សាញរបស់ពួកគេ។ អ្នកនឹងឃើញមាន ថូកែវប្លែកៗ ចានប៉សឺឡែន និងចំឡាក់ឈើផ្សេងៗជាច្រើន នៅក្នុងផ្ទះទាន់សម័យភាគច្រើនក្នុងឆ្នាំ 2017 នេះ។

 

8. ប្រើប្រាស់ពណ៌សឆៅ (raw white)

រូបភាពពីវែបសាយ housebeautiful

ដោយសារតែអ្នកឌីហ្សាញភាគច្រើន នឹងបែរទៅរកវត្ថុ ដែលធ្វើដោយដៃ អ្នកនឹងឃើញមានការលេចចេញការប្រើប្រាស់ពណ៌សឆៅ (raw white) លើវត្ថុទាំងនោះ ដែលវត្ថុទាំងនោះមើលទៅស្រដៀងនឹង ដែកស ឬឆ្អឹងអីញ្ជឹងដែរ។ វត្ថុ ដែលមានពណ៌សឆៅ គឺជាវត្ថុ ដែលមើលទៅដូចជារបស់ធម្មជាតិ ហើយអ្វីដែលសំខាន់លើវត្ថុទាំងនោះ គឺភាពស្រស់ស្អាតនៃភាពមិនល្អឥតខ្ចោះរបស់វា ដែលភ្ជាប់មកជាមួយនូវ texture ជាច្រើន។

 

9. ប្រើប្រាស់របស់របរក្នុងផ្ទះ ឬបន្ទប់ ដែលអាចបត់បាន

រូបភាពពីវែបសាយ housebeautiful

ដោយសារតែ ផ្ទះនាពេលបច្ចុប្បន្ន មានទំហំតូចៗ ដូច្នេះអ្នកឌីហ្សាញត្រូវគិតដល់ទំហំបន្ទប់ ដែលនៅសល់សម្រាប់ឲ្យអ្នករស់នៅមានភាពស្រណុកសុខស្រួល មិនសូវចង្អៀតពេក។ ដូច្នេះហើយ ក្នុងការឌីហ្សាញផ្ទះនាឆ្នាំថ្មីនេះ អ្នកនឹងឃើញមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះភាគច្រើន គឺអាចបត់បែនបាន ដើម្បីធ្វើឲ្យមានទំហំបន្ទប់កាន់តែធំ។ យើងនឹងឃើញមានដូចជាតុបត់ គ្រែគែងបត់ចូលក្នុងជញ្ជាំង ផ្ទះបាយដែលមានចង្ក្រានបត់លាក់ក្នុងជញ្ជាំង និងគំនិតផ្សេងៗជាច្រើនទៀតក្នុងការឌីហ្សាញផ្ទះថ្មី ក្នុងឆ្នាំ 2017 នេះ។

 

Comments Off on គំនិតនៃការដេគ័រផ្ទះទាំង 9 ដែលអ្នកអាចប្រើសម្រាប់តុបតែងផ្ទះក្នុងឆ្នាំ 2017 នេះ ដេគ័រផ្ទះ

Comments are closed.

យោបល់របស់អ្នកអាន