MENU

ការចាប់ផ្តើមផ្តល់ថ្នាំចាក់បង្ការជំងឺគ្រុនឈាម ជាលើកដំបូងនៅក្នុងប្រទេសថៃ

យោងតាមពត៌មានពីគេហទំព័ររបស់ Bangkokpost បានឲ្យដឹងថា កាលពីម្សិលមិញនេះ មន្ទីរពេទ្យ Samitivej ទើបតែបានបង្ហាញដល់សាធារណៈជននូវប្រភេទវ៉ាក់សាំងបង្ការជំងឺគ្រុនឈាម។ ដោយនៅក្នុងពេលបច្ចុប្បន្ននេះ នៅមិនទាន់មានមន្ទីរពេទ្យណាផ្សេងទៀត នៅទីក្រុងបាំងកកមានវ៉ាកសាំងនេះនៅឡើយទេ ពោលវាគឺជាមន្ទីរពេទ្យដំបូងនៅក្នុងប្រទេសថៃ ដែលមានផ្តល់នូវសេវាចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម។

រូបភាពពីគេហទំព័រ health.com

ការស្វែងរកវ៉ាក់សាំងបង្ការជំងឺគ្រុនឈាមនេះ មិនមែនជារឿងមួយទើបតែកើតមាននោះទេ វាត្រូវបានគេយកមកសិក្សា និងអភិវឌ្ឍអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ម៉្យាងវិញទៀត វាក៏ត្រូវបានគេយកមកធ្វើទេស្តសាកល្បងនៅក្នុងប្រទេសចំនួន 10 នៅជុំវិញពិភពលោក រួមទាំងប្រទេសថៃរួចមកហើយដែរ។

វ៉ាក់សាំងនេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនផលិតថ្នាំ Sanofi Pasteur ដែលមានក្រុមហ៊ុនតំណាងនៅក្នុងប្រទេសថៃ មានឈ្មោះថា ក្រុមហ៊ុន Sanofi-Aventis (Thailand) Inc។ បន្ថែមពីនេះ លោក Dr On-umar បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា “ថ្នាំវ៉ាក់សាំងនេះបានបង្ហាញប្រសិទ្ធភាព 93% ក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺនេះ និងបានកាត់បន្ថយដល់ទៅជាង 80% នៃអត្រាស្ថានភាពចាំបាច់ត្រូវការចូលសំរាកនៅក្នុងមន្ទីពេទ្យ”។ ក្រៅពីនេះលោកក៏បានបន្ថែមផងដែរថា វ៉ាក់សាំងចាក់បង្ការជំងឺគ្រុនឈាមនេះ តម្រូវឲ្យអ្នកប្រើប្រាស់ទទួលការចាក់ចំនួន 3 ដង ក្នុងរយៈពេល 6 ខែ ហើយវាមានប្រសិទ្ធភាពទៅលើក្មេង ដែលមានអាយុ 5 ឬ 6 ឆ្នាំ និងប្រសិទ្ធភាពល្អបំផុតទៅលើអ្នកប្រើប្រាស់ ដែលមានអាយុចាប់ពី 9 ដល់ 45 ឆ្នាំ។ សម្រាប់តម្លៃរបស់វ៉ាក់សាំងទាំង 3 ម្ជុលនេះ គឺមានតម្លៃប្រមាណ 9,600 បាត ដោយមិនទាន់គិតបញ្ចូលជាមួយនឹងថ្លៃសេវាពិគ្រោះជំងឺ និងថ្លៃសេវាផ្សេងៗទៀតនោះទេ។

រូបភាពពីគេហទំព័រ health.com

ដោយលែកនៅក្នុងប្រទេសកម្ពុជាយើងវិញនៅមិនទាន់មានវត្តមានរបស់វ៉ាក់សាំងនេះនៅឡើយទេ ហើយបើតាមយៈសម្តីរបស់មន្ត្រីសុខាភិបាលម្នាក់បានឲ្យដឹងថា វ៉ាក់សាំងប្រភេទនេះ តម្រូវឲ្យមានការត្រួតពិនិត្យ និងយល់ព្រមដោយអង្គការសុខភាពពិភពលោកជាមុនសិន មុននឹងអាចផ្តល់ជាអាជ្ញាប័ណ្ណឲ្យមានការផលិត និងដាក់បង្ហាញឲ្យប្រើប្រាស់ក្នុងស្រុក។

Comments Off on ការចាប់ផ្តើមផ្តល់ថ្នាំចាក់បង្ការជំងឺគ្រុនឈាម ជាលើកដំបូងនៅក្នុងប្រទេសថៃ សង្គម, សុខភាព

Comments are closed.

យោបល់របស់អ្នកអាន