ចំពោះសុភាពបុរសទាំងឡាយ តើអ្នកដឹងទេថា នាឡិកាដៃ ដែលអ្នកកំពុងពាក់ជាប្រភេទនាឡិកាដៃអ្វី? គោលបំណងចម្បងរបស់នាឡិកាដៃ គឺដើម្បីប្រាប់ពីពេលវេលា ហើយនាឡិកាដៃ ត្រូវបានបង្កើតឡើងជាច្រើនប្រភេទ និងត្រូវបានដាក់បញ្ចូលនូវមុខងារផ្សេងៗជាច្រើន សម្រាប់ងាយស្រួលក្នុងការប្រើប្រាស់ក្នុងស្ថានភាពជាក់លាក់ណាមួយ។ ខាងក្រោមនេះ គឺជាប្រភេទនាឡិកាដៃ 5 ប្រភេទ ដែលសុភាពបុរសទាំងឡាយគួរដឹង និងមាន ដើម្បីជ្រើសរើសពាក់ប្រភេទនាឡិកាដៃឲ្យបានត្រឹមត្រូវតាមកាលៈទេសៈ។
1. Dress Watch
Dress Watch គឺជាប្រភេទនាឡិកាដៃ ដែលត្រូវបានពាក់ជាមួយនឹងអាវធំឈុត (Suit) ដើម្បីចូលរួមកម្មវិធីផ្លូវការធំៗផ្សេងៗ។ ភាគច្រើន ការឌីហ្សាញរបស់នាឡិកាដៃប្រភេទនេះ គឺមានភាពសាមញ្ញបំផុតបែបក្លាសីក (classic) និង ហាយក្លាស (high class) ដើម្បីឲ្យស័ក្តិសមនឹងអាវឈុត និងគោលបំណងរបស់វា។ នៅខាងមុខរបស់នាឡិកាដៃប្រភេទនេះ គឺភាគច្រើនមិនសូវមានអ្វីរញ៉េរញ៉ៃច្រើនទេ ការឌីហ្សាញខ្លះ គឺមិនមានលេខលើនោះទេ មានតែគំណូសឆ្នូតៗមួយចំនួន ឬជាលេខរ៉ូមាំុង (I, II, III, …) សម្រាប់ប្រាប់ពីពេលវេលាតែប៉ុណ្ណោះ។
នាឡិកាដៃប្រភេទនេះ គឺភាគច្រើនមានកម្រាស់ស្ដើង ដើម្បីភាពងាយស្រួលដាក់ចូលក្នុងដៃអាវរបស់អ្នក។ ហើយពិសេសជាងនេះនោះ អ្នកតែងមានឃើញនូវថ្មមានតម្លៃដាំនៅលើនាឡិកាដៃប្រភេទនេះ ដូចជា ត្បូង ពេជ្រ ជាដើម ឬវាមានវត្ថុធាតុដើមធ្វើពីមាស ឬប្រាក់ ឬលោហៈធាតុមានតម្លៃផ្សេងៗទៀត។ ខ្សែរបស់វា ភាគច្រើនធ្វើពីស្បែកសុទ្ធ ដែលបញ្ជាក់ពីភាពហាយក្លាស និងភាពសង្ហាសម្រាប់សុភាពបុរស។ នាឡិកាដៃប្រភេទនេះ គឺស័ក្តិសមបំផុតសម្រាប់ទុកធ្វើជាកេរ្តិ៍ទៅឲ្យអ្នកជំនាន់ក្រោយរបស់អ្នក។
2. Field Watch
Field Watch គឺជាប្រភេទនាឡិកាដៃសម្រាប់ចុះ field ឬសម្រាប់ទាហានចុះធ្វើបេសកកម្មផ្សេងៗ ដែលវាមានដើមកំណើតមកពីសម័យសង្គ្រាមលោកលើកទី 1។ លក្ខណៈពិសេសរបស់នាឡិកាដៃប្រភេទនេះ គឺអ្នកអាចធ្វើការផ្លាស់ប្តូរ ឬបញ្ជារទ្រនិចនាឡិកាបានយ៉ាងងាយស្រួល និងរហ័ស ដូចជាចុចឲ្យវាឈប់ដើរ ឬសារ៉េឲ្យត្រូវម៉ោងគ្នាជាមួយនឹងក្រុមបេសកកម្មរបស់អ្នក ដើម្បីឲ្យមានម៉ោងដូចគ្នាជាដើម សម្រាប់ធ្វើកិច្ចការអ្វីមួយ ដែលពឹងលើម៉ោងជាក់លាក់។
ការឌីហ្សាញរបស់នាឡិកាដៃប្រភេទនេះ ភាគច្រើនមានមុខនាឡិកាធំ និងលេខមានពណ៌ច្បាស់ និងធំល្អងាយស្រួលមើល ជាពិសេសនៅក្នុងស្ថានភាពតឹងតែង ដូចជាពេលចុះបេសកកម្មរបស់ទាហានជាដើម។ ខ្សែរបស់វា ភាគច្រើន ធ្វើពីខ្សែនីឡុង (Nylon) ឬវត្ថុធាតុផ្សេងៗទៀត ដែលងាយស្រួលក្នុងការផ្លាស់ប្តូរ និងមិនងាយខូចខាត។
3. Aviator Watch
Aviator Watch គឺជាប្រភេទនាឡិកាដៃ ដែលត្រូវបានពាក់ដោយអ្នកបើកយន្តហោះ ហើយតាមពិតទៅវាមានលក្ខណៈដើមជា Field Watch តែក្រោយពីអ្នកបើកយន្តហោះបានប្រើប្រាស់វាយូរៗទៅ គេក៏បានធ្វើការឌីហ្សាញនាឡិកាដៃនេះឡើង ដោយដាក់បន្ថែមនូវមុខងារថ្មីៗសម្រាប់តម្រូវឲ្យអ្នកបើកយន្តហោះប្រើប្រាស់ជាពិសេស។
ការឌីហ្សាញរបស់វា គឺស្រដៀងទៅនឹង Field Watch ដែរ ភាគច្រើនមានផ្ទៃមុខនាឡិកាពណ៌ខ្មៅ និងលេខធំៗពណ៌ស ដើម្បីឲ្យមានភាពងាយស្រួលក្នុងការមើលពេលបើកយន្តហោះ។ បន្ថែមពីនេះទៀត គឺមានមុខងារផ្សេងជាច្រើនទៀត ដែលត្រូវបានដាក់បញ្ចូលក្នុងប្រភេទនាឡិកាដៃនេះ ដូចជា whiz wheel និង time zone ជាដើម ហើយវាក៏មានប៊ូតុងចុចថែម សម្រាប់ Start ឬ Stop ពេល ឬសម្រាប់បញ្ជារមុខងារថ្មីៗទាំងនោះផងដែរ ក្រៅពីកងសម្រាប់សារ៉េម៉ោង។
4. Dive Watch
Dive Watch គឺជាប្រភេទនាឡិកាដៃ ដែលពាក់ដោយអ្នកជ្រមុជទឹក។ លក្ខណៈពិសេសរបស់នាឡិកាដៃប្រភេទនេះ គឺវាមានភាពរឹងមាំ អាចប្រើប្រាស់ក្នុងទឹក និងអាចរ៉ាប់រងនឹងសម្ពាធនៅក្រោមទឹកបានជ្រៅ យ៉ាងតិចណាស់ក៏ 100 ម៉ែត្រដែរ។ ដើម្បីឲ្យមានភាពរឹងមាំ កញ្ចក់នាឡិកាដៃប្រភេទនេះ ភាគច្រើនត្រូវបានធ្វើពី ត្បូងកណ្ដៀង (Sapphire) ហើយទ្រនិច និងលេខនៅមុខនាឡិកា ភាគច្រើនមានភ្ជាប់នូវជាតិ Tritium Luminous Paint ដែលជាធាតុអាចភ្លឺនៅពេលងងឹតបាន និងអាចភ្លឺបានរហូតដល់ទៅ 15 ឆ្នាំឯណោះបើវាសុទ្ធ។ រីឯខ្សែរបស់វាវិញ ភាគច្រើនធ្វើពីជ័រ ឬស៊ីលីខូន (silicon) ហើយមានទំហំធំ អាចពាក់នៅពីលើអាវជ្រមុជទឹកបាន។ បន្ថែមពីនេះ នាឡិកាដៃប្រភេទនេះ ក៏មាននូវមុខងារអាចវាស់នូវពេលវេលា ដែលអ្នកនៅក្រោមទឹកបានផងដែរ ហើយវារាប់ពេលទៅមុខរហូតមិនរាប់មកក្រោយវិញទេ ទោះបីអ្នកទើសវាដោយចៃដន្យក៏ដោយ ដូច្នេះអ្នកអាចដឹងថាសល់អុកស៊ីសែនប៉ុន្មានពេលនៅក្រោមទឹក។
5. Racing Watch
Racing Watch គឺជាប្រភេទនាឡិកាដៃ ដែលពាក់ដោយអ្នកប្រណាំងឡាន។ លក្ខណៈពិសេសរបស់នាឡិកាដៃប្រភេទនេះ គឺការឌីហ្សាញរបស់វាមានលក្ខណៈលេចធ្លោ មានលេងនូវពណ៌ឆើតៗជាងប្រភេទនាឡិកាដៃប្រភេទផ្សេងៗទៀត ដូចជាពណ៌ក្រហម ទឹកក្រូច ខៀវ ជាដើម ហើយពេលខ្លះក៏មានដាំនូវថ្មមានតម្លៃផងដែរដូចជាត្បូង និងពេជ្រជាដើម។
ភាគច្រើនការឌីហ្សាញនៅខាងមុខនាឡិកា យើងឃើញមានមុខងារពិសេស 2 យ៉ាង គឺ Chronograph Dials ដែលជា stopwatch តូចសម្រាប់កំណត់ពេលវេលា និង Tachymeter សម្រាប់វាស់ពីរយៈពេល និងល្បឿន នៅពេលអ្នកជិះឡាន ឬម៉ូតូ ជាដើម។
សរុបមក ខាងលើនេះ គឺជាប្រភេទនាឡិកាដៃ 5 ប្រភេទ ដែលសុភាពបុរសទាំងឡាយគួរដឹង និងមាន។ សូមបញ្ជាក់ថា ទាំងនេះគឺគ្រាន់តែជាប្រភេទនាឡិកាដៃគោលតែប៉ុណ្ណោះ នៅក្នុងពិភពម៉ូដនាឡិកាដៃ គឺមានច្រើនប្រភេទទៀត ភាគច្រើន គឺជាប្រភេទកាត់គ្នារវាងប្រភេទនាឡិកាដៃខាងលើ។ បន្ថែមពីនេះ នាពេលបច្ចុប្បន្ននេះ យើងក៏មានឃើញការកើនឡើងនូវនាឡិកាដៃឆ្លាត (Smart Watches) ចូលក្នុងពិភពម៉ូដរបស់នាឡិកាដៃផងដែរ។