លក្ខណៈសម្បត្តិរបស់ស្មាត្រហ្វូនប្រណីតៗ គឺផ្ដោតខ្លាំងលើថាមពលដំណើរការដ៏មហិមា និងការឌីហ្សាញដ៏អស្ចារ្យ ដែលធ្វើឡើងតម្រូវសម្រាប់អ្នកដែលមានមុខមាត់ និងឋានៈខ្ពង់ខ្ពស់ក្នុងសង្គម។ ដូចគ្នាផងដែរ ទូស័ព្ទ Gionee ម៉ូដែល M2017 ថ្មីនេះ នឹងផ្ដោតសំខាន់ទៅលើលក្ខណៈសម្បត្តិទាំងនោះ ដើម្បីផ្ដល់ជូនអតិថិជន ដែលចង់មានស្មាត្រហ្វូនបែបហាយក្លាស ខុសប្លែកស្មាត្រហ្វូនផ្សេងៗក្នុងទីផ្សារបច្ចុប្បន្ន ហើយវាមានតម្លៃប្រហែល $1,000 ដែលឥឡូវនេះទើបតែមានលក់នៅតែក្នុងប្រទេសចិនតែមួយនោះទេ។
ទូរស័ព្ទ M2017 នេះ មានភ្ជាប់មកជាមួយថ្ម ដែលមានថាមពល 7,000 mAh (មីលីអំពែម៉ោង) ដោយប្រើប្រាស់ថ្ម 2 គ្រាប់ជាប់គ្នា (មួយៗមានថាមពល 3,500 mAh) ខណៈដែលក្នុងពេលបច្ចុប្បន្ននេះ ស្មាត្រហ្វូនភាគច្រើនអាចផ្ដល់ថាមពលថ្មបានយ៉ាងច្រើនត្រឹមតែ 3,000 mAh ប៉ុណ្ណោះ។ ទូរស័ព្ទនេះ ក៏មានភ្ជាប់មកជាមួយនឹង Snapdragon 653 processor និង RAM ទំហំ 6GB។
ចំណែកឯការឌីហ្សាញរបស់ស្មាត្រហ្វូនប្រណីតមួយនេះ ក៏មានភាពអស្ចារ្យសមនឹងតម្លៃរបស់វាដែរ ដែលវាត្រូវបានឌីហ្សាញឡើងបែបហាយក្លាស ជាមួយនឹងគំនិតឌីហ្សាញស្រដៀងនឹងការឌីហ្សាញរបស់គ្រឿងអលង្ការ និងទូរស័ព្ទម៉ាក Vertu អីញ្ជឹងដែរ។ ស្តាយឌីហ្សាញរបស់ Gionee M2017 នេះ គឺគែមទូរស័ព្ទលើក្រោមពណ៌មាស បន្ទះមាសនៅជំុវិញកាមេរ៉ាខាងក្រោយ និងរូប icons កម្មវិធីពណ៌មាស។ បន្ថែមពីនេះ វាក៏មានអេក្រង់កោងផ្នែកគែមៗខាងឆ្វេង និងស្ដាំផងដែរ ដែលដូច Samsung Galaxy S7 edge អញ្ជឹងដែរ។
ក៏ប៉ុន្តែ អ្វីដែលគួរឲ្យស្ដាយនោះ គឺថាយើងនៅមិនទាន់ដឹងថា ទូរស័ព្ទម៉ូដែលនេះ អាចនឹងមានលក់ក្នុងទីផ្សារពិភពលោក ក្រៅពីប្រទេសចិននៅពេលណានោះទេ ហើយយើងក៏មិនទាន់ច្បាស់ដែរថា វានឹងមានភ្ជាប់មកជាមួយនឹងប្រព័ន្ធដំណើរការអ្វីឲ្យប្រាកដ។ ឥឡូវនេះ ទូរស័ព្ទ M2017 នេះ ប្រើប្រាស់ប្រព័ន្ធដំណើរ“Amigo” UI version 3.5 ដែលក្រុមហ៊ុនបានកែសម្រួលផ្ទាល់ពីលើ Android Marshmallow សម្រាប់ការប្រើក្នុងប្រទេសចិន។