MENU

វិធីសាស្ត្រក្នុងការកាត់បន្ថយនូវអារម្មណ៍ព្រួយបារម្ភ និងភ័យខ្លាច ក្នុងការប្រឈមបញ្ហា

ការភ័យខ្លាច ត្រូវបានគេចាត់ទុកថាគឺជាប្រព័ន្ធអារម្មណ៍របស់មនុស្ស ដោយវាមានមុខងារក្នុងការផ្តល់ដំណឹងឲ្យយើងបានដឹងអំពីគ្រោះថ្នាក់ដែលនឹងមកដល់។ ប្រសិនបើយើង កំពុងតែត្រូវបានគេរុញច្រានទម្លាក់ពីលើភ្នំ តាមលក្ខណៈធម្មជាតិយើងនឹងមានអារម្មណ៍ថាមានការភ័យខ្លាច ព្រោះយើងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ ដែលនឹងធ្វើឲ្យយើងស្លាប់បាន។

untitled-design

រូបភាពពីគេហទំព័រ news.health.com

ប៉ុន្ដែ ពេលខ្លះវាជារឿងមួយដ៏ពិបាក ក្នុងការវែកញែកឲ្យដាច់ពីគ្នារវាង អារម្មណ៍ភ័យខ្លាចនឹងស្ថានភាពគ្រោះថ្នាក់ ដែលបានកំពុងតែកើតឡើងពិតប្រាកដ និងការព្រួយបារម្ភទៅនឹងលទ្ធភាពដែលអាចកើតមានគ្រោះថ្នាក់នៅពេលអនាគត។ សម្រាប់មនុស្សមួយចំនួន អារម្មណ៍ភ័យខ្លាចបានក្លាយទៅជាការឆ្លើយតបដោយស្វ័យប្រវត្តិ ដើម្បីការពារពួកគេ នៅពេលដែលពួកគេកំពុងតែជួបប្រទះនូវស្ថានភាពថ្មី ឬចម្លែកដែលពួកគេមិនធ្លាប់បានជួបប្រទះពីមុន។ ដោយសារតែមូលហេតុដូចនេះហើយ ទើបអារម្មណ៍ភ័យខ្លាចតែងចូលមកគ្រប់គ្រងយើង នៅពេលដែលយើងស្ថិតនៅក្នុងស្ថានភាពថ្មីៗ ឬប្លែកៗ ដោយយើងតែងតែប្រាប់ខ្លួនយើងឲ្យមានការប្រុងប្រយ័ត្នជាមួយនឹងរបស់ប្លែកគ្រប់យ៉ាងនៅជុំវិញខ្លួន ដើម្បីការពារខ្លួនយើងពីគ្រោះថ្នាក់។

brave-kid-232

រូបភាពពីគេហទំព័រ news.health.com

អញ្ចឹង តើការដែលយើងតែងតែមានអារម្មណ៍ព្រួយបារម្ភ និងភ័យខ្លាច អាចផ្តល់ផលប្រយោជន៍ច្រើនប៉ុណ្ណាដល់យើង? បើតាមរយៈការសិក្សារស្រាវជ្រាវ បានបង្ហាញថា នៅពេលដែលយើងស្ថិតនៅក្នុងអារម្មណ៍ព្រួយបារម្មណ៍ ឬភ័យខ្លាច រាង្គកាយ គំនិត និងស្មារតីរបស់យើងនឹងចាប់ផ្តើមកើតអារម្មណ៍ស្ត្រេស ឬកើតមានអារម្មណ៍តានតឹង។ ក្រៅពីការអនុញ្ញាតឲ្យអារម្មណ៍ភ័យខ្លាច ដើរតួនាទីជាអ្នកដាស់តឿនស្មារតីយើងពីគ្រោះថ្នាក់នៅខាងមុខទៅ យើងអាចនឹងធ្លាក់ចូលក្រោមការគ្រប់គ្រងរបស់ការព្រួយបារម្មណ៍ និងការភ័យខ្លាចបានតែប៉ុណ្ណោះ។

ដូចនេះ ប្រសិនបើអ្នកឃើញថាខ្លួនអ្នក ជាមនុស្សដែលមានការព្រួយបារម្ភហួសហេតុពេក វិធីសាស្ត្រមួយចំនួនដែលមាននៅខាងក្រោមនេះអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ និងអាចម្ចាស់ការលើខ្លួនអ្នកបានក្នុងការធ្វើរឿងថ្មីៗ និងប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សថ្មីៗ បានយ៉ាងមានប្រសិទ្ធិភាព។

ធ្វើការដកដង្ហើមវែងៗ

ការដកដង្ហើមញាប់ៗ គឺជាអាការដំបូងដែលបង្ករឲ្យ កើតមានឡើងនូវអារម្មណ៍ព្រួយបារម្ភ និងភ័យខ្លាច។ ដូចនេះការគ្រប់គ្រងដង្ហើមរបស់អ្នកយ៉ាងមានប្រសិទ្ធិភាព អាចជួយកាត់បន្ថយនូវអារម្មណ៍ព្រួយបារម្ភ និងភ័យខ្លាចរបស់អ្នកបានមួយកំរិត។ ខ្លួនប្រាណ អារម្មណ៍ និងស្មារតីរបស់អ្នកនឹងចាប់ផ្តើមស្ងប់ នៅពេលដែលអ្នកធ្វើការដកដង្ហើមចេញក្រៅ ឲ្យបានវែងជាងការស្រូបដង្ហើមចូលក្នុង។

1415072776617

រូបភាពពីគេហទំព័រ news.health.com

សម្រួលអារម្មណ៍មុននឹងប្រឈមនឹងបញ្ហា

នៅរាល់ពេលដែលអ្នកកំពុងគិតស្មុគ ឬមានកង្វល់អំពីបញ្ហាដែលអ្នកនឹងប្រឈមនៅពេលខាងមុខ អ្នកនឹងរឹតតែមានអារម្មណ៍ព្រួយបារម្ភ និងភ័យខ្លាច ក្នុងការប្រឈមនឹងបញ្ហាទាំងនោះ។ ការគិតទៅដល់រឿងភ័យខ្លាច មុននឹងបញ្ហាមកដល់នោះ គឺមិនអាចជួយឲ្យអ្នកមានគំនិតស្រស់ស្រាយ ក្នុងការដោះស្រាយបញ្ហាទាំងអស់នោះបានទេ ផ្ទុយទៅវិញគឺវានឹងធ្វើឲ្យអ្នកកាន់តែស្ត្រេសទៅវិញទេ។ ដូចនេះរាល់មុនពេលដែលអ្នកប្រឈមនឹងបញ្ហាអ្វីមួយដែលធ្វើឲ្យអ្នកភ័យខ្លាច អ្នកគួរចាប់ផ្តើមធ្វើការសម្រួលអារម្មណ៍ ដោយប្រើប្រាស់នូវវិធីសាស្ត្រទីមួយ (ខាងលើ) បូករួមជាមួយនឹងការប្រើប្រាស់គំនិតវិជ្ជមានទៅលើរឿងដែលនឹងកើតមាននៅពេលខាងមុខ។ ធ្វើបែបនេះអ្នកនឹងមានអារម្មណ៍ស្ងប់ និងមានស្មារតីភ្លឺស្វាងក្នុងការគិតរកមធ្យោបាយសម្រាប់ដោះស្រាយបញ្ហាទាំងអស់នោះបានយ៉ាងជោគជ័យ។

why-positive-thinking-doesnt-work

រូបភាពពីគេហទំព័រ news.health.com

ប្រើប្រាស់ការស្រមើស្រមៃ

អ្នកអាចប្រើប្រាស់ការស្រមើស្រមៃ គិតដល់ទិតភាពដែលអ្នកកំពុងប្រឈមនឹងបញ្ហាដែលគួរឲ្យខ្លាចនោះ ប៉ុន្តែនៅក្នុងការស្រមើស្រមៃនេះ អ្នកត្រូវតែគិតថាអ្នកកំពុងតែស្ថិតនៅសភាពមានអារម្មណ៍ស្ងប់ មានជំនឿចិត្ត រួសរាយ មានអារម្មណ៍ស្រណុកក្នុងខ្លួន និងរឿងគ្រប់យ៉ាងកំពុងដំណើរការយ៉ាងរលូន។ ការធ្វើនូវរឿងបែបនេះ អាចជួយកែប្រែអារម្មណ៍របស់អ្នកឲ្យស្ងប់ និងរក្សារបាននូវស្ថិរភាពនៃចង្វាក់បេះដូងរបស់អ្នកឲ្យបានស្ថិតស្ថេរ ក្នុងការប្រឈមជាមួយនឹងស្ថានភាពធម្មតាមួយនៅពេលខាងមុខ ដែលធ្វើឲ្យអ្នកព្រួយបារម្ភ។

promo251999215

រូបភាពពីគេហទំព័រ news.health.com

ដូចនេះដោយសារតែ នៅពេលខ្លះអារម្មណ៍ព្រួយបារម្មណ៍ និងការភ័យខ្លាចគឺជារឿងមួយដែលមិនប្រាកដ និងមិនសមហេតុផលនោះ ការជម្នះ និងជម្រុះចោលនូវរាល់អារម្មណ៍ទាំអស់នោះ ពិតជាមានប្រយោជន៍ និងអាចជួយឲ្យយើងបានសំរេចក្នុងការធ្វើរឿងថ្មី និងការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សថ្មីៗបាន ដោយមិនមានអារម្មណ៍ពិបាក ឬតឹងតែងនោះឡើយ។ ម៉្យាងវិញទៀត ការភ័យខ្លាចដែលយើងទាំងអស់គ្នាតែមាននោះ គឺកម្រប្រាប់យើងឲ្យដឹងអំពីគ្រោះថ្នាក់ដែលអាចកើតមានយ៉ាងពិតប្រាកដណាស់។ការយកឈ្នះនូវអារម្មណ៍ព្រួយបារម្ភ និងភ័យខ្លាចនឹងផ្តល់ឲ្យអ្នកនូវសមត្ថភាពពិសេស នៅក្នុងជីវិត ដើម្បីផ្តោតទៅលើអ្វីដែលអ្នកចង់ធ្វើ និងឈានទៅដល់គោលដៅដែលអ្នកចង់ទៅ។ ថ្វីបើការធ្វើបែបនេះទាមទារនូវការខិតខំយ៉ាងខ្លាំងក៏ពិតមែន ប៉ុន្តែវាពិតជាអាចជួយអ្នកបានយ៉ាងមានប្រសិទ្ធិភាព។

 

Comments Off on វិធីសាស្ត្រក្នុងការកាត់បន្ថយនូវអារម្មណ៍ព្រួយបារម្ភ និងភ័យខ្លាច ក្នុងការប្រឈមបញ្ហា សង្គម, សុខភាព

Comments are closed.

យោបល់របស់អ្នកអាន