កោះរុងសន្លឹម គឺជាកោះមួយរបស់ប្រទេសកម្ពុជា ដែលមានទំហំ 24 គីឡូម៉ែត្រការេ មានចំងាយ ពីក្រុងព្រះសីហនុ ទៅ ប្រហែល 25គីឡូម៉ែត្រ។ កោះរុងសន្លឹម មិនមែនជាកោះរុង នោះទេ មនុស្សភាគច្រើនតែងតែច្រលំ កោះរុង ជាមួយនឹង កោះរុងសន្លឹម។ កោះទាំងពីរនេះឃ្លាតពីគ្នា ចំងាយ ឆ្ងាយបន្តិចដែរ ប៉ុន្តែអ្នកបើកបរទូកនៅទីនោះគេតែងតែ ជិះទៅមកជាប្រចាំ។ កោះនេះត្រូវបានគេដាក់ឈ្មោះនៅសតវត្សទី 19 ប្រជាជនដែលរស់នៅទីនោះគឺ តិចតួចបំផុត ភាគច្រើនគឺជនបរទេស។
កោះរុងសន្លឹម មានសភាព ស្ងប់ស្ងាត់ ជាង កោះរុង, នៅទីនោះមិនសូវមានផ្ទះប្រជាជននោះទេ ភាគច្រើនគឺតំបន់ទេសចរណ៍ និង កន្លែងស្នាក់នៅ ដែលមានជា កញ្ចុះតូចៗ ជាបន្ទប់តូចៗ។ ឥឡូវនេះគេចាប់ផ្តើម ទៅធ្វើការអភិវឌ្ឍន៍បន្តិចបន្តួចហើយ ដូចជាមានការសាងសង់នូវសណ្ឋាគារធំ ប៉ុន្តែតំលៃរៀងថ្លៃបន្តិច សំរាប់អ្នកដែលមានជីវភាព មធ្យម។ នៅពេលដែលខ្ញុំទៅ គឺខ្ញុំបានស្នាក់នៅ Sun island Eco village នៅក្នុងកញ្ចុះតូចៗនោះ អាចមានគ្រែ 2-3 តាមដែលអ្នកចង់បាន និង មានកូនកង្ហាតូចៗ ល្មមអាចធ្វើអោយអ្នក ល្ហើយបានគេងលក់ស្រួល និង អំពូលភ្លើងតូចៗ ព្រោះទីនោះមិនមានភ្លើងគ្រប់គ្រាន់សំរាប់ម៉ាស៊ីនត្រជាក់ធំៗ ឬ កង្ហាធំៗនោះទេ (និយាយទៅបើសិនជាទៅជាគូដែលទើបតែរៀបការថ្មីថ្មោងគឺ រូមេនតិច តែម្តង ការពិត)។ បើសិនជាអ្នកចង់បានកន្លែងដែលមានម៉ាស៊ីនត្រជាក់ អ្នកអាចទៅសួរមើលនៅសណ្ឋាគារ ផ្សេងៗបាន។ អ្នកអាចទាក់ទងបានចំពោះកន្លែងស្នាក់នៅតាមរយៈ គេហទំព័រ នេះ ។
ចំណែកឯឆ្នេរសមុទ្ររបស់វាគឺមានទឹកថ្លាឈ្វង់ មើលឃើញដល់បាតសមុទ្រគ្រប់ដណ្តប់ដោយខ្សាច់ស ទេសភាពត្រជាក់ភ្នែក ទោះជាមេឃក្តៅយ៉ាងណា ក៏មានខ្យល់សមុទ្របរិសុទ្ធជួយទប់អារម្មណ៍អោយសប្បាយផងដែរ។ នៅតាមឆ្នេរកោះរុងសន្លឹម មិនសូវមាន ជនជាតិខ្មែរទៅនោះទេ សុទ្ធតែជាជនបរទេស ដែលគេមកកំសាន្ត និង មកគេងហាលថ្ងៃ។ ម៉្យាងវិញទៀត ទោះជាអ្នកទៅកោះ អ្នកក៏អាចមុជទឹកជ្រោះនៃភ្នំបានដែរ ព្រោះនៅលើកោះនោះមានទឹកជ្រោះដែលត្រជាក់ ហូរចុះមកចូលក្នុងអាងរបស់ resort មួយ តែអ្នកអាចចូលលេងបានដោយគ្មានការគិតលុយ និយាយទៅងើបពីទឹកប្រៃ ចូល ទឹកសាប។
បន្ទាប់ពីកន្លែងស្នាក់នៅ និង ឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត តែមានអ្វីទៀតទៅ? អ្នកអាចជួលទូកតូចៗ សំរាប់ទៅស្ទូចត្រីជាក្រុម អ្នកធ្លាប់ស្ទូចត្រីទឹកសាបឬទេ? ចាំយូរណាស់មែនទេ? កុំបារម្ភ ទោះជាអ្នកមិនចេះស្ទូច ក៏អាចស្ទូចបានត្រីដែល អោយតែដាក់ទៅ ដឹងតែបានតែម្តង ព្រោះខ្ញុំក៏មិនចេះស្ទូចដែរ តែអាចស្ទូចបានសំរាប់បាយ ថ្ងៃមួយពេល ការស្ទូចត្រីទឹកប្រៃមិនដូចទឹកសាបនោះទេ ហើយសាច់ត្រីរបស់វា ក៏ផ្អែមឆ្ងាញ់ជាងសាច់ត្រីធម្មតា។ ក្រៅពីស្ទូចត្រីអ្នកអាចអោយគេជួយជូនទៅមើលផ្កាថ្ម ដោយខ្លួនឯងផ្ទាល់ និង ជូនទៅឆ្នេរផ្សេងៗទៀត នៅលើកោះរុងសន្លឹមនោះ។ ការមើលផ្កាថ្ម អ្នកអាចពាក់ត្រឹមតែអាវពោងធម្មតាមើលរាក់ ឬ ពាក់បំពង់អុកស៊ីស្សែន សំរាប់មើលជ្រៅៗ។
សំរាប់អាហារដែលអ្នកបរិភោគ អ្នកអាចទិញនៅទីនោះ ដែលជាហាងបរទេស ឬ អ្នកអាចធ្វើពីផ្ទះដាក់ទូរទឹកកក ទុកយកទៅលើកោះនោះក៏បាន សំរាប់ពួកខ្ញុំ គឺ មីកំពុង សំរាប់អាហារពេលព្រឹក ស្ទូចត្រីគឺជាបាយថ្ងៃ និង ពេលល្ងាចគឺ BBQ សាច់ផ្សេងៗ បើសិនអ្នកចង់ឆ្អែតហើយអស់តិច ប៉ុន្តែអ្នកត្រូវយកឥវ៉ាន់ទៅច្រើនបន្តិច។
អ្នកដែលចង់ធ្វើដំនើរទៅលេងកោះរុងសន្លឹម អ្នកអាចជិះរថយន្តក្រុង ម្នាក់ប្រហែល 10$ ទៅមក នៅពេលដែលអ្នកទៅដល់ក្រុងព្រះសីហនុ អ្នកចេញទៅដល់ផែ អ្នកអាចទិញសំបុត្រទូក សំរាប់ទូកលឿន(45នាទី) 30$ ទៅមក ឬ ទូកយឺត(2ទៅ 3ម៉ោង) 20$ ទៅមក។ ការបរិភោគមិនសូវជាចំនាយច្រើនទេបើអ្នកយករបស់ទៅ ឬ ទៅមានគ្នាច្រើន។ បើសិនជាអ្នកទៅគ្នាច្រើន អ្នកអាចជួលទូកតូចសំរាប់លំហែកាយលើ ផ្ទៃសមុទ្រ មួយថ្ងៃពេញ តំលៃប្រហាក់ប្រហែល 100$ អ្នកអាចស្ទូចត្រី អ្នកអាចមុជទឹក អ្នកអាចដើរលេងសមុទ្រ។
ការធ្វើទេសចណ៍នៅលើកោះរុងសន្លឹមពិតជាមានភាពសប្បាយជាខ្លាំង ជាពិសេសក្រោយពេលដែលអ្នកធ្វើការនឿយហត់ខ្លាំង ឬស្ត្រេសខ្លាំង ហើយខ្យល់ក៏បរិសុទ្ធជាង នៅក្រុងព្រះសីហនុ។ អ្នកគួរតែទៅឥឡូវនេះ នៅពេលដែលមិនទាន់មានគេទៅច្រើន អ្នកអាចនឹងឃើញឋានសួគ៌ពិតៗនៅលើផែនដីយើងនេះ។