MENU

ដំណើរការផ្សេងៗគ្នារបស់ Dual Cameras ក្នុង iPhone 7 Plus, Huawei P9 និង LG G5

ក្នុងឆ្នាំ 2016 នេះ យើងឃើញមានក្រុមហ៊ុនទូរស័ព្ទធំៗចំនួន 3 ដែលបានចេញទូរស័ព្ទភ្ជាប់មកជាមួយនឹងកាមេរ៉ា 2 ជាប់គ្នា (Dual Cameras) ដែលមានដូចជា iPhone 7 Plus, Huawei P9 និង LG G5។ ហើយអ្វី ដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះ ប្រព័ន្ធ Dual Camera របស់ទូរស័ព្ទទាំង 3 នោះ គឺមានដំណើរការផ្សេងៗគ្នា ដើម្បីផលិតបាននូវរូបភាព និងវីដេអូ ដែលមានគុណភាពល្អ។ បើសិនជាអ្នក មិនទាន់ច្បាស់ពីដំណើរការរបស់ Dual Camera ក្នុងទូរស័ព្ទទាំងបីនេះទេ ខាងក្រោមនេះគឺជាការពន្យល់ត្រួសៗពីដំណើរការរបស់កាមេរ៉ា ដែលមានក្នុងទូរស័ព្ទទាំងនោះ។

 

iPhone 7 Plus

ចំពោះ dual camera នៅក្នុង iPhone 7 Plus កាមេរ៉ាមួយគឺជាកាមេរ៉ាធម្មតាដូច iPhone ពីមុនដែរ ហើយកាមេរ៉ាមួយទៀត គឺជាកាមេរ៉ា ដែលប្រើ telephoto lens ដែលអាចធ្វើការហ្ស៊ូម (zoom) តាមកញ្ចក់បាន មិនមែនហ្ស៊ូមតាមឌីជីថលនោះទេ ដូច្នេះវាធ្វើឲ្យរូបភាពកាន់តែមានគុណភាពច្បាស់ល្អ ទោះបីជាអ្នកធ្វើការហ្ស៊ូមថតក៏ដោយ។ ហើយបច្ចេកវិទ្យាថ្មីនេះ ក៏ត្រូវបានប្រើប្រាស់ក្នុង Portrait Mode ផងដែរ ដែលវាជាមុខងារ​កាមេរ៉ាមួយរបស់ iPhone 7 Plus ដែលប្រើប្រាស់ telephoto lens នេះសម្រាប់ថត និងធ្វើឲ្យរូបភាពនៅខាងក្រោយមនុស្ស ឬរបស់ ដែលអ្នកថតមើលទៅព្រិលៗ ដូចជាប្រើប្រាស់កាមេរ៉ាអ្នកជំនាញថតអញ្ជឹងដែរ។ មុខងារមួយនេះ ទើបតែនៅជា Beta នៅឡើយ ដូច្នេះវាមិនទាន់មានភាពឥតខ្ចោះនោះទេ តែវានឹងអាចប្រសើរឡើងនៅថ្ងៃក្រោយ។

 

Huawei P9

ចំពោះ Huawei P9 វិញ វាមានកាមេរ៉ាទំហំ 12 MP (មេហ្គាផិចសែល) ចំនួន 2 នៅពីក្រោយបង្កើតដោយក្រុមហ៊ុន Leica ដែលបង្កើតជា dual camera របស់ទូរស័ព្ទនេះ ហើយកាមេរ៉ាទាំងពី មានដំណើរការជាមួយគ្នាដើម្បីចាប់យករូបភាព ដែលមានគុណភាពល្អជា HDR (high dynamic range)។ សិនស័ររបស់កាមេរ៉ាមួយ គឺម៉ូណូក្រូម (monochrome) ដែលមានសមត្ថភាពចាប់រូបភាព ស ខ្មៅ ហើយប្រើសម្រាប់ចាប់យកតែពន្លឺ និងប្រវែង។ ហើយសិនស័ររបស់កាមេរ៉ាមួយទៀត ចាប់យកពណ៌ និងពត៌មានលម្អិតនៅក្នុងរូបភាពនោះ។ វាមានមុខងារថតតែរូបសខ្មៅ ដោយប្រើប្រាស់តែសិនស័រកាមេរ៉ាម៉ូណូក្រូមបានផងដែរ ហើយអ្នកក៏អាចប្រើសិនស័រកាមេរ៉ាទាំងពីរបញ្ចូលគ្នាដើម្បីថតរូបភាពមានផ្ទៃខាងក្រោយព្រិលបានដូច Portrait Mode ក្នុងកាមេរ៉ា iPhone 7 Plus អញ្ជឹងដែរ។ អ្វីដែលខុសគ្នានោះ គឺថាជាមួយ Huawei P9 អ្នកអាចធ្វើការកែប្រែសារ៉េ focus របស់រូបភាពបាននៅក្នុងរូបភាព ដែលយើងបានថតរួចហើយនៅក្នុង Gallery។

 

LG G5

ចំពោះ dual camera របស់ទូរស័ព្ទ LG G5 វិញ វាមានសិនស័រកាមេរ៉ា 2 ដែលមានដំណើរការផ្សេងដាច់ពីគ្នា។ កាមេរ៉ាចម្បង មានសិនស័រទំហំ 16 MP (មេហ្គាផិចសែល) ដែលជាកាមេរ៉ា flagship ធម្មតារបស់ទូរស័ព្ទនេះ ហើយពិតណាស់ វាផ្ដល់នូវគុណភាពមានស្តង់ដាល្អ។ រីឯកាមេរ៉ាមួយទៀត មានទំហំ 8 MP ដែលភ្ជាប់ជាមួយនឹង wide-angle lens អាចថតបានមុំ 135° ពីមុខកាមេរ៉ា ដែលដូចទៅនឹងកាមេរ៉ាសកម្មភាព (action camera) ដូចជា Go Pro អញ្ជឹងដែរ។

 

ឥឡូវអ្នកបានដឹងពីភាពខុសគ្នារវាងដំណើរការរបស់ Dual Camera ក្នុងទូរស័ព្ទទាំង 3 ខាងលើហើយ ហើយទោះបីជាវាត្រូវបានហៅថាជា Dual Camera ដូចគ្នាមែន តែវាមិនមែនចាប់យករូបភាពតាមវិធីដូចគ្នានោះទេ។ សម្រាប់អ្នក តើអ្នកចូលចិត្តប្រព័ន្ធដំណើរការ dual camera របស់ទូរស័ព្ទមួយណា?

 

Comments Off on ដំណើរការផ្សេងៗគ្នារបស់ Dual Cameras ក្នុង iPhone 7 Plus, Huawei P9 និង LG G5 បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន