MENU

ស្បែកជើងវៃឆ្លាត (Smart Shoes) មួយចំនួន ដែលទើប ឬនឹងចេញលក់ក្នុងទីផ្សារថ្មីៗនេះ

យើងឃើញមាន smartphone, smart TV, smartwatch និងបច្ចេកវិទ្យាផ្សេងៗជាច្រើន ឥឡូវនេះសូម្បីតែស្បែកជើងរបស់យើង ក៏នឹងមានភ្ជាប់នូវបច្ចេកវិទ្យាដើម្បីធ្វើឲ្យវាឆ្លាតបានផងដែរ។ ខាងក្រោមនេះ គឺជាម៉ាកស្បែកជើងល្បីៗ ដែលពួកគេនឹងណែនាំពីស្បែកជើងឆ្លាតរបស់ពួកគេចូលក្នុងទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ។

 

1. NIKE’s HyperAdapt 1.0

ស្បែកជើង HyperAdapt 1.0 របស់ក្រុមហ៊ុន NIKE គឺជាស្បែកជើងឆ្លាត ដែលអាចចងខ្សែស្បែកជើងបានដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់នូវសិនស័រដែលមាននៅបាតស្បែកជើង ដែលវាអាចដឹងនៅពេលដែលអ្នកដាក់ជើងចូលក្នុងស្បែកជើងនោះ។ ហើយវាមានភ្ជាប់នូវប៊ូតុង 2 នៅជាប់កស្បែកជើងនោះ ដែលអ្នកអាចធ្វើការសារ៉េបន្តឹង ឬបន្ធូរខ្សែតាមចំណង់ចំណូលចិត្តរបស់អ្នកបាន។ ស្បែកជើងនេះផងដែរ គឺត្រូវបានឌីហ្សាញឡើងដោយយោងទៅតាមស្បែកជើង ដែលចងខ្សែខ្លួនឯងបាន មាននៅក្នុងរឿង “Back To The Future II”។ ជាមួយនឹងគ្រឿងអេឡិចត្រូនិច ដែលត្រូវបានដាក់ក្នុងស្បែកជើង HyperAdapt នេះ វាទាមទារឲ្យអ្នកធ្វើការសាកថ្មវា ដោយអ្នកអាចសាកថ្មមួយពេញត្រឹមតែរយៈពេល 3 ម៉ោងប៉ុណ្ណោះ ហើយអ្នកអាចប្រើវាបានដល់ទៅ 2 អាទិត្យឯណោះ។ HyperAdapt នឹងត្រូវបានដាក់លក់ក្នុងតម្លៃ $720 នៅឯសហរដ្ឋអាមេរិក។

 

2. Vixole’s Matrix shoes

vixole-app-1600

រូបភាពពី Engadget

Matrix Shoes គឺជាស្បែកជើងឆ្លាតរបស់ក្រុមហ៊ុន Vixole ដែលមានភ្ជាប់នូវអេក្រង់ LED ទន់នៅកែងស្បែកជើង ដែលអាចបង្ហាញនូវរូបផ្សេងៗ ដោយមានការបញ្ជាពី App នៅក្នុងទូរស័ព្ទស្មាតហ្វូនរបស់អ្នក។ អ្នកអាចថតរូប រួច upload ចូលក្នុង app នោះ ហើយបំលែងទៅជារូបភាព 2D ដែលអាចបង្ហាញនៅអេក្រង់ LED នៅកែងស្បែកជើងនោះបាន។ បន្ថែមពីនេះ វាក៏មានភ្ជាប់ទៅនឹង GPS ក្នុងទូរស័ព្ទរបស់អ្នក ដែលអាចប្រាប់ពីទិសផ្លូវនៅពេលអ្នកធ្វើដំណើរបានផងដែរ ដោយធ្វើឲ្យមានរំញ័រស្បែកជើងខាងស្ដាំ ឬឆ្វេង ដើម្បីផ្តល់សញ្ញាឲ្យអ្នកបត់ស្ដាំ ឬឆ្វេង។ ហើយវាក៏មានមុខងារឲ្យរូបភាពនៅលើ LED នោះ មានចលនាទៅតាមបទចំរៀង ដែលអ្នកកំពុងតែស្ដាប់ផងដែរ។ ទោះជាឥឡូវនេះ ស្បែកជើងនេះនៅជា concept នៅឡើយ ក៏ប៉ុន្តែក្រោយពីក្រុមហ៊ុន Vixole បានធ្វើយុទ្ធនាការស្តីពីស្បែកជើងនេះ យើងសង្ឃឹមថា វានឹងត្រូវបានធ្វើការដាក់លក់ក្នុងទីផ្សារពេលឆាប់ៗនេះ។

 

3. Puma’s Autodisc

puma-autodisc-2016-10-20-0-1

រូបភាពពី Engadget

ដូចគ្នានឹង HyperAdapt របស់ NIKE ដែរ ស្បែកជើង Autodisc របស់ក្រុមហ៊ុន Puma គឺជាស្បែកជើង ដែលអាចចងខ្សែដោយស្វ័យប្រវត្តិ និងត្រូវបានឌីហ្សាញឡើងតាមស្បែកជើងក្នុងរឿង “Back To The Future II”។ អ្នកក៏អាចធ្វើការសារ៉េបន្តឹង ឬបន្ធូរបានផងដែរ ដោយធ្វើការចុចប៊ូតុង ដែលមាននៅជាប់ logo របស់ Puma នៅផ្នែកខាងលើនៃស្បែកជើងនេះ។ វាក៏មានភ្ជាប់ទៅ app ក្នុងទូរស័ព្ទស្មាតហ្វូនតាមរយៈ bluetooth បានផងដែរ ដើម្បីធ្វើការសារ៉េខ្សែ និងតាមដានថាមពលថ្ម។ ហើយអ្នកអាចសាកថ្មបានដោយគ្រាន់តែដាក់ស្បែកជើងនោះនៅលើបន្ទះសាកថ្ម wireless របស់វានោះជាការស្រេច។

puma-autodisc-sneakers-close-up

រូបភាពពី Engadget

ស្បែកជើង Nike’s Autodisc នេះបច្ចុប្បន្ន គឺត្រូវបានផលិតឡើងត្រឹមតែ 50 គូ ប៉ុណ្នោះ និងត្រូវបានពាក់ដោយ Usain Bolt ដែលជាអ្នករត់ប្រណាំងជ័យលាភីក្នុងកីឡាអូឡាំពិច ហើយបើមានការចាប់អារម្មណ៍ច្រើនពីអតិថិជន យើងនឹងឃើញមានការផលិតច្រើនដើម្បីដាក់លក់ក្នុងទីផ្សារ។

 

4. ShiftWear

ស្បែកជើង ShiftWear នេះ វាមានលក្ខណៈស្រដៀងនឹង Matrix Shoes របស់ Vixole ដែរ ដោយវាមានភ្ជាប់មកជាមួយនឹងអេក្រង់ LED ទន់ ដែលអាចបញ្ចេញរូបភាពលើនោះបាននៅពេលដែលអ្នកកំពុងពាក់។ វាអាចបង្ហាញរូបភាបពណ៌បាន ហើយអ្នកអាចធ្វើការទិញ និងដោនឡោដរូបភាពឌីហ្សាញនៅក្នុង app របស់ ShiftWear បាន ដែលរូបភាពទាំងនោះត្រូវបានឌីហ្សាញឡើងដោយអ្នកឌីហ្សាញទូទាំងពិភពលោក។ ចំពោះការសាកថ្ម អ្នកគ្រាន់តែដើរ ក៏អ្នកអាចសាកថ្មបានដែរ ជាមួយនឹង WALK-N-CHARGE TECH ឬក៏អ្នកអាចដោយថ្មសាកជាមួយនឹងប្រដាប់សាករបស់វា បើសិនជាអ្នកមិនសូវបានដើរច្រើន។ ស្បែកជើងនេះ មានឲ្យអ្នកធ្វើការ Pre-Order បាននៅក្នុងវែបសាយរបស់ ShiftWear តែខ្ញុំនៅមិនទាន់ច្បាស់ថាវាត្រូវបានធ្វើការផលិតលក់ជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយទេ។

 

តើស្បែកជើង smartshoes មួយណា ដែលអ្នកពេញចិត្ត និងចង់ក្លាយជាម្ចាស់កម្មសិទ្ធិលើ នៅពេលដែលវាត្រូវបានដាក់លក់ក្នុងទីផ្សារ? សម្រាប់ខ្ញុំ ខ្ញុំពេញចិត្ត HyperAdapt របស់ NIKE និង ShiftWear ព្រោះវាជាស្ទីលឬម៉ូត ដែលខ្ញុំតែងតែពាក់ ហើយដោយមានការបន្ថែមនូវបច្ចេកវិទ្យាដែលមើលទៅ ដូចជាមកពីអនាគតទៀត វាពិតជាឡូយណាស់។

Comments Off on ស្បែកជើងវៃឆ្លាត (Smart Shoes) មួយចំនួន ដែលទើប ឬនឹងចេញលក់ក្នុងទីផ្សារថ្មីៗនេះ បច្ចេកវិទ្យា, សំលៀកបំពាក់

Comments are closed.

យោបល់របស់អ្នកអាន