MENU

របៀបក្នុងការកាត់បន្ថយការឈឺចាប់ ដែលបង្កឡើងដោយស្បែកជើងជាទីស្រលាញ់របស់អ្នក

ក្រៅពីជួយដល់ជើងរបស់យើងមិនឲ្យកខ្វក់ទៅ ស្បែកជើងក៏ជាវត្ថុមួយបង្ហាញពីភាពទាន់សម័យរបស់យើងផងដែរ។ ការជ្រើសរើសស្បែកជើង មិនមែនជារឿងមួយពិបាកនោះទេ ក៏ប៉ុន្តែវាក៏មិនមែនជារឿងមួយ ដែលងាយស្រួលខ្លាំងនោះដែរ ដោយសារមានប្រភេទស្បែកជើងមួយចំនួន ដែលយើងបានជ្រើសរើស អាចបង្កឲ្យជើងរបស់យើងឈឺចាប់បាន។

រូបភាពពីគេហទំព័រ health.com

ទោះជាយ៉ាងដូច្នេះក្តី ដោយសារតែការចូលចិត្ត និងចាំបាច់ក្នុងការប្រើប្រាស់ស្បែកជើងប្រភេទទាំងនោះ អញ្ចឹងមានពេលខ្លះទោះបីជាវាអាចធ្វើឲ្យជើងរបស់យើងឈឺ ក៏យើងត្រូវតែពាក់វាដែរ។ ដូចនេះ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួន ដែលអាចជួយការពារជើងរបស់យើងមិនឲ្យឈឺចាប់ ឬក៏អាចកាត់បន្ថយការឈឺចាប់បាន នៅរាល់ពេលដែលពាក់ស្បែកជើងជាទីស្រលាញ់របស់យើង។

 

ប្រើប្រាស់ទ្រនាប់ជ័របន្ថែមទៅក្នុងស្បែកជើង

  • ប្រសិនបើអ្នកតែងមានការឈឺចាប់នៅត្រង់បាតជើង នៅរាល់ពេលដែលអ្នកពាក់ស្បែកជើងនោះ វាមានន័យថា បាតស្បែកជើងរបស់អ្នក គឺរឹងពេកហើយ ហើយការឈឺចាប់បែបនេះ គឺតែងកើតមានឡើងសម្រាប់អ្នកដែលនិយមប្រើប្រាស់ស្បែកជើងកែងចោតខ្លាំង។

រូបភាពពីគេហទំព័រ health.com

  • ប្រើប្រាស់ជ័រស៊ីលីកូនបន្ថែមនៅត្រង់កែងជើងរបស់អ្នក អាចជួយកាត់បន្ថយសំពាធ និងការឈឺចាប់ផ្នែកបាតជើងខាងមុខរបស់អ្នកបាន តាមរយៈការធ្វើឲ្យមានតុល្យភាពនៃសំពាធ រវាងកែងជើង និងផ្នែកបាតជើងខាងមុខរបស់អ្នក។

រូបភាពពីគេហទំព័រ health.com

  • សម្រាប់អ្នកដែលតែងមានបញ្ហាឈឺនៅត្រង់ខ្នងប្រអប់ជើង មូលហេតុ គឺដោយសារតែស្បែកជើងរបស់អ្នកមានសភាពរឹងពេក ឬតូចចង្អៀតពេក ដែលវាបណ្តាលឲ្យមានភាពកកិត និងដាច់រហែកស្បែកនៅត្រង់ចំណុចនោះ។ អ្នកអាចការពារការគគិតនេះបានដោយ ការប្រើប្រាស់ជ័រទន់ ឬស្ទីកគ័រ ទៅបិតនៅក្នុងស្បែកជើង ឬក៏បិតនៅជាប់ខ្នងប្រអប់ជើងរបស់អ្នកផ្ទាល់ក៏បានដែរ។

រូបភាពពីគេហទំព័រ health.com

  • អ្នកទាំងអស់គ្នាប្រាកដជាតែងគិតថា ស្បែកជើងផ្ទាត់ គឺងាយស្រួលពាក់ និងមិនបង្កឲ្យមានការឈឺចាប់ដល់ជើងរបស់អ្នកនោះទេ។ ប៉ុន្តែមានស្បែកជើងផ្ទាត់មួយចំនួន អាចបង្កឲ្យជើងរបស់យើងឈឺចាប់បាន នៅត្រង់ចំណុចរវាងមេជើង និងម្រាមជើងកណ្តាល ដោយមូលហេតុ គឺដោយសារតែខ្សែចំពាមរបស់ស្បែកជើងមានសភាពរឹងពេក ឬក៏មុតពេក។ យើងអាចការពារ ឬកាត់បន្ថយការឈឺចាប់នេះបានតាមរយៈការបន្ថែមនូវទ្រនាប់ជ័រ មួយបន្ទះនៅត្រង់ចំណុចកណ្តាលរវាងម្រាមជើងទាំងពីរនេះ។

រូបភាពពីគេហទំព័រ health.com

 

ប្រើប្រាស់គ្រីម ឬម៉្សៅ

ជាទូទៅ ការឈឺចាប់នៅពេលពាក់ស្បែកជើង តែងកើតមានឡើងដោយសារ កើតមានពងបែក និងការកកិតរវាងស្បែកជើង ជាមួយនឹងជើងរបស់យើង។

  • អ្នកអាចរកទិញប្រភេទគ្រីមនេះនៅតាមឳសថស្ថានមួយចំនួន សម្រាប់លាបជើងរបស់អ្នក ដើម្បីជួយការពារជើងរបស់អ្នកពីភាពកកិត និងការកើតមានពងបែក។ ប៉ុន្តែប្រសិនបើជើងរបស់អ្នក ចាប់ផ្តើមកើតមានពងបែកហើយ អ្នកមិនគួរលាបវានៅត្រង់ចំណុច ដែលមានរបួសនោះទេ អ្នកគួរតែប្រើប្រាស់នូវប្រភេទបង់បិតរបួសជំនួសវិញ ដោយវាអាចជួយគ្របដណ្តប់ត្រង់បរិវេណ ដែលមានរបួស មិនឲ្យទទួលការកកិតទៀត និងការពារមិនឲ្យឆ្លងមេរោគបាន។

រូបភាពពីគេហទំព័រ health.com

  • ញើស និងជាតិសំណើម ដែលកើតមានឡើងពីការកកិត នៅក្នុងស្បែកជើង អាចបង្កឲ្យពងបែកនៅលើជើងរបស់អ្នកកាន់តែឈឺ ឬបង្កឲ្យមានក្លិន ដូចនេះ ការប្រើប្រាស់ម៉្សៅលាបខ្លួន ឬក៏ម៉្សៅកូនង៉ា មានប្រសិទ្ធភាពអាចជួយឲ្យជើងរបស់អ្នកស្ងួត និងអាចកាត់បន្ថយក្លិនជើងរបស់អ្នកបាន។

រូបភាពពីគេហទំព័រ health.com

 

Comments Off on របៀបក្នុងការកាត់បន្ថយការឈឺចាប់ ដែលបង្កឡើងដោយស្បែកជើងជាទីស្រលាញ់របស់អ្នក សុខភាព

Comments are closed.

យោបល់របស់អ្នកអាន