MENU

ចំណុចមួយចំនួនដែលអ្នកគួរពិនិត្យ មុនពេលបើកបរផ្លូវឆ្ងាយ

ការបើកបររថយន្តទៅកន្លែងធ្វើការ ឬការបើកបរនៅក្នុងក្រុងក្នុងរយៈចម្ងាយជិត គឺជារឿងមួយសាមញ្ញ និងជាសកម្មភាពប្រចាំថ្ងៃមួយរបស់អ្នកដែលមានរថយន្ត។ ដោយលែកសម្រាប់ការបើកបរក្នុងរយៈចម្ងាយឆ្ងាយ ឬទៅតំបន់ដាច់ស្រយ៉ាល ទាមទារឲ្យយើងមានការយកចិត្តទុកដាក់ទៅលើរថយន្តជាងការបើកបរប្រចាំថ្ងៃ ព្រោះយើងអាចនឹងជួបប្រទះនូវបញ្ហាមួយចំនួន ប្រសិនបើយើងមិនបានរៀបចំត្រួតពិនិត្យវាឲ្យបានត្រឹមត្រូវជាមុននោះទេ។ ដូចនេះដើម្បីសម្រួលឲ្យការធ្វើដំណើររបស់យើងមានភាពរលូន និងទប់ស្កាត់មិនឲ្យជួបប្រទះនូវបញ្ហាដោយសារកត្តាយានយន្ត យើងគួរតែធ្វើការត្រួតពិនិត្យចំណុចមួយចំនួនមុននឹងចាប់ផ្តើមចេញដំណើរ៖

 

កង់រថយន្ត

គ្រោះថ្នាក់ចរាចរណ៍ ដែលកើតចេញពីកត្តាយាន្តយន្ត ភាគច្រើនបង្កឡើងពីការបែកកង់រថយន្ត។ដោយសារតែកង់រថយន្ត គឺជាចំណុចមួយដែលទទួលរងកាកកិតខ្លាំងនៅពេលបើកបរ ដូចនេះយើងទាំងអស់គ្នាចាំបាច់ត្រូវតែធ្វើការត្រួតពិនិត្យវាឲ្យបានល្អិតល្អន់ មុនពេលចេញដំណើរ។ សម្រាប់ដំណើរផ្លូវឆ្ងាយ យើងគួរតែប្រើប្រាស់នូវសម្បកកង់រថយន្តដែលមានក្រឡាកង់ល្អ មិនសឹកពេក និងមិនចាស់ពេកនោះទេ ហើយសម្ពាធខ្យល់របស់វាក៏គួរតែស្ថិតនៅក្នុងកម្រិតមួយសមរម្យ ដែលអាចឲ្យយើងងាយស្រួលបញ្ជាផងដែរ។ ក្រៅពីនេះ ប្រសិនជាអាច អ្នកគួរតែមានកង់សាគួរមួយនៅក្នុងរថយន្ត គឺរឹតតែប្រសើរ។

រូបភាពពីគេហទំព័រ edmunds.com

 

ប្រេងម៉ាស៊ីនរថយន្ត និងប្រេងហ្វ្រាំង

ម៉ាស៊ីនរថយន្តនឹងក្លាយជាក្តៅហួសកម្រិត ប្រសិនបើមិនមានប្រេងម៉ាស៊ីនគ្រប់គ្រាន់នោះទេ ហើយអ្វីដែលកាន់តែអាក្រក់ដែលនឹងអាចកើតមានឡើងនោះ គ្រឿងម៉ាស៊ីនរថយន្តនឹងទង្គិចគ្នា ដែលជាហេតុធ្វើឲ្យវារងការខូចខាតយ៉ាងខ្លាំង។ យើងអាចធ្វើការត្រួតពិនិត្យមើលកម្រិតប្រេងម៉ាស៊ីនបាននៅពេលដែលម៉ាស៊ីនរថយន្តត្រជាក់ (គួរជៀសវាងនៅពេលដែលម៉ាស៊ីនមានកំដៅក្តៅខ្លាំង) ជាមួយនឹងម៉ែត្រវាស់ប្រេងម៉ាស៊ីនដែលមានភ្ជាប់នៅនឹងធុងប្រេង។ យើងគួរធ្វើការផ្លាស់ប្តូរប្រេងម៉ាស៊ីនឲ្យបានទៀងទាត់ ជាមួយនឹងបរិមាណត្រឹមត្រូវ មិនឲ្យខ្វះ ឬហៀរពេកនោះទេ។ នៅពេលដែលអ្នកពិនិត្យឃើញថាប្រេងម៉ាស៊ីនរបស់អ្នកប្រែជារាងខ្មៅហើយ នោះមានន័យថាជិតដល់ពេលត្រូវផ្លាស់ប្តូរវាហើយ។
ចំណែកឯប្រេងហ្វ្រាំងក៏អញ្ចឹងដែរ អ្នកមិនគួរទុកឲ្យវាស្ថិតនៅក្រោមចំណុចក្រឹតតិចបំផុតនោះទេ ហើយពណ៌របស់វាក៏មិនគួរខ្មៅខ្លាំងពេកដែរ។

រូបភាពពីគេហទំព័រ edmunds.com

 

ធុងទឹកកំដៅរថយន្ត និងសាប៊ូផ្លឹតទឹក

ធុងទឹកកំដៅរថយន្តមានផ្ទុកទៅដោយសារធាតុរ៉ាវម៉្យាង ដែលគេហៅថា Coolant វាមានតួនាទីក្នុងការរក្សាកំដៅរថយន្តរបស់យើងមិនឲ្យក្តៅពេក ឬត្រជាក់ពេក។ មិនចាំបាច់ទាល់តែចេញភ្លើងសញ្ញាធុងទឹកមកទើបអ្នកអាចផ្លាស់ប្តូរវានោះទេ ជាធម្មតាសារធាតុរ៉ាវនៅក្នុងធុងទឹកនេះ គឺមានពណ៌ខៀវ ឬបៃតង អ្នកអាចដឹងពីពេលវេលាដែលត្រូវផ្លាស់ប្តូរទឹក Coolant នេះ នៅពេលដែលវាប្រែទៅជាល្អក់ ឬខាប់ខ្លាំង។ សម្រាប់សាប៊ូផ្លឹតទឹកវិញ យើងក៏ចាំបាច់ត្រូវតែពិនិត្យវាដែរ ព្រោះថាទឹកសាប៊ូប្រភេទនេះជួយឲ្យសំអាតកញ្ចក់រថយន្តរបស់យើងមិនស្រអាប់នៅពេលដែលយើងប្រើប្រាស់ផ្លឹតទឹក។

រូបភាពពីគេហទំព័រ edmunds.com

 

អាគុយរថយន្ត

ប្រសិនបើអ្នកចាប់អារម្មណ៍ថាអាគុយរថយន្តរបស់អ្នកចាប់ផ្តើមខ្សោយ ឬពិបាកក្នុងការបញ្ឆេះហើយ អ្នកគួរតែធ្វើពិនិត្យ និងផ្លាស់ប្តូរអាគុយថ្មី មុននឹងចាប់ផ្តើមធ្វើការបើកបរទៅផ្លូវឆ្ងាយ ដើម្បីជៀសវាងជួបប្រទះនូវបញ្ហាបញ្ឆេះរថយន្តមិនដំណើរការនៅកណ្ដាលផ្លូវដាច់ស្រយ៉ាល់។

រូបភាពពីគេហទំព័រ edmunds.com

 

ប្រព័ន្ធហ្វ្រាំង និងស្បែកហ្វ្រាំង

អ្នកគួរតែផ្លាស់ប្តូរស្បែកហ្វ្រាំងរថយន្តថ្មី នៅពេលដែលអ្នកចាប់ផ្តើមឮសម្លេងកកិតចេញពីហ្វ្រាំងរថយន្តរបស់អ្នក។ ការត្រួតពិិនិត្យស្បែកហ្វ្រាំងរថយន្តឲ្យបានត្រឹមត្រូវ និងទៀងទាត់ មិនត្រឹមតែអាចជួយឲ្យអ្នកជៀសផុតពីការខូចខាតផ្នែកហ្វ្រាំងរថយន្តតែប៉ុណ្ណោះទេ អ្វីដែលសំខាន់នោះគឺវាអាចជួយឲ្យអ្នកជៀសផុតពីគ្រោះថ្នាក់ដែលបណ្តាលមកពីបញ្ហាហ្វ្រាំងចាប់មិនជាប់ផងដែរ។

រូបភាពពីគេហទំព័រ edmunds.com

 

ម៉ាស៊ីនត្រជាក់

ពិតណាស់សម្រាប់តំបន់ដែលក្តៅដូចជាប្រទេសយើងនេះ ម៉ាស៊ីនត្រជាក់គឺជាមុខងារមួយដ៏ចាំបាច់មិនអាចខ្វះបាននោះទេ។ អ្នកគួរតែចាប់អារម្មណ៍នៅពេលដែលម៉ាស៊ីនត្រជាក់របស់អ្នក ចាប់ផ្តើមប្រែជាមិនសូវត្រជាក់ ដូចនេះការត្រួតពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់ និងការបញ្ចូលហ្គាសម៉ាស៊ីនត្រជាក់បន្ថែមគឺជារឿងមួយចាំបាច់ ប្រសិនបើអ្នកមិនចង់ជួបប្រទះបញ្ហាបែកញើសនៅពេលធ្វើដំណើរផ្លូវឆ្ងាយនោះទេ។

រូបភាពពីគេហទំព័រ edmunds.com

 

ប្រព័ន្ធភ្លើងរថយន្ត

អ្នកត្រូវត្រួតពិនិត្យរាល់ប្រព័ន្ធភ្លើងរថយន្តរបស់អ្នក ដើម្បីឲ្យច្បាស់ថាមុខងារទាំងអស់របស់វាដំណើរការបានត្រឹមត្រូវ ដូចជាចង្កៀងបំភ្លឺផ្លូវ ភ្លើងស៊ីញ៉ូបត់ ភ្លើងដឺមី ភ្លើងសុំផ្លូវ និងភ្លើងស្តុបខាងក្រោយជាដើម។ បន្ទាប់ពីបានឆែកប្រព័ន្ធភ្លើងបំភ្លឺផ្លូវរួចរាល់ហើយ អ្នកក៏គួរពិនិត្យឲ្យច្បាស់ផងដែរ ថារាល់មុខងារអេឡិចត្រូនិចផ្សេងៗទៀតក៏ដំណើរការបានត្រឹមត្រូវដូចគ្នា ដូចជាកូនសោរស្មាត្រឃី ប៊ូតុងបញ្ជាកញ្ចក់ ស៊ីភ្លេរថយន្ត ផ្លឹតទឹក -ល-។

រូបភាពពីគេហទំព័រ edmunds.com

 

 

Comments Off on ចំណុចមួយចំនួនដែលអ្នកគួរពិនិត្យ មុនពេលបើកបរផ្លូវឆ្ងាយ យានយន្ត, សង្គម

Comments are closed.

យោបល់របស់អ្នកអាន