សម្រាប់មនុស្សភាគច្រើន ជាពិសេសអ្នកដែលធ្វើការ ការផឹកកាហ្វេជារៀងរាល់ថ្ងៃ គឺក្លាយទៅជាទម្លាប់ប្រចាំថ្ងៃ ដែលមិនអាចខានបានទៅហើយ។ អ្នកខ្លះ គិតថាកាហ្វេជាសារធាតុញៀនសម្រាប់ពួកគេ ព្រោះពួកគេមិនអាចចាប់ផ្ដើមការងាររបស់ពួកបាននោះទេ ប្រសិនបើមិនបានផឹកកាហ្វេ។ ការពិតទៅ កាហ្វេមានផលសម្បត្តិ និងផលវិបត្តិរបស់វា ហើយទទួលវាច្រើនជ្រុលពេកក៏មិនល្អសម្រាប់សុខភាពយើងដែរ។ (អ្នកអាចស្វែងយល់ពីប្រភេទកាហ្វេផ្សេងៗដោយ ចុចទីនេះ)។ ខាងក្រោមនេះ គឺជាវិធី 10 យ៉ាង ដែលអ្នកអាចធ្វើបាន ដើម្បីចាប់ផ្ដើមជីវិតការងារប្រចាំថ្ងៃរបស់អ្នក ដោយមិនចាំបាច់ពឹងផ្អែកលើកាហ្វេនោះទេ។
1. ធ្វើចលនា
ការធ្វើចលនាខ្លួនប្រាណរបស់យើង អាចជួយឲ្យឈាមរបស់យើងដើរស្រួល សូមកុំអង្គុយនៅតែមួយកន្លែងច្រើនម៉ោងពេក។ ការធ្វើការពុតខ្លួននៅពេលព្រឹក ឬក្នុងចន្លោះពេលអង្គុយរយៈពេលយូរ អាចជួយឲ្យខ្លួនប្រាណរបស់អ្នកមានភាពសកម្ម មិនស្ពឹក និងអាចជួយឲ្យអ្នកធ្វើសកម្មភាពផ្សេងៗបានលះល្អ។ មានវីធីពុតខ្លួនជាច្រើន ដែលអ្នកអាចធ្វើតាម នៅក្នុងអ៊ីនធឺណេត ហើយការធ្វើលំហាត់ប្រាណយ៉ូហ្គា (yoga) ក៏ជាជម្រើសមួយដែរ។
2. ញាំុផ្លែប៉ោម
ផ្លែប៉ោម មានផលប្រយោជន៍ជាច្រើនសម្រាប់សុខភាពយើង ហើយក្នុងពាក្យស្លោកអង់គ្លេសក៏បាននិយាយពីវាដែរ៖ “An apple a day keeps the doctor away” (បកប្រែ៖ ញាំុផ្លែប៉ោមមួយក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយការទៅជួបដុកទ័រដោយសារជម្ងឺផ្សេងៗបាន)។ ទោះបីជាផ្លែប៉ោម មិនមានឥទ្ធិពលខ្លាំងអាចធ្វើឲ្យអ្នកចាប់ផ្ដើមកាងាររៀងរាល់ព្រឹកបានដូចកាហ្វេ តែវាក៏មានជាតិស្ករធម្មជាតិ ដែលគ្រប់គ្រាន់ល្មមសម្រាប់អ្នកផងដែរ។ អ្នកក៏អាចទទួលបានផលប្រយោជន៍នេះនៅក្នុងផ្លែឈើផ្សេងៗទៀតដូចជា ផ្លែចេក និងផ្លែក្រូច បានផងដែរ។
3. ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណដ៏សាមញ្ញ ដូចជាការរត់ពេលព្រលឹមឡើង ក៏អាចចាប់ផ្ដើមថ្ងៃរបស់អ្នកបានយ៉ាងល្អដែរ ប្រសិនបើអ្នកមិនសូវចង់ ឬមិនចេះធ្វើយ៉ូហ្គា។ វាគឺជាលំហាត់ប្រាណ ដែលអាចធ្វើឲ្យខ្លួនប្រាណរបស់អ្នកបញ្ចេញនូវសារធាតុម្យ៉ាងឈ្មោះ endorphins ដែលជាសារធាតុជួយឲ្យអ្នកមានអារម្មណ៍ល្អ ដូច្នេះវាល្អបំផុតសម្រាប់ការចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក។
4. ការដើរ
បើសិនជាអ្នកមិនចង់ពាក់ស្បែកជើងកីឡា និងធ្វើការរត់នោះទេ គ្រាន់តែធ្វើការដើរធម្មតាៗនៅពេលព្រលឹមឡើងក៏អាចជួយឲ្យអ្នកចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នកបានយ៉ាងស្រស់ស្រាយផងដែរ ជាពិសេសនៅថ្ងៃ ដែលមានពន្លឺព្រះអាទិត្យរះចំ។ ខ្យល់បរិសុទ្ធ និងពន្លឺថ្ងៃពេលព្រឹកព្រលឹម គឺជាអ្វីដែលត្រូវការដើម្បីចាប់ផ្ដើមការងារប្រចាំថ្ងៃរបស់អ្នក។
5. ងូតទឹកត្រជាក់
បើសិនជាអ្នកជាប្រភេទមនុស្សចូលចិត្តចាប់ផ្តើមធ្វើការភ្លាមពេលព្រលឹមឡើង ការងូតទឹកត្រជាក់អាចជួយចាប់ផ្ដើមថ្ងៃរបស់អ្នកបានល្អប្រសើរជាងកាហ្វេទៅទៀត ហើយក៏បានលឿនជាងផងដែរ។ ការងូតទឹកត្រជាក់ អាចជួយកាត់បន្ថយអារម្មណ៍តានតឹង និងអាចជួយឲ្យអ្នកមានការប្រុងអារម្មណ៍ខ្ពស់ ជាពិសេសនៅពេលព្រលឹមឡើង។
6. ផឹកទឹកត្រជាក់
បើសិនជាអ្នកមិនចង់ង៉ូតទឹកពេលព្រលឹមនោះទេ ការផឹកទឹកត្រជាក់ក៏អាចជួយបានដូចគ្នា។ វាអាចជួយជំរុញលំហូរនៃឈាមទៅកាន់ខួរក្បាល និងជំរុញឲ្យមានការបញ្ចេញនូវអ័រម៉ូន adrenaline ដែលអាចជួយឲ្យអ្នកមានភាពប្រុងអារម្មណ៍ខ្លាំងជាងធម្មតាបាន។
7. ផឹកតែក្តៅ
បើសិនជាទឹកត្រជាក់ មិនមែនជាអ្វីដែលអ្នកចូលចិត្តនៅពេលព្រលឹមឡើង អ្នកក៏អាចផឹកតែក្ដៅបានផងដែរ។ តែ ក៏មានផ្ទុកនូវជាតិកាហ្វេអ៊ីន (caffeine) ដូចកាហ្វេផងដែរ ក៏ប៉ុន្តែមានបរិមាណតិចជាង ដូច្នេះវាក៏អាចប្រើសម្រាប់ចាប់ផ្ដើមថ្ងៃរបស់អ្នកបានដែរ។ តែក្ដៅ ក៏មានផលប្រយោជន៍ផ្សេងទៀតផងដែរ ដូចជាជួយបន្ថយសម្ពាធឈាមជាដើម។
8. ហៅទូរស័ព្ទទៅម្តាយរបស់អ្នកបើអ្នកមិននៅជាមួយគាត់
ត្រឹមត្រូវណាស់ សម្រាប់យើងទាំងអស់គ្នាភាគច្រើន គ្មានអ្វីលើលោកនេះល្អជាងសម្លេងរបស់មាតារបស់អ្នកនោះទេ។ វាជាសម្លេង ដែលយើងទាំងអស់គ្នាស្ដាប់តាំងពីតូចមក ដោយគាត់តែងតែហៅយើងញាំុបាយ ដាស់យើងឲ្យងើបទៅសាលា និងជេស្ដីបន្ទោសយើងជាដើម។ ដូច្នេះ សម្លេងរបស់មាតារបស់យើង គឺអាចជួយឲ្យអ្នកចាប់ផ្ដើមថ្ងៃរបស់អ្នកបានយ៉ាងល្អ ជាពិសេសប្រសិនជាអ្នកមិនរស់នៅជាមួយគាត់។ យោងតាមការសិក្សាមួយ បានឲ្យដឹងថា ការស្ដាប់សម្លេងមាតារបស់អ្នក អាចជួយកាត់បន្ថយភាពស្មុគ្រស្មាញបាន។
9. ធ្វើការម៉ាស្សា
មិនមែនមនុស្សទាំងអស់សុទ្ធតែមានដៃគូ ដែលចាំជួយធ្វើម៉ាស្សារៀងរាល់ព្រឹកទាំងអស់នោះទេ ហើយបើសិនជាអ្នកនៅតែម្នាក់ឯង អ្នកក៏អាចធ្វើវាបានដោយខ្លួនឯងផងដែរ។ ចំណាយពេល 2-3 នាទី ដោយធ្វើការចុច ឬសង្កត់លើចំណុចជីបចរចម្បងលើខ្លួនរបស់អ្នក ដើម្បីធ្វើការជំរុញថាមពលរបស់អ្នក។
10. ស្ដាប់ចម្រៀង
ធ្វើការស្ដាប់ចម្រៀងពេលព្រលឹមឡើង ក៏អាចជួយចាប់ផ្ដើមថ្ងៃរបស់អ្នក និងជួយតម្លើងថាមពល ដើម្បីធ្វើការងាររបស់អ្នកបានដែរ ជាពិសេសចម្រៀង ដែលមានចង្វាក់លឿនៗ។ តែកុំស្ដាប់លឺខ្លាំងពេក ព្រោះវាអាចធ្វើឲ្យអ្នកថ្លង់បាន។