MENU

មូលហេតុបង្កឲ្យរថយន្តឆាបឆេះ និងវិធីបង្ការ

បញ្ហាភ្លើងឆេះ ឬអគ្គីភ័យ គឺជាបញ្ហាមួយដ៏ធំ ដោយនៅពេលដែលវាកើតឡើង វាតែងបង្កឲ្យមានការខូចខាតយ៉ាងច្រើន ទាំងទ្រព្យសម្បត្តិ និងអាយុជីវិត។ ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ននោះទេ​ វាអាចកើតមានឡើងគ្រប់ពេល និងគ្រប់ទីកន្លែង មិនថាទោះជានៅផ្ទះ ឬក៏នៅក្នុងរថយន្តក៏ដោយ។

បើយើងប្រៀបធៀបរថយន្ត ទៅនឹងផ្ទះ យើងអាចនិយាយបានថារថយន្តងាយនឹងទទួលរងការឆាបឆេះ ជាងផ្ទះទៅទៀត នោះគឺដោយសារតែនៅក្នុងរថយន្តសំបូរទៅដោយខ្សែរភ្លើង ដែលមានចរន្ត និងគ្រឿងដែលផ្ទុកទៅដោយប្រេង និងសាំង ម៉្លោះហើយ មានពេលខ្លះទោះបីជាគ្រឿងតូចតាចនៅក្នុងរថយន្ត ដូចជាអំពូលជាដើម ក៏អាចបង្កឲ្យមានភ្លើងឆាបឆេះផងដែរ។ សម្រាប់ខាងក្រោមនេះគឺជាមូលហេតុ ដែលអាចបង្កឲ្យមានភ្លើងឆាបឆេះរថយន្ត៖

 

ការប៉ះទង្គិចធ្ងន់ធ្ងរ

ការប៉ះទង្គិចគ្នាធ្ងន់ធ្ងរនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុមួយដែលតែងតែបណ្តាលឲ្យមានការឆេះ ឬផ្ទុះរថយន្ត។ ទាំងអស់នេះ គឺដោយសារតែនៅពេលរថយន្តទទួលសំពាធខ្លាំងក្លាពីការប៉ះទង្គិចគ្នា វាអាចនឹងធ្វើឲ្យមានការលេចធ្លាយធុងសាំង ឬក៏ដាច់ខ្សែរភ្លើង ដែលវាអាចបង្កឲ្យមានជាអគ្គីភ័យតែម្តង។

រូបភាពពីគេហទំព័រ edmunds.com

 

ការលេចប្រេង ឬបញ្ហាឆ្លងចរន្តភ្លើង

អគ្គីភ័យនឹងកើតមានឡើង នៅពេលដែលយើងយកប្រេង ឬសាំង មកបូកជាមួយនឹងផ្កាភ្លើង ឬចរន្តភ្លើង។ បញ្ហាលេចធ្លាយប្រេង ឬបញ្ហាឆ្លងចរន្តភ្លើង គឺជារឿងមួយដែលតែងកើតមានជាញ៉ឹកញ៉យទៅលើរថយន្ត ដោយបញ្ហាទាំងនេះអាចកើតមានឡើងដោយសារអាយុការរបស់រថយន្ត ការមិនបានថែរក្សាររថយន្តឲ្យត្រឹមត្រូវ ការកែច្នៃរថយន្តឲ្យខុសពីស្តង់ដា ឬក៏បណ្តាលមកពីបញ្ហាខុសបច្ចេកទេសផ្សេងទៀតជាដើម។ មានករណីមួយចំនួនធំនៃការឆេះរថយន្ត សុទ្ធតែបណ្តាលមកពីការលេចប្រេង និងបញ្ហាឆ្លងចរន្តភ្លើងនេះតែម្តង។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

 

ការកើនកំដៅហួសហេតុរបស់សម្បកស៊ីម៉ាំង Catalytic Converters

រាល់ពេលដែលរថយន្តចាប់ផ្តើមដំណើរការ ប្រព័ន្ធស៊ីម៉ាំងរបស់រថយន្តក៏ចាប់ផ្តើមបង្កើនកំដៅ ក្តៅទៅៗដូចគ្នា។ នៅពេលដែលរថយន្តរបស់អ្នកមានអាយុកាលចាស់ពេក ឬក៏ធ្លាប់ត្រូវបានកែច្នៃខុសបច្ចេកទេស នៅត្រង់ចំណុចមួយចំនួនដូចជាបាតក្រោមរថយន្ត និងកាងអាចត្រូវបានរលាយ និងឆាបឆេះដោយសារកំដៅសម្បកស៊ីម៉ាំង Catalytic Converters នេះ ដែលវាអាចបង្កជាគ្រោះអគ្គីភ័យដល់រថយន្តរបស់អ្នកផងដែរ។

រូបភាពពីគេហទំព័រ edmunds.com

 

ការកើនឡើងហួសកម្រឹតនៃកំដៅរថយន្ត

តើអ្នកធ្លាប់ដែលចាប់អារម្មណ៍ទៅលើនាឡិការកំដៅរថយន្តដែរឬទេ? នៅពេលដែលម៉ាស៊ីនរថយន្តមានកំដៅខ្លាំងហួសកម្រឹតនោះ វាអាចធ្វើឲ្យសារធាតុរាវមួយចំនួន​នៅក្នុងរថយន្ត ដូចជាទឹករក្សារកំដៅរថយន្ត ចាប់ផ្តើមពុះក្តៅខ្លាំង ហើយលេចចេញមកក្រៅ។ ម៉្យាងទៀត ប្រសិនបើសារធាតុរាវទាំងនោះ ទៅប៉ះនឹងផ្នែកផ្សេងៗរបស់រថយន្ត វាអាចនឹងធ្វើឲ្យមានការឆាបឆេះបាន។

រូបភាពពីគេហទំព័រ edmunds.com

 

ការជក់បារីនៅក្នុងរថយន្ត

បើតាមស្តាប់ទៅ វាដូចជាមិនសូវជាគ្រោះថ្នាក់ប៉ុន្មានទេមែនទេ? ប៉ុន្តែប្រសិនបើអ្នកបានទុកចោលកន្ទុយបារី ដែលកំពុងឆេះនៅលើពូក ឬនៅលើព្រុំរថយន្ត ដោយមិនដឹងខ្លួន តើអ្នកអាចប្រាប់បានទេថានឹងមានរឿងអ្វីកើតឡើងបន្ទាប់?

រូបភាពពីគេហទំព័រ edmunds.com

 

វិធីបង្ការមិនឲ្យរថយន្តឆាបឆេះ

ភាគច្រើននៃករណីភ្លើងឆេះរថយន្ត អាចត្រូវបានទប់ស្កាត់បាន ប្រសិនម្ចាស់រថយន្តគ្រប់រូបយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ និងទៀងទាត់។ ប៉ុន្តែមិនមែនម្ចាស់រថយន្តគ្រប់រូប សុទ្ធតែមានពេលវេលា និងប្រាក់ច្រើនសម្រាប់ការត្រួតពិនិត្យឲ្យបានញ៉ឺកញាប់នោះទេ ដែលជាហេតុធ្វើឲ្យយើងអាចទុកវាចោល រហូតមានពេលខ្លះយើងអាចភ្លេចថាយើងត្រូវត្រួតពិនិត្យអ្វីខ្លះទៀតផង។

ដូចនេះ វិធីសាស្ត្រដ៏ល្អបំផុត គឺការត្រួតពិនិត្យរថយន្ត នៅរាល់ពេលផ្លាស់ប្តូរប្រេងម៉ាស៊ីន ដោយភាគច្រើននៃរថយន្ត សុទ្ធតែមានកាលវិភាគថែរក្សារ និងត្រួតពិនិត្យ រថយន្តយ៉ាងត្រឹមត្រូវពីអ្នកជំនាញរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យទៅតាមកាលវិភាគឲ្យបានទៀងទាត់ អាចជួយកាត់បន្ថយហានិភ័យទៅនឹងបញ្ហាអគ្គីភ័យ និងបញ្ហាម៉ាស៊ីរថយន្ត មួយចំនួនទៀតយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះ អ្វីដែលសំខាន់នោះ គឺយើងទាំងអស់គ្នាគួរតែយកចិត្តទុកដាក់ទៅលើនាឡីការស្ទុងកំដៅរថយន្ត ប្រសិនបើនាឡិការនេះបង្ហាញថារថយន្តរបស់អ្នកកំពុងតែក្តៅខ្លាំងពេកនោះ អ្នកមិនគួរបង្ខំបើកបរវាតទៅទៀតនោះទេ អ្នកគួរតែឈប់សម្រាកបន្តិច ដើម្បីឲ្យកំដៅរបស់ម៉ាស៊ីនថយចុះមកធម្មតាវិញ។ ហើយបើសិនជាអ្នកធ្វើដំណើរផ្លូវឆ្ងាយ អ្នកគួរតែឆែកមើលរថយន្តរបស់អ្នកឲ្យបានម៉ត់ចត់ មុននឹងចេញដំណើរ អ្នកអាចស្វែងយល់ថាតើអ្នកគួឆែកមើលអ្វីខ្លះមុននឹងចេញដំណើរផ្លូវឆ្ងាយបានក្នុងអត្ថបទមួយទៀតដោយចុច ទីនេះ

 

 

Comments Off on មូលហេតុបង្កឲ្យរថយន្តឆាបឆេះ និងវិធីបង្ការ យានយន្ត, សង្គម

Comments are closed.

យោបល់របស់អ្នកអាន