MENU

shoes
Tag Archive

3118

របៀបក្នុងការកាត់បន្ថយការឈឺចាប់ ដែលបង្កឡើងដោយស្បែកជើងជាទីស្រលាញ់របស់អ្នក

សុខភាព

05/01/2017

ក្រៅពីជួយដល់ជើងរបស់យើងមិនឲ្យកខ្វក់ទៅ ស្បែកជើងក៏ជាវត្ថុមួយបង្ហាញពីភាពទាន់សម័យរបស់យើងផងដែរ។ ការជ្រើសរើសស្បែកជើង មិនមែនជារឿងមួយពិបាកនោះទេ ក៏ប៉ុន្តែវាក៏មិនមែនជារឿងមួយ ដែលងាយស្រួលខ្លាំងនោះដែរ ដោយសារមានប្រភេទស្បែកជើងមួយចំនួន ដែលយើងបានជ្រើសរើស អាចបង្កឲ្យជើងរបស់យើងឈឺចាប់បាន។

រូបភាពពីគេហទំព័រ health.com

ទោះជាយ៉ាងដូច្នេះក្តី ដោយសារតែការចូលចិត្ត និងចាំបាច់ក្នុងការប្រើប្រាស់ស្បែកជើងប្រភេទទាំងនោះ អញ្ចឹងមានពេលខ្លះទោះបីជាវាអាចធ្វើឲ្យជើងរបស់យើងឈឺ ក៏យើងត្រូវតែពាក់វាដែរ។ ដូចនេះ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួន ដែលអាចជួយការពារជើងរបស់យើងមិនឲ្យឈឺចាប់ ឬក៏អាចកាត់បន្ថយការឈឺចាប់បាន នៅរាល់ពេលដែលពាក់ស្បែកជើងជាទីស្រលាញ់របស់យើង។

 

ប្រើប្រាស់ទ្រនាប់ជ័របន្ថែមទៅក្នុងស្បែកជើង

  • ប្រសិនបើអ្នកតែងមានការឈឺចាប់នៅត្រង់បាតជើង នៅរាល់ពេលដែលអ្នកពាក់ស្បែកជើងនោះ វាមានន័យថា បាតស្បែកជើងរបស់អ្នក គឺរឹងពេកហើយ ហើយការឈឺចាប់បែបនេះ គឺតែងកើតមានឡើងសម្រាប់អ្នកដែលនិយមប្រើប្រាស់ស្បែកជើងកែងចោតខ្លាំង។

រូបភាពពីគេហទំព័រ health.com

  • ប្រើប្រាស់ជ័រស៊ីលីកូនបន្ថែមនៅត្រង់កែងជើងរបស់អ្នក អាចជួយកាត់បន្ថយសំពាធ និងការឈឺចាប់ផ្នែកបាតជើងខាងមុខរបស់អ្នកបាន តាមរយៈការធ្វើឲ្យមានតុល្យភាពនៃសំពាធ រវាងកែងជើង និងផ្នែកបាតជើងខាងមុខរបស់អ្នក។

រូបភាពពីគេហទំព័រ health.com

  • សម្រាប់អ្នកដែលតែងមានបញ្ហាឈឺនៅត្រង់ខ្នងប្រអប់ជើង មូលហេតុ គឺដោយសារតែស្បែកជើងរបស់អ្នកមានសភាពរឹងពេក ឬតូចចង្អៀតពេក ដែលវាបណ្តាលឲ្យមានភាពកកិត និងដាច់រហែកស្បែកនៅត្រង់ចំណុចនោះ។ អ្នកអាចការពារការគគិតនេះបានដោយ ការប្រើប្រាស់ជ័រទន់ ឬស្ទីកគ័រ ទៅបិតនៅក្នុងស្បែកជើង ឬក៏បិតនៅជាប់ខ្នងប្រអប់ជើងរបស់អ្នកផ្ទាល់ក៏បានដែរ។

រូបភាពពីគេហទំព័រ health.com

  • អ្នកទាំងអស់គ្នាប្រាកដជាតែងគិតថា ស្បែកជើងផ្ទាត់ គឺងាយស្រួលពាក់ និងមិនបង្កឲ្យមានការឈឺចាប់ដល់ជើងរបស់អ្នកនោះទេ។ ប៉ុន្តែមានស្បែកជើងផ្ទាត់មួយចំនួន អាចបង្កឲ្យជើងរបស់យើងឈឺចាប់បាន នៅត្រង់ចំណុចរវាងមេជើង និងម្រាមជើងកណ្តាល ដោយមូលហេតុ គឺដោយសារតែខ្សែចំពាមរបស់ស្បែកជើងមានសភាពរឹងពេក ឬក៏មុតពេក។ យើងអាចការពារ ឬកាត់បន្ថយការឈឺចាប់នេះបានតាមរយៈការបន្ថែមនូវទ្រនាប់ជ័រ មួយបន្ទះនៅត្រង់ចំណុចកណ្តាលរវាងម្រាមជើងទាំងពីរនេះ។

រូបភាពពីគេហទំព័រ health.com

 

ប្រើប្រាស់គ្រីម ឬម៉្សៅ

ជាទូទៅ ការឈឺចាប់នៅពេលពាក់ស្បែកជើង តែងកើតមានឡើងដោយសារ កើតមានពងបែក និងការកកិតរវាងស្បែកជើង ជាមួយនឹងជើងរបស់យើង។

  • អ្នកអាចរកទិញប្រភេទគ្រីមនេះនៅតាមឳសថស្ថានមួយចំនួន សម្រាប់លាបជើងរបស់អ្នក ដើម្បីជួយការពារជើងរបស់អ្នកពីភាពកកិត និងការកើតមានពងបែក។ ប៉ុន្តែប្រសិនបើជើងរបស់អ្នក ចាប់ផ្តើមកើតមានពងបែកហើយ អ្នកមិនគួរលាបវានៅត្រង់ចំណុច ដែលមានរបួសនោះទេ អ្នកគួរតែប្រើប្រាស់នូវប្រភេទបង់បិតរបួសជំនួសវិញ ដោយវាអាចជួយគ្របដណ្តប់ត្រង់បរិវេណ ដែលមានរបួស មិនឲ្យទទួលការកកិតទៀត និងការពារមិនឲ្យឆ្លងមេរោគបាន។

រូបភាពពីគេហទំព័រ health.com

  • ញើស និងជាតិសំណើម ដែលកើតមានឡើងពីការកកិត នៅក្នុងស្បែកជើង អាចបង្កឲ្យពងបែកនៅលើជើងរបស់អ្នកកាន់តែឈឺ ឬបង្កឲ្យមានក្លិន ដូចនេះ ការប្រើប្រាស់ម៉្សៅលាបខ្លួន ឬក៏ម៉្សៅកូនង៉ា មានប្រសិទ្ធភាពអាចជួយឲ្យជើងរបស់អ្នកស្ងួត និងអាចកាត់បន្ថយក្លិនជើងរបស់អ្នកបាន។

រូបភាពពីគេហទំព័រ health.com

 

អានបន្ត

ស្បែកជើងវៃឆ្លាត (Smart Shoes) មួយចំនួន ដែលទើប ឬនឹងចេញលក់ក្នុងទីផ្សារថ្មីៗនេះ

បច្ចេកវិទ្យា, សំលៀកបំពាក់

16/11/2016

យើងឃើញមាន smartphone, smart TV, smartwatch និងបច្ចេកវិទ្យាផ្សេងៗជាច្រើន ឥឡូវនេះសូម្បីតែស្បែកជើងរបស់យើង ក៏នឹងមានភ្ជាប់នូវបច្ចេកវិទ្យាដើម្បីធ្វើឲ្យវាឆ្លាតបានផងដែរ។ ខាងក្រោមនេះ គឺជាម៉ាកស្បែកជើងល្បីៗ ដែលពួកគេនឹងណែនាំពីស្បែកជើងឆ្លាតរបស់ពួកគេចូលក្នុងទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ។

 

1. NIKE’s HyperAdapt 1.0

ស្បែកជើង HyperAdapt 1.0 របស់ក្រុមហ៊ុន NIKE គឺជាស្បែកជើងឆ្លាត ដែលអាចចងខ្សែស្បែកជើងបានដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់នូវសិនស័រដែលមាននៅបាតស្បែកជើង ដែលវាអាចដឹងនៅពេលដែលអ្នកដាក់ជើងចូលក្នុងស្បែកជើងនោះ។ ហើយវាមានភ្ជាប់នូវប៊ូតុង 2 នៅជាប់កស្បែកជើងនោះ ដែលអ្នកអាចធ្វើការសារ៉េបន្តឹង ឬបន្ធូរខ្សែតាមចំណង់ចំណូលចិត្តរបស់អ្នកបាន។ ស្បែកជើងនេះផងដែរ គឺត្រូវបានឌីហ្សាញឡើងដោយយោងទៅតាមស្បែកជើង ដែលចងខ្សែខ្លួនឯងបាន មាននៅក្នុងរឿង “Back To The Future II”។ ជាមួយនឹងគ្រឿងអេឡិចត្រូនិច ដែលត្រូវបានដាក់ក្នុងស្បែកជើង HyperAdapt នេះ វាទាមទារឲ្យអ្នកធ្វើការសាកថ្មវា ដោយអ្នកអាចសាកថ្មមួយពេញត្រឹមតែរយៈពេល 3 ម៉ោងប៉ុណ្ណោះ ហើយអ្នកអាចប្រើវាបានដល់ទៅ 2 អាទិត្យឯណោះ។ HyperAdapt នឹងត្រូវបានដាក់លក់ក្នុងតម្លៃ $720 នៅឯសហរដ្ឋអាមេរិក។

 

2. Vixole’s Matrix shoes

vixole-app-1600

រូបភាពពី Engadget

Matrix Shoes គឺជាស្បែកជើងឆ្លាតរបស់ក្រុមហ៊ុន Vixole ដែលមានភ្ជាប់នូវអេក្រង់ LED ទន់នៅកែងស្បែកជើង ដែលអាចបង្ហាញនូវរូបផ្សេងៗ ដោយមានការបញ្ជាពី App នៅក្នុងទូរស័ព្ទស្មាតហ្វូនរបស់អ្នក។ អ្នកអាចថតរូប រួច upload ចូលក្នុង app នោះ ហើយបំលែងទៅជារូបភាព 2D ដែលអាចបង្ហាញនៅអេក្រង់ LED នៅកែងស្បែកជើងនោះបាន។ បន្ថែមពីនេះ វាក៏មានភ្ជាប់ទៅនឹង GPS ក្នុងទូរស័ព្ទរបស់អ្នក ដែលអាចប្រាប់ពីទិសផ្លូវនៅពេលអ្នកធ្វើដំណើរបានផងដែរ ដោយធ្វើឲ្យមានរំញ័រស្បែកជើងខាងស្ដាំ ឬឆ្វេង ដើម្បីផ្តល់សញ្ញាឲ្យអ្នកបត់ស្ដាំ ឬឆ្វេង។ ហើយវាក៏មានមុខងារឲ្យរូបភាពនៅលើ LED នោះ មានចលនាទៅតាមបទចំរៀង ដែលអ្នកកំពុងតែស្ដាប់ផងដែរ។ ទោះជាឥឡូវនេះ ស្បែកជើងនេះនៅជា concept នៅឡើយ ក៏ប៉ុន្តែក្រោយពីក្រុមហ៊ុន Vixole បានធ្វើយុទ្ធនាការស្តីពីស្បែកជើងនេះ យើងសង្ឃឹមថា វានឹងត្រូវបានធ្វើការដាក់លក់ក្នុងទីផ្សារពេលឆាប់ៗនេះ។

 

3. Puma’s Autodisc

puma-autodisc-2016-10-20-0-1

រូបភាពពី Engadget

ដូចគ្នានឹង HyperAdapt របស់ NIKE ដែរ ស្បែកជើង Autodisc របស់ក្រុមហ៊ុន Puma គឺជាស្បែកជើង ដែលអាចចងខ្សែដោយស្វ័យប្រវត្តិ និងត្រូវបានឌីហ្សាញឡើងតាមស្បែកជើងក្នុងរឿង “Back To The Future II”។ អ្នកក៏អាចធ្វើការសារ៉េបន្តឹង ឬបន្ធូរបានផងដែរ ដោយធ្វើការចុចប៊ូតុង ដែលមាននៅជាប់ logo របស់ Puma នៅផ្នែកខាងលើនៃស្បែកជើងនេះ។ វាក៏មានភ្ជាប់ទៅ app ក្នុងទូរស័ព្ទស្មាតហ្វូនតាមរយៈ bluetooth បានផងដែរ ដើម្បីធ្វើការសារ៉េខ្សែ និងតាមដានថាមពលថ្ម។ ហើយអ្នកអាចសាកថ្មបានដោយគ្រាន់តែដាក់ស្បែកជើងនោះនៅលើបន្ទះសាកថ្ម wireless របស់វានោះជាការស្រេច។

puma-autodisc-sneakers-close-up

រូបភាពពី Engadget

ស្បែកជើង Nike’s Autodisc នេះបច្ចុប្បន្ន គឺត្រូវបានផលិតឡើងត្រឹមតែ 50 គូ ប៉ុណ្នោះ និងត្រូវបានពាក់ដោយ Usain Bolt ដែលជាអ្នករត់ប្រណាំងជ័យលាភីក្នុងកីឡាអូឡាំពិច ហើយបើមានការចាប់អារម្មណ៍ច្រើនពីអតិថិជន យើងនឹងឃើញមានការផលិតច្រើនដើម្បីដាក់លក់ក្នុងទីផ្សារ។

 

4. ShiftWear

ស្បែកជើង ShiftWear នេះ វាមានលក្ខណៈស្រដៀងនឹង Matrix Shoes របស់ Vixole ដែរ ដោយវាមានភ្ជាប់មកជាមួយនឹងអេក្រង់ LED ទន់ ដែលអាចបញ្ចេញរូបភាពលើនោះបាននៅពេលដែលអ្នកកំពុងពាក់។ វាអាចបង្ហាញរូបភាបពណ៌បាន ហើយអ្នកអាចធ្វើការទិញ និងដោនឡោដរូបភាពឌីហ្សាញនៅក្នុង app របស់ ShiftWear បាន ដែលរូបភាពទាំងនោះត្រូវបានឌីហ្សាញឡើងដោយអ្នកឌីហ្សាញទូទាំងពិភពលោក។ ចំពោះការសាកថ្ម អ្នកគ្រាន់តែដើរ ក៏អ្នកអាចសាកថ្មបានដែរ ជាមួយនឹង WALK-N-CHARGE TECH ឬក៏អ្នកអាចដោយថ្មសាកជាមួយនឹងប្រដាប់សាករបស់វា បើសិនជាអ្នកមិនសូវបានដើរច្រើន។ ស្បែកជើងនេះ មានឲ្យអ្នកធ្វើការ Pre-Order បាននៅក្នុងវែបសាយរបស់ ShiftWear តែខ្ញុំនៅមិនទាន់ច្បាស់ថាវាត្រូវបានធ្វើការផលិតលក់ជាលក្ខណៈទ្រង់ទ្រាយធំនៅឡើយទេ។

 

តើស្បែកជើង smartshoes មួយណា ដែលអ្នកពេញចិត្ត និងចង់ក្លាយជាម្ចាស់កម្មសិទ្ធិលើ នៅពេលដែលវាត្រូវបានដាក់លក់ក្នុងទីផ្សារ? សម្រាប់ខ្ញុំ ខ្ញុំពេញចិត្ត HyperAdapt របស់ NIKE និង ShiftWear ព្រោះវាជាស្ទីលឬម៉ូត ដែលខ្ញុំតែងតែពាក់ ហើយដោយមានការបន្ថែមនូវបច្ចេកវិទ្យាដែលមើលទៅ ដូចជាមកពីអនាគតទៀត វាពិតជាឡូយណាស់។

អានបន្ត

3313

ស្បែកជើងចងខ្សែដោយស្វ័យប្រវត្តិ HyperAdapt របស់ក្រុមហ៊ុន Nike នឹងចេញលក់នៅថ្ងៃ 28 ខែវិច្ឆកាខាងមុខនេះ

បច្ចេកវិទ្យា, សំលៀកបំពាក់

09/10/2016

ក្រុមហ៊ុន Nike បានប្រកាសពីថ្ងៃ ដែលពួកគេនឹងដាក់លក់ស្បែកជើងចងខ្សែដោយស្វ័យប្រវត្តិខ្លួនឯង ដែលត្រូវបានអភិវឌ្ឍឡើងតាមស្បែកជើងពាក់ដោយតួរឯកប្រុសក្នុងរឿង Back To The Future II លោក Michael J. Fox។ ក្រោយពីការអភិវឌ្ឍបច្ចេកវិទ្យាស្បែកជើងចងខ្សែដោយស្វ័យប្រវត្តិនេះអស់រយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ក្រុមហ៊ុន Nike នឹងដាក់ស្បែកជើង HyperAdapt 1.0 ឲ្យមានលក់ក្នុងទីផ្សារសម្រាប់ការជាវ និងធ្វើបទពិសោធ នៅថ្ងៃទី 28 ខែវិច្ឆកាខាងមុខនេះហើយ ក៏ប៉ុន្តែមាននៅតែក្នុងហាង Nike មួយចំនួននៅសហរដ្ធអាមេរិកតែប៉ុណ្ណោះ។ សម្រាប់តម្លៃវិញ គឺយើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ក៏ប៉ុន្តែយើងអាចរំពឹងទុកថាវានឹងមានតម្លៃថ្លៃបន្តិច។

marty-mcfly-holding-nike-mag_u1q31y

លោក Michael J. Fox ក្នុងរឿង Back to The Future II

លក្ខណៈពិសេសនៃដំណើរការ និងការឌីហ្សាញរបស់ស្បែកជើងចងខ្សែដោយស្វ័យប្រវត្តិ HyperAdapt នេះ គឺថាស្បែកជើងទាំងសងខាង មានបំពាក់នូវខ្សែធ្វើពីខ្សែនីឡុង ឬខ្សែសន្ទូចត្រីនៅខាងក្នុងដើម្បីរឹតបន្តឹងស្បែកជើងទៅនឹងជើងរបស់អ្នក បូករួមជាមួយនឹងសិនស័រសម្ពាធ (Pressure Sensor) នៅចំកណ្ដាលស្បែកជើង។ នៅពេលដែលអ្នកដាក់ជើងរបស់អ្នកចូលទៅក្នុងស្បែកជើងនោះ សិនស័រសម្ពាធនោះនឹងដឹង ហើយទាញខ្សែនីឡុងដែលនៅក្នុងស្បែកជើងនោះបន្តឹងជុំវិញជើងរបស់អ្នក។ ហើយអ្នកក៏អាចសារ៉េផ្លាស់ប្តូរឲ្យវាតឹង ឬធូរបានដោយចុចប៊ូតុងមួយគូរ ដែលមានបង្កប់នៅកស្បែកជើងនេះបានផងដែរ។

maxresdefault

ស្បែកជើង Nike HyperAdapt 1.0

68439c7589a67acab540d6749a3c9559_l

LED នៅកែងស្បែកជើងនឹងបំភ្លឺឡើង នៅពេលដែលខ្សែក្នុងស្បែកជើង HyperAdapt ធ្វើការរឹតបន្តឹង ឬនៅពេលដែលវាជិតអស់ថ្ម។ ត្រឹមត្រូវណាស់ ជាមួយនឹងរាល់គ្រឿងអេឡិចត្រូនិចនៅក្នុងស្បែកជើងនេះ វានឹងត្រូវទាមទារឲ្យមានការបញ្ចូលថ្ម។ អ្នកត្រូវការចំណាយពេល 3 ម៉ោងដើម្បីបញ្ចូលថ្មមួយពេញ ជាមួយនឹងប្រដាប់សាកថ្មឆក់របស់ Nike ដូចទៅនឹងប្រដាប់សាកថ្មរបស់ Apple Watch ដែរ ហើយថ្មមួយពេញរបស់វា គឺអាចប្រើប្រាស់បានរយៈពេលដល់ទៅ 2 អាទិត្យឯណោះ។ ហើយអ្នកអាចកត់សំគាល់បានដែរថា ខ្សែនីឡុង ដែលអ្នកឃើញនៅខាងលើស្បែកជើង គឺគ្រាន់តែជាការឌីហ្សាញតែប៉ុណ្ណោះ អ្វីដែលរឹតបន្តឹងស្បែកជើងនេះ គឺជាខ្សែនីឡុង ដែលបង្កប់នៅពីក្រោមខ្សែទាំងនោះទេ។

tumblr_o48af1pxuk1uqsqdgo1_1280

mtqxnjywodkymzy1ntk2nje3

 

អ្នកអាចស្វែងយល់បន្ងែមអំពីស្បែកជើង HyperAdapt របស់ Nike នេះបានក្នុងវីដេអូខាងក្រោម៖

អានបន្ត