MENU

គន្លឹះ 3 យ៉ាងក្នុងការជ្រើសរើសសំលៀកបំពាក់សម្រាប់បុរសមានកំពស់មិនសូវខ្ពស់

ចំពោះសុភាពបុរសទាំងឡាយ ដែលមានកំពស់មិនសូវខ្ពស់ វាពិតជាពិបាកណាស់ក្នុងការស្វែងរកសំលៀកបំពាក់ ដែលសម។ ក្នុងអត្ថបទនេះ យើងនឹងលើកឡើងនូវគន្លឹះ 3 យ៉ាង ដែលសុភាពបុរសទាំងឡាយអាចយកទៅពិចារណា មុននឹងជ្រើសរើសសំលៀកបំពាក់ ដើម្បីឲ្យមើលទៅឃើញខ្ពស់ និងសង្ហា។

 

1. ជ្រើសរើសសំលៀកបំពាក់ ដែលមានសមាមាត្រល្អ

BetterFittingGuide-Armhole

ដើម្បីឲ្យមើលទៅឃើញរាងខ្ពស់ អ្នកគួរជ្រើសរើសយកសំលៀកបំពាក់ណា ដែលមានសមាមាត្រល្អ ដូចជាទំហំរវាងអាវ ឬខោ និងហោប៉ៅ ប្រវែងរវាងលេវអាវនីមួយៗ ទំហំកអាវ និងកដៃអាវជាដើម។ ប្រសិនបើអ្នកជ្រើសរើសយកអាវ ដែលមានហោប៉ៅមុខធំពេក អ្នកនឹងមើលទៅដូចជាកូនក្មេងពាក់អាវមនុស្សចាស់អីញ្ជឹង ពីព្រោះថាខួរក្បាលរបស់មនុស្ស តែងតែប្រៀបធៀបរបស់ទាំងអស់ដែលនៅជិតៗគ្នា ដូច្នេះអ្នកគួរជ្រើសរើសឲ្យបានល្អ។ ជម្រើសល្អមួយទៀត គឺជ្រើសរើសអាវ ដែលមិនមានហោប៉ៅ។ ដូចគ្នាផងដែរ ចំពោះប្រវែងរវាងលេវអាវនីមួយៗ ទំហំកអាវ និងកដៃអាវ អ្នកត្រូវប្រាកដថាវាមានទំហំតូចល្មមសមនឹងរាងរបស់អ្នក ពេលមើលពីចំងាយ។

bdec4150db8ecd31a568add6192c947f

 

2. ជ្រើសរើសសំលៀកបំពាក់ ដែលមានទំហំសមនឹងរាងរបស់អ្នក

គន្លឹះសំខាន់ទី 2 គឺជ្រើសរើសសំលៀកបំពាក់ ដែលត្រូវនឹងរាងរបស់អ្នក។ អ្នកមិនគួរជ្រើសរើសខោអាវ ដែលមានទំហំធំពេក ឬតូចពេកនោះទេ។ បើសិនជាអ្នកជ្រើសរើសខោអាវ ដែលធំពេក អ្នកនឹងមើលទៅដូចជាមនុស្សធាត់ ហើយបើកំពស់អ្នកមិនសូវខ្ពស់ទៀតនោះ វានឹងមើលទៅកាន់តែយ៉ាប់។ ដោយឡែកសំលៀកបំពាក់ ដែលតូច ឬតឹងពេក នឹងធ្វើឲ្យអ្នកមើលទៅដូចជាពាក់អាវកូនក្មេង ឬអាវខើច។ តែទោះជាយ៉ាងណា វាពិបាកណាស់ក្នុងការជ្រើសរើសសំលៀកបំពាក់ ដែលត្រូវនឹងរាងរបស់អ្នក 100% នោះ ដូច្នេះហើយ រាល់សំលៀកបំពាក់ ដែលអ្នកទិញ អ្នកត្រូវប្រាកដថាវាត្រូវនឹងអ្នក តាមតែអាចធ្វើទៅបាន ហើយអ្នកអាចយកវាទៅសារ៉េតាមក្រោយបាន។

Kiton FW16-17 Men (1)

អាវ ដែលសមនឹងរាងអ្នក គឺមានខ្សែស្មាត្រឹមចុងស្មារបស់អ្នក មិនហៀរចុះដល់ដើមដៃ ហើយដៃអាវមិនវែងពេកដល់គ្របដៃរបស់អ្នក ទំហំអាវជុំវិញទ្រូង និងចង្កេះរបស់អ្នកមិនធូរ ឬតឹងពេក និងប្រវែងអាវមិនហៀរចុះក្រោមហួសគូទរបស់អ្នក លើកលែងតែអាវនោះ គឺជាអាវសម្រាប់ទ្រនុយ។ រីឯខោវិញ គឺមិនធូរ ឬតឹងពេក ហើយវាមានប្រវែងជើងខោត្រឹមកស្បែកជើងរបស់អ្នក មិនសល់ក្រណាត់ច្រើនជ្រល់ពេក ព្រោះថាបើខោអ្នកនៅសល់ក្រណាត់រួញនៅកជើងអ្នកច្រើនពេក អ្នកនឹងមើលទៅដូចជាមនុស្សមានជើងខ្លី ធ្វើឲ្យមើលទៅកាន់តែទាប។ បន្ថែមពីនេះ អ្នកត្រូវជៀសវាងខោ ដែលសល់សាច់ក្រណាត់នៅចន្លោះជើងធ្លាក់ចុះក្រោមខ្លាំងពេក ព្រោះវាក៏ធ្វើឲ្យអ្នកមើលទៅមានជើងខ្លីផងដែរ។

affordable-suit-the-idle-man

HASSF_S.SleeveLength_2E

2016-new-autumn-fashion-brand-font-b-men-s-b-font-clothing-slim-fit-font-b

 

3. ស្លៀកសំលៀកបំពាក់ ដែលមានពណ៌ស្រដៀងគ្នាពីក្បាលដល់ចុងជើង

គន្លឹះចុងក្រោយ ក្នុងការជ្រើសរើសសំលៀកបំពាក់ ដែលធ្វើឲ្យអ្នកមើលទៅឃើញខ្ពស់ គឺត្រូវជ្រើសរើសសំលៀកបំពាក់ ដែលអនុញ្ញាតឲ្យភ្នែកអ្នកដទៃងាយស្រួលក្នុងការមើលអ្នកពីក្បាលដល់ចុងជើង។ វិធីសាស្ត្រមួយដ៏ល្អ គឺជ្រើសរើសសំលៀកបំពាក់ ដែលមានពណ៌ស្រដៀងគ្នាពីក្បាលដល់ចុងជើង ទាំងមួក អាវ ខ្សែក្រវ៉ាត់ ខោ និងស្បែកជើង។ បើអ្នកចូលចិត្តខោ ដែលមានពណ៌ដិត ដូចជាពណ៌ខ្មៅ ឬត្នោត អ្នកអាចពាក់អាវ ខ្សែក្រវ៉ាត់ ស្រោមជើង និងស្បែកជើងពណ៌ដិតដូចគ្នា តែបើអ្នកចូលចិត្តពណ៌ស្រាលៗ អ្នកគួរជ្រើសរើសអ្វីផ្សេងទៀតឲ្យមានពណ៌ស្រាលដូចគ្នា ទើបអ្នកមើលទៅឃើញខ្ពស់។ អ្វីដែលល្អបំផុតនោះ អ្នកគួរជ្រើសរើសសំលៀកបំពាក់ ដែលមានពណ៌ស្រដៀងនឹងពណ៌ស្បែករបស់អ្នក។

how-to-wear-monochrome

personalityclothes

 

សរុបមក គន្លឹះសំខាន់ៗទាំងបីខាងលើ នឹងជួយអ្នកក្នុងការស្វែងរកសំលៀកបំពាក់ ដែលអាចធ្វើឲ្យអ្នកមើលទៅឃើញខ្ពស់ និងក្លាយជាសុភាពបុរសទាន់សម័យ ទោះបីអ្នកមានកំពស់មិនសូវខ្ពស់ក៏ដោយ។ បន្ថែមពីលើគន្លឹះទាំងនេះ អ្នកក៏អាចលេងម៉ូដសក់បែបបះឡើងលើ ដើម្បីឲ្យមើលទៅឃើញខ្ពស់បានផងដែរ (ស្វែងយល់ពីម៉ូដសក់ ដែលត្រូវនឹងទម្រង់មុខរបស់អ្នក)។ តើអ្នកគិតយ៉ាងណាចំពោះគន្លឹះទាំងបីខាងលើ ហើយបើអ្នកមានគន្លឹះអ្វីផ្សេង ដើម្បីឲ្យមើលទៅឃើញរាងខ្ពស់ក្នុងសំលៀកបំពាក់ ដែលអ្នកពាក់ អ្នកអាចចែករំលែកវាបាននៅក្នុងប្រអប់បញ្ចេញមតិខាងក្រោម។

Comments Off on គន្លឹះ 3 យ៉ាងក្នុងការជ្រើសរើសសំលៀកបំពាក់សម្រាប់បុរសមានកំពស់មិនសូវខ្ពស់ សំលៀកបំពាក់

Comments are closed.

យោបល់របស់អ្នកអាន