MENU

ពណ៌ហុងស៊ុយមួយចំនួន ដែលអាចនាំសំណាងដល់អ្នករកស៊ី

ហុងស៊ុយ (Feng Shui) គឺជាជំនឿដ៏ពូកែ និងពេញនិយមមួយ ដែលមនុស្សមួយចំនួនធំជឿជាក់ ជាពិសេស គឺសម្រាប់អ្នកដែលមានខ្សែស្រឡាយជាជនជាតិចិន និងអ្នកដែលមានមុខរបររកស៊ីមួយចំនួន។ តាមជំនឿនេះ ពណ៌ដែលមានហុងស៊ុយ គឺពិតជាមានអំណាច និងប្រសិទ្ធភាពយ៉ាងខ្លាំង ដែលអាចធ្វើឲ្យមុខរបររកស៊ីរបស់យើងដំណើរការទៅមុខបានយ៉ាងរលូន និងរីកចំរើន។ ការរៀបចំ និងការជ្រើសរើសពណ៌ហុងស៊ុយសម្រាប់បរិយាកាស ឬកន្លែង អាចជះឥទ្ធិពលដល់ការប្រកបមុខរបររបស់លោកអ្នកបាន វាអាចជួយឲ្យការគិតរបស់យើងមានភាពរីកចំរើន រឹងមាំ ហើយវាក៏អាចធ្វើឲ្យការគិតរបស់យើងមានភាពសុញ និងស្រអាប់ផងដែរ ប្រសិនបើយើងមិនបានធ្វើការជ្រើសរើសពណ៌ឲ្យបានត្រឹមត្រូវទៅតាមក្បួននោះ។ ដូចនេះនៅក្នុងអត្ថបទនេះ យើងនឹងធ្វើការបង្ហាញជូនដល់ប្រីយមិត្តនូវពណ៌មួយចំនួន ជាមួយនឹងអត្ថន័យរបស់ពួកវា ដែលត្រឹមត្រូវទៅតាមក្បួនហុងស៊ុយ សម្រាប់តុបតែងការិយាល័យ និងទីតាំងប្រកបមុខរបររបស់លោកអ្នក ដើម្បីជួយឲ្យមុខរបររបស់លោកអ្នកមានភាពរីចំរើនទៅមុខ។

 

ពណ៌ទឹកក្រូច

ពណ៌ទឹកក្រូច គឺជាពណ៌ដ៏ល្អមួយសម្រាប់ក្រុមហ៊ុន។ វា គឺជាពណ៌ជួយបង្កើននូវការផ្តោតអារម្មណ៍ និងគំណិតច្នៃប្រឌិតរបស់យើង។ វាគឺជាប្រភេទពណ៌ដិត និងឆើត បូករួមជាមួយនឹងការបង្កប់ទៅដោយថាមពល និងភាពសប្បាយរីករាយ ភាគច្រើននៃពណ៌នេះ គឺមានជាប់ទាក់ទងទៅនឹងមនុស្សដែលមានគំណិតបើកចំហ សុទិដ្ឋិនិយម និងចំណង់ចំណូលចិត្តក្នុងការផ្សងព្រេង។

d208e73d46990bbb5d7701eb61abccfe

រូបភាពពីគេហទំព័រ beliefnet.com

ជាទូទៅគេតែងប្រើពណ៌ទឹកក្រូចនៅក្នុង ភោជនីយដ្ឋាន ហាងកាហ្វេ និងក្រុមហ៊ុនទេសចរណ៍ជាដើម។ ពណ៌នេះក៏ស័កសមផងដែរ សម្រាប់ប្រភេទនៃអាជីវកម្មណា ដែលមានជាប់ទាក់ទងជាមួយនឹងកូនក្មេង ព្រោះក្មេងៗតូចៗភាគច្រើន គឺចូលចិត្តពណ៌ទឹកក្រូច។ ទោះបីជាយ៉ាងដូចនេះក្តីក៏ពណ៌ទឹកក្រូចមិនមែនជាពណ៌មួយដ៏ល្អបំផុតសម្រាប់ការប្រកបអាជីវកម្មនោះទេ  មូលហេតុគឺដោយសារប្រសិនបើយើងប្រើតែពណ៌នេះច្រើនហួសហេតុពេក អាចធ្វើឲ្យក្រុមហ៊ុន ឬមុខរបររបស់យើងមើលទៅមិនសូវជាមានតម្លៃ មិនសូវជាមានសុវត្ថភាព និងពោរពេញទៅដោយភាពក្រអើតក្រទមផងដែរ។ យល់ល្អបើអ្នកចូលចិត្ត និងចង់ប្រើពណ៌ទឹកក្រូច អ្នកគួរតែប្រើពណ៌ផ្សេងលាយជាមួយវា ដោយមិនត្រូវប្រើពណ៌ទឹកក្រូចឲ្យលេចខ្លាំងពេកនោះទេ។

 

ពណ៌ស្វាយ

តាមជំនឿហុងស៊ុយ ពណ៌ស្វាយគឺជាពណ៌ ដែលអាចជួយធ្វើឲ្យមានភាពប្រសើរឡើង ទាំងផ្នែករាងកាយ និងសតិអារម្មណ៍របស់មនុស្ស។ វាគឺជាពណ៌មួយ ដែលមានឥទ្ធិពលធ្វើឲ្យអារម្មណ៍របស់យើងស្ងប់ និងជួយកាត់បន្ថយភាពតានតឹងរបស់យើង ហើយវាក៏តំណាងឲ្យភាពរុងរឿង និងភាពមានបានផងដែរ។

20150314_113509

រូបភាពពីគេហទំព័រ beliefnet.com

ដោយសារតែពណ៌ស្វាយ គឺជាពណ៌ដែលបង្ហាញអំពីអំណាច និងភាពឆ្លាតវ័យ ភាគច្រើន ពណ៌នេះត្រូវបានគេប្រើប្រាស់សម្រាប់មុខរបរ ដែលទាក់ទងទៅនឹងស្ត្រី និងកូនក្មេង ប៉ុន្តែសម្រាប់បុរសគឺមិនសូវជាពេញនិយមប៉ុន្មាននោះទេ។ ពណ៌នេះ គឺមានភាពស័កសមបំផុតសម្រាប់អាជីវកម្មមួយចំនួនដូចជាអាជីវកម្មដែលទាក់ទងទៅនឹង៖

  • វិស័យសុខាភិបាល ដូចជាមន្ទីពេទ្យ  ឳសថស្ថាន
  • វិស័យអប់រំ ដូចជាសាលាមតេយ្យ
  • មុខរបរដែលទាក់ទងទៅនឹងចំណីអាហារផ្អែមៗ ដូចជាស្ករគ្រាប់ នំខេក ឬស្ករសូកូឡាជាដើម។

ដូចនេះអ្នកគួរតែជ្រើសរើសយកពណ៌ស្វាយ ប្រសិនបើអាជីវកម្មរបស់លោកអ្នកតែងជួបប្រទះទៅនឹងភាពតានតឹង ពីព្រោះពណ៌ស្វាយអាចជួយធ្វើឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍ធូរស្បើយ និងត្រជាក់បាន។

 

 ពណ៌ក្រហម

តាមក្បួនតម្រារបស់ហុងស៊ុយ ពណ៌ក្រហមគឺជាពណ៌ដែលនាំមកនូវវាសនាល្អ សំណាងល្អ ទំនុកចិត្ត និងជាពិសេសនោះ គឺមាសប្រាក់តែម្តង។ តែសម្រាប់ក្នុងន័យអវិជ្ជមានវិញ ពណ៌ក្រហមគឺជាពណ៌នៃកំហឹង និងភាពមួរម៉ៅ ដូចនេះយល់ល្អអ្នកមិនត្រូវប្រើប្រាស់ពណ៌ក្រហមឲ្យច្រើន ឬដិតខ្លាំងពេកនោះទេ គួរតែមានលាយជាមួយពណ៌ដទៃទៀតផងដែរ។ បន្ថែមពីលើនេះ ពណ៌ក្រហម គឺជាពណ៌ ដែលបង្ហាញពីថាមពល និងគំណិតវិជ្ជមាន ហើយវាក៏ជាពណ៌ ដែលទាក់ទងទៅនឹងលោហិត សង្គ្រាម និងអំពើហិង្សាដែរ។

ពណ៌ក្រហម គឺជាពណ៌ស័កសមជាមួយអាជីវកម្ម ដែលទាក់ទងទៅនឹងសេចក្តីស្រលាញ់ និងភាពអន្លង់អន្លោច មានដូចជាហាងផ្កា ហាងលក់ស្កសូកូឡា ភោជនីយដ្ឋានសម្រាប់គូរស្នេហ៍ ឬសណ្ឋាគារជាដើម។

e5709fc191137e1421d8e7507d840fbe

រូបភាពពីគេហទំព័រ beliefnet.com

 

ពណ៌លឿង

ទោះបីថាពណ៌លឿង គឺជាពណ៌មួយដែលភ្លឺដូចទៅនឹងពណ៌របស់ពន្លឺព្រះអាទិត្យក៏ដោយ ក៏ប៉ុន្តែមិនមែនរាល់អាជីវកម្មសុទ្ធតែត្រូវគ្នាជាមួយវានោះទេ។ តាមក្បួនហុងស៊ុយបានបញ្ជាក់ឲ្យដឹងថា ពណ៌លឿង គឺជាពណ៌នាំមកនូវ ទំនាក់ទំនងល្អ មិត្តភាព និងសុខភាព ប៉ុន្តែបើតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្របានបង្ហាញថា ការមើល ឬសំលឹងទៅកាន់របស់ដែលមានពណ៌លឿងក្នុងរយៈពេលយូរ អាចធ្វើឲ្យយើងកើតមានអារម្មណ៍មិនសប្បាយចិត្ត។

teen-tastic-contemporary-home-office-in-black-and-yellow

រូបភាពពីគេហទំព័រ beliefnet.com

ពណ៌លឿង គឺជាពណ៌ដែលអាចរំញោចសមត្ថភាពបែងចែកខុសត្រូវរបស់ខួរក្បាល និងបង្កើនភាពច្បាស់លាស់ជាក់លាក់នៃស្មារតីរបស់យើង ពោលគឺវាអាចជួយជំរុញឲ្យមានភាពប្រសើរឡើងនូវការគិតវិភាគ និងការវិនិច្ឆ័យនៅក្នុងខួរក្បាលរបស់យើង។ ថ្វីបើភាគច្រើននៃបុរសមិនសូវចូលចិត្តពណ៌នេះក្តី ក៏ប៉ុន្តែសម្រាប់កូនក្មេងតូចៗ គឺងាយនឹងចាប់អារម្មណ៍ទៅនឹងវាខ្លាំងណាស់ មូលហេតុគឺដោយសារតែពណ៌លឿង គឺជាពណ៌ដែលមានពន្លឺ។

រាល់អាជីវកម្មដែលមានទាក់ទងជាមួយនឹងក្មេងៗគួរតែប្រើប្រាស់ពណ៌លឿង ដូចជាហាងលក់សំភារៈក្មេងលេង និងសាលារៀនមតេយ្យ ជាដើម ក្រៅពីនេះហាងលក់គ្រឿងសំអាងរបស់ស្ត្រីក៏អាចប្រើជាមួយនឹងពណ៌លឿងបានផងដែរ ពីព្រោះពណ៌នេះមើលទៅងាយទាក់ភ្នែក ដែលអាចធ្វើឲ្យមនុស្សឆាប់ចាប់អារម្មណ៍។

 

ពណ៌ខៀវ

ដូចគ្នាទៅនឹងពណ៌ស្វាយ ពណ៌ខៀវក៏ជាពណ៌ដែលមានឥទ្ធិពលធ្វើឲ្យអារម្មណ៍របស់យើងស្ងប់ និងជួយកាត់បន្ថយភាពតានតឹងរបស់យើងបានដូចគ្នា ម៉្យាងវិញទៀត ដោយសារតែពណ៌ខៀវ គឺជាពណ៌នៃទឹកសមុទ្រ និងមេឃ ដូចនេះពណ៌ខៀវ គឺទាក់ទងទៅនឹងសេរីភាព និងការផ្សងព្រេងផងដែរ។
ពណ៌ខៀវត្រូវបានគេប្រើប្រាស់យ៉ាងច្រើននៅក្នុងការធ្វើមុខជំនួញ ដោយសារតែពណ៌នេះ គឺតំណាងឲ្យការជឿទុកចិត្ត ភាពស្មោះត្រង់ ភាពជឿជាក់ និងការចេះទទួលខុសត្រូវ ហើយវាក៏តំណាងឲ្យផងដែរនូវចរិកអភិរក្សនិយម។

anz

រូបភាពពីគេហទំព័រ beliefnet.com

អ្នកគួរតែប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ពណ៌ខៀវនៅក្នុងអាជីវកម្មរបស់អ្នក ព្រោះការប្រើពណ៌នេះច្រើនហួសហេតុពេក អាចបង្កើតភាពស៊ាំញ៉ាំ មើលទៅគួរឲ្យធុញ ហើយក៏មិនអាចទាក់ទាញអតិថិជនវ័យក្មេងបានផងដែរ។ ជាធម្មតាពណ៌ខៀវ ត្រូវបានគេប្រើប្រាស់សម្រាប់ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនថែទាំសុខភាព និងអាជីវកម្មណាដទៃផ្សេងទៀត ដែលការជឿទុកចិត្ត និងភាពជឿជាក់ ត្រូវបានគេចាត់ទុកជារឿងដ៏សំខាន់។

 

ពណ៌បៃតង

ពណ៌បៃតង គឺជាពណ៌នៃធម្មជាតិ ភាពស្រស់ត្រកាល តុល្យភាព និងភាពសុខដុមរមនា។ រាល់អាជីវកម្ម ដែលកំពុងតែដំណើរការ គួរតែមានការរួមបញ្ចូលជាមួយនឹងពណ៌បៃតងខ្លះៗ។ ពណ៌បៃតងក្រម៉ៅ គឺតំណាងឲ្យប្រាក់កាស កិត្យានុភាព និងទ្រព្យសម្បត្តិ ហើយសម្រាប់ពណ៌បៃតងស្រាល គឺតំណាងឱ្យភាពស្រស់ស្រាយ ភាពរីចំរើន សេចក្ដីសប្បុរស និងការអាណិតអាសូរ។

grocerystore

រូបភាពពីគេហទំព័រ beliefnet.com

បៃតងជាជម្រើសល្អឥតខ្ចោះសម្រាប់គ្រប់មូលដ្ឋានអាជីវកម្ម ហើយវាក៏ជាពណ៌មួយដ៏ចាំបាច់ត្រូវតែមានផងដែលសម្រាប់បរិស្ថាន ឬទីកន្លែងដែលទាក់ទងទៅនឹង ចំណីសរីរាង្គធម្មជាតិ សុខភាព និងអាជីវកម្ម ដែលទាក់ទងទៅនឹងម្ហូបអាហារ។ ពណ៌បៃតងរំញ៉ោចចំណង់អាហារ ដូច្នេះវាជារឿងដ៏ល្អមួយប្រសិនបើមានពណ៌នេះជាពិសេសសម្រាប់អ្នកដែលកំពុងដំណើរការភោជនីយដ្ឋាន ឬអាជីវកម្មម្ហូបអាហារណាមួយ។

Comments Off on ពណ៌ហុងស៊ុយមួយចំនួន ដែលអាចនាំសំណាងដល់អ្នករកស៊ី សង្គម

Comments are closed.

យោបល់របស់អ្នកអាន