MENU

តើបុរស ដែលមានទម្រង់មុខបែបនេះ គួរតែកាត់សក់ម៉ូដណាសម?

សំរាប់សុភាពបុរស មុននឹងយើងធ្វើការសំរេចចិត្តជ្រើសរើសម៉ូដសក់ ការទុកពុកមាត់ ឬវ៉ែនតានោះ យើងទាំងអស់គ្នាគួរតែស្វែងយល់អំពីលក្ខណៈនៃទម្រង់មុខរបស់យើងជាមុនសិន។ អញ្ចឹង!! តើហេតុអ្វីបានជាយើងចាំបាច់ត្រូវតែដឹងអំពីទម្រង់មុខរបស់យើង?? មូលហេតុគឺ ដោយសារតែរាល់ម៉ូដសក់ ដែលមើលទៅសក្តិសមជាមួយនឹងអ្នកដ៏ទៃ មិនប្រាកដថាវានឹងមើលទៅសក្តិសមជាមួយនឹងទម្រង់មុខរបស់យើងនោះទេ ដូចនេះដើម្បីជៀសវាង មានភាពឆ្គាំឆ្គង មិនសក្តិសមជាមួយនឹងម៉ូដសក់ អ្នកគួរតែស្វែងយល់ឲ្យច្បាស់ជាមួយនឹងទម្រង់មុខរបស់អ្នកជាមុនសិន។

អញ្ចឹង តើមុខរបស់អ្នកមានទម្រង់បែបណាដែរ? ខាងក្រោមនេះ គឺជាប្រភេទទម្រង់មុខ របស់បុរស ដែលមានលក្ខណៈ និងប្រវែងផ្ទៃមុខខុសៗគ្នា៖

  • ទម្រង់មុខជ្រុង

squarehair

 

ប្រវែងនៃគ្រប់ជ្រុងជ្រោយ របស់ទម្រង់មុខប្រភេទនេះ គឺប្រហាក់ប្រហែលគ្នា ចំណុចសំខាន់ គឺនៅត្រង់ឆ្អឹងថ្គាមទាំងសងខាងដ៏ធំ ដែលយើងអាចមើលឃើញយ៉ាងច្បាស់។

សំរាប់ទម្រង់មុខប្រភេទនេះ សក្តិសមជាមួយទាំងម៉ូដសក់ខ្លី និងវែងល្មម។ ជម្រើសដែលល្អបំផុត គួរតែជ្រើសរើសយកម៉ូដសក់ខ្លីៗ ទាំងខាងមុខ ក្រោយនិងចំហៀង រឹតតែខ្លី គឺរឹតតែសក្តិសម។

 

ម៉ូដសក់មួយចំនួន ដែលសក្តិសមនឹងទម្រង់មុខជ្រុង

squarehairstyles

 

  • ទម្រង់មុខមូល

roundhair

 

ទម្រង់មុខប្រភេទនេះ គឺមានប្រវែងឆ្អឹងថ្ពាល់ និងប្រវែងកំពស់ផ្ទៃមុខ ប្រហាក់ប្រហែលគ្នា តែវាមានប្រវែង និងទំហំធំជាងត្រង់ចំណុចថ្ងាស់ និងឆ្អឹងថ្គាម ដោយមុមរបស់ថ្គាមមិនសូវជាលេចចេញរូបរាងច្បាស់នោះទេ។

សំរាប់ទម្រង់មុខប្រភេទនេះ សក្តិសមជាមួយម៉ូដសក់ខាងមុខដែលមានប្រវែងវែងល្មម ហើយចូកទៅក្រោយ ឬប្រភេទម៉ូដសក់វែងល្មមដែលជ្រងឡើងទៅលើ ធ្វើបែបនេះ ដើម្បីជួយឲ្យទម្រង់មុខ ដ៏មូលធំរបស់យើង មានសភាពរាងវែងបន្តិច។ ការបណ្តុះពុកមាត់ និងពុកចង្ការ ក៏អាចជួយធ្វើឲ្យទម្រង់មុខរបស់យើង មានមុមស្រួចផងដែរ ជាពិសេសគឺនៅត្រង់បរិវេណថ្គាមតែម្តង។

 

ម៉ូដសក់មួយចំនួន ដែលសក្តិសមនឹងទម្រង់មុខមូល

roundhairstyles

 

  • ទម្រង់មុខពងក្រពើ

ovalhair

 

ទម្រង់មុខពងក្រពើ គឺជាប្រភេទទម្រង់មុខមួយដ៏ពេញនិយមជាងគេបំផុត មិនថាសំរាប់បុរស ឬស្ត្រីនោះទេ តែងប្រាថ្នាចង់បាននូវទម្រង់មុខបែបនេះ ហើយទម្រង់មុខប្រភេទនេះ ក៏សក្តិសមជាមួយនឹងសឹងតែគ្រប់ប្រភេទម៉ូដសក់ផងដែរ។

ទោះបីជា មានម៉ូដសក់ជាច្រើនដែលសាកសមទៅនឹងទម្រង់មុខនេះក្តី ក៏ប៉ុន្តែយើងគួរជៀសវាងម៉ូដសក់ណា ដែលមានលក្ខណៈវែងទម្លាក់មកខាងមុខ បិទបាង់ថ្ងាស់ ព្រោះវាអាចធ្វើឲ្យមុខរបស់យើងមើលទៅប្រែជារាងមូលទៅវិញ។

 

ម៉ូដសក់មួយចំនួន ដែលសក្តិសមនឹងទម្រង់មុខពងក្រពើ

ovalhairstyles

 

  • ទម្រង់មុខវែង

oblonghair

 

ទម្រង់មុខប្រភេទនេះ គឺមានប្រវែងរបស់ផ្ទៃមុខវែង ចំណែកឯប្រវែង និងទំហំរបស់ថ្ងាស់ ឆ្អឹងថ្ពាល់ និងថ្គាម គឺប្រហាក់ប្រហែលគ្នា។

ដោយសារតែទម្រង់មុខប្រភេទនេះ មានលក្ខណៈវែង យើងគួរតែជ្រើសរើសម៉ូដសក់ដែលវែងល្មម ទាំងខាងមុខ និងចំហៀង។ ការទម្លាក់សក់ខ្លះៗ មកគ្របថ្ងាស់ខាងមុខ អាចជួយបិទបាំងទម្រង់មុខដ៏វែងរបស់យើងបាន ក្រៅពីនេះការទុកពុកមាត់ និងពុកចង្ការដែលមានប្រវែងខ្លីៗ ក៏ជាជម្រើសមួយដ៏ល្អផងដែរ។

 

ម៉ូដសក់មួយចំនួន ដែលសក្តិសមនឹងទម្រង់មុខវែង

oblonghairstyles

 

  • ទម្រង់មុខត្រីកោណ ឬថ្គាមខ្លា

trianglehair

 

ទម្រង់មុខប្រភេទនេះ គឺមានទំហំថ្គាមធំ និងមានប្រវែងទទឹងវែងជាង ថ្ពាល់ និងថ្ងាស់។

ទម្រង់មុខប្រភេទនេះ ទាមទារនូវម៉ូដសក់ ដែលមានប្រវែងវែងល្មម នៅខាងចំហៀង ដើម្បីជួយឲ្យថ្ងាស់របស់យើង មើលទៅ មានទំហំប្រហាក់ប្រហែល ទៅនឹងថ្គាមដ៏ធំរបស់យើង។ ជៀសវាងម៉ូដសក់ណា ដែលមានចំហៀងខ្លី ឬស្តើងខ្លាំង ព្រោះវានឹងធ្វើឲ្យថ្ងាស់របស់យើងមើលទៅកាន់តែតូច បើប្រៀបធៀបជាមួយនឹងថ្គាម។

 

ម៉ូដសក់មួយចំនួន ដែលសក្តិសមនឹងទម្រង់មុខត្រីកោណ ឬថ្គាមខ្លា

Triangle-Face-Shape-2

 

  • ទម្រង់មុខរាងដូចគ្រាប់ពេជ្រ

diamondhair

 

ទម្រង់មុខប្រភេទនេះ គឺមានប្រវែងផ្ទៃមុខវែងជាងគេ បន្ទាប់មកគឺប្រវែង និងទំហំរបស់ថ្ពាល់ ហើយប្រវែង និងទំហំរបស់ថ្ងាស់ ជាមួយនឹងប្រវែង និងទំហំតូចជាងគេនៃថ្គាម និងចំណុចពិសេសមួយទៀតរបស់ទម្រង់មុខប្រភេទនេះ គឺចង្ការដ៏ស្រួច។

ដោយសារតែទម្រង់មុខប្រភេទនេះ មានទំហំថ្ពាល់វែង និងធំ ដូចនេះយើងគួរតែជ្រើសរើសម៉ូដសក់ដែលមានចំហៀងវែងល្មម និងក្រាស់ ដើម្បីជួយឲ្យមានតុល្យភាពប្រវែង និងទំហំរវាង ថ្ងាស់ និងថ្ពាល់របស់យើង។

 

ម៉ូដសក់មួយចំនួន ដែលសក្តិសមនឹងទម្រង់មុខរាងដូចគ្រាប់ពេជ្រ

diamondhairstyles

Comments Off on តើបុរស ដែលមានទម្រង់មុខបែបនេះ គួរតែកាត់សក់ម៉ូដណាសម? សង្គម, សំលៀកបំពាក់

Comments are closed.

យោបល់របស់អ្នកអាន