MENU

ហេតុអ្វីបានជាអ្នកគួរប្រើ Debit Card (ប័ណ្ណ​ឥ​ណ្ណ​ពន្ធ) ជំនួសឲ្យការប្រើប្រាស់ ប្រាក់សុទ្ធ?

សម័យនេះគឺជាយុគសម័យបច្ចេកវិទ្យាទំនើប ហើយក៏ដូចគ្នាផងដែរចំពោះការចំណាយ និងរបៀបនៃការទុកដាក់ប្រាក់កាសនៅតាមខ្លួននៃបុគ្គលនីមួយៗ។ Debit Card ដែលឧទាហរណ៍មានដូចជា Visa Card និង Master Card ជាដើម គឺជាអ្វីដែលមនុស្សសម័យថ្មីនេះប្រើប្រាស់ និងដាក់តាមខ្លួនជំនួសឲ្យប្រាក់សុទ្ធ។ តាមពិតទៅ Visa Card និង Master Card ក៏ដូចជាក្រុមហ៊ុនដទៃទៀត គឺសុទ្ធតែមានជា Debit Card (ប័ណ្ណឥណ្ណពន្ធ) និង Credit Card (កាតឥណទាន) ក៏ប៉ុន្តែនៅក្នុងអត្ថបទនេះ ខ្ញុំនឹងលើកយកតែប្រភេទ Debit Card មកនិយាយតែប៉ុណ្ណោះ ពីព្រោះថាវាត្រូវបានគេពេញនិយមប្រើនៅប្រទេសកម្ពុជាជាងប្រភេទ Credit Card ហើយបើអ្នកចង់ដឹងពីភាពខុសគ្នារវាងកាតទាំងពីប្រភេទនេះ អ្នកអាចស្វែងយល់នៅក្នុងអត្ថបទមួយទៀតបាន “ភាពខុសគ្នារវាង Credit Card និង Debit Card?“។ ថាតើ Debit Card ឬ ប័ណ្ណឥណ្ណពន្ធ មានផលប្រយោជន៍យ៉ាងណាខ្លះ បើអ្នកប្រើកាតនេះជំនួសឲ្យការប្រើប្រាស់ប្រាក់សុទ្ធ?

 

prepaid-debit-cards

 

តើអ្វីទៅជា Debit Card?

មុននឹងនិយាយអំពីអត្ថប្រយោជន៍របស់វា តើអ្វីទៅជា Debit Card? Debit Card គឺជាកាត ដែលចេញដោយធនាគាររបស់អ្នកនៅពេលដែលអ្នកបង់ថ្លៃនូវសេវាកម្មរបស់វា ហើយអ្នកអាចយកវាទៅចាយវាយនៅកន្លែងដែលគេមានទទួលនូវសេវាកម្មប័ណ្ណឥណ្ណពន្ធនេះបាន ហើយត្រូវចាំថាកាតទាំងនេះ គឺភ្ជាប់ផ្ទាល់ទៅនឹងគណនីធនាគាររបស់អ្នក ដូច្នេះរាល់ការចំណាយទាំងប៉ុន្មាន នឹងត្រូវបានកាត់យកចេញពីគណនីរបស់អ្នក ហើយមុននឹងប្រើប្រាស់កាតនេះ។ សូមបញ្ជាក់ផងដែរថា ចំពោះ Debit card នេះ គឺអ្នកត្រូវតែមានលុយជាស្រេច និងគ្រប់គ្រាន់នៅក្នុងគណនីរបស់អ្នក ទើបអ្នកអាចធ្វើការចំណាយដោយប្រើប្រាស់សេវាកម្មកាតទាំងនេះបាន។

 

អត្ថប្រយោជន៍នៃប័ណ្ណឥណ្ណពន្ធ ឬ Debit Card

1. មានភាពងាយស្រួលក្នុងការចំណាយ

បច្ចុប្បន្ននេះ មានភោជនីយដ្ឋាន ហាងសំលៀកបំពាក់ និងហាងផ្សេងៗទៀតជាច្រើន ដែលទទួលការចំណាយតាមរយៈកាតធនាគារ ឬ debit card នេះ ដូច្នេះការចំណាយ កាន់តែមានភាពងាយស្រួល និងសាមញ្ញបំផុត ដោយសារតែការចំណាយទាំងនោះនឹងត្រូវបានដកចេញផ្ទាល់ពីគណនីធនាគាររបស់អ្នក ដែលមានលុយហើយជាស្រេចនៅក្នុងនោះ។ ដោយសារតែបែបនេះ អ្នកមិនចាំបាច់នៅរងចាំឲ្យគេធ្វើដំណើរការផ្សេងៗដូចជាកាតឥណទាន (credit card) នោះទេ ហើយពិសេសជាងនេះនោះ អ្នកមិនចាំបាច់កាន់លុយទាំងដុំៗតាមខ្លួននោះទេ អ្វីដែលអ្នកត្រូវការនោះគឺត្រឹមតែកាតមួយសន្លឹក ហើយនិងប្រាក់សុទ្ធតិចតួចតែប៉ុណ្ណោះសម្រាប់ប្រើប្រាស់នៅកន្លែងមួយចំនួនដែលមិនមានសេវាកម្មនេះ ឬសម្រាប់ឲ្យរងវាន់ចាលុយ (tips) ជាដើម។

 

how_debit_cards_work

 

2. មានសុវត្ថិភាព

កាន់លុយ 1,000 ដុល្លាអាមេរិក ឬ 10,000 ដុល្លាអាមេរិក តាមខ្លួន និងកាន់កាតធនាគារមួយសន្លឹកតាមខ្លួន តើមួយណាអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពជាង? ប្រាកដជាកាន់កាតធនាគារហើយ ហើយកាតធនាគារទាំងអស់គឺសុទ្ធតែតម្រូវឲ្យអ្នកវាយបញ្ចូលនូវលេខកូដ បួន ឬប្រាំមួយខ្ទង់ ដែលអ្នកបានដាក់ផ្ទាល់ សម្រាប់រាល់ការចំណាយទាំងអស់។ ហើយបើទោះបីជាអ្នកបាត់កាតនោះក៏ដោយ អ្នកមិនចាំបាច់ភ័យនោះទេ គ្រាន់តែធ្វើការហៅទូរស័ព្ទទៅធនាគាររបស់អ្នក និងរាយការណ៍ប្រាប់ថាអ្នកបានបាត់កាតធនាគាររបស់អ្នក នោះធនាគារនឹងធ្វើការទប់ស្កាត់ ឬផ្អាកមិនឲ្យកាតនោះមានដំណើរការភ្លាម ដូច្នេះអ្នកដែលលួច ឬរើសកាតនោះទៅគឺមិនអាចប្រើប្រាស់វាបាននោះទេ ទោះបីជាពួកគេមានលេខកូដរបស់អ្នកក៏ដោយ តែអ្នកត្រូវរាយការណ៍ភ្លាមៗក្រោយពីអ្នកដឹងថាអ្នកបាត់វា។ អ្វីដែលអ្នកគួរពិចារណានោះ គឺគួរដាក់លេខកូដណា ដែលអ្នកផ្សេងមិនងាយទាយត្រូវ ហើយនិងមិនត្រូវចែករំលែកលេខកូដនោះជាមួយអ្នកផ្សេងឡើយ។

 

Visa-chip-credit-card-security-program

 

3. អាចប្រើសម្រាប់ទិញរបស់តាមអនឡាញបាន

ក្នុងសម័យអ៊ីនធឺណែតនេះ អ្នកអាចទិញរបស់តាមអនឡាញបានយ៉ាងងាយ បើទោះបីជាហាងនោះនៅប៉ែកម្ខាងទៀតនៃផែនដីក៏ដោយ ដោយប្រើប្រាស់នូវ Visa Card ឬ Master Card ប្រភេទ Debit Card នេះ។ បន្ថែមពីនេះនោះ អ្នកក៏អាចធ្វើការទិញនូវ apps, ហ្គែម, សៀវភៅ, បទចម្រៀង និងរបស់អ្នកចូលចិត្តជាច្រើននៅក្នុង App Store របស់ក្រុមហ៊ុន Apple និង Play Store របស់ Android ដោយប្រើប្រាស់កាតនេះបានផងដែរ។

 

OPEN-29-e1449073926576

 

4. អាចប្រើជាកាត ATM សម្រាប់ដកប្រាក់បាន

Debit card ឬ ប័ណ្ណឥណ្ណពន្ធ អាចប្រើប្រាស់ធ្វើជាកាត ATM សម្រាប់ដកប្រាក់តាមម៉ាស៊ីន ATM បាន ក៏ប៉ុន្តែកាត ATM ដែលធនាគារផ្តល់ឲ្យអ្នក គឺមិនអាចប្រើប្រាស់ជា Debit Card បានទេ ដូច្នេះអ្នកគួរតែប្រាប់ឲ្យធនាគាររបស់អ្នកឲ្យធ្វើការផ្លាស់ប្តូរកាត ATM របស់អ្នកឲ្យទៅជា Visa Card ប្រភេទ Debit Card ដោយគ្រាន់តែបង់នូវថ្លៃសេវាកម្មបន្តិចបន្តួចបន្ថែមតែប៉ុណ្ណោះ នោះអ្នកនឹងទទួលបានទាំងកាត ATM និង debit card ដែលអ្នកអាចប្រើប្រាស់បានយ៉ាងច្រើនរបៀប។

 

1398616540000-atm-71261077

 

5. អ្នកណាក៏អាចប្រើវាបាន

ផ្ទុយពី Credit Card ឬ កាតឥណទាន, អ្វីដែលអ្នកត្រូវការដើម្បីទទួលបាន Debit card មកប្រើប្រាស់នោះ គឺអ្នកត្រូវមានគណនីនៅធនាគារមួយ ហើយដោយសារការបង្កើតគណនីនៅធនាគារភាគច្រើន គឺមានភាពងាយស្រួល និងត្រូវការដាក់តម្កល់លុយតិចក្នុងការបង្កើតគណនីនីមួយៗ នោះអ្នកណាក៏អាចមានសិទ្ធិ និងលទ្ធភាពដើម្បីប្រាស់ Debit card បានដែរ។

 

Comments Off on ហេតុអ្វីបានជាអ្នកគួរប្រើ Debit Card (ប័ណ្ណ​ឥ​ណ្ណ​ពន្ធ) ជំនួសឲ្យការប្រើប្រាស់ ប្រាក់សុទ្ធ? សង្គម

Comments are closed.

យោបល់របស់អ្នកអាន