MENU

ដំណើរកំសាន្តឆ្ពោះទៅកោះទន្សាយនៅចុងថ្ងៃសប្តាហ៍ Rabbit Island (Koh Tunsay)

កោះទន្សាយគឺជាកោះដ៏តូចមួយដែលមានទីតាំងនៅដែនឈូងសមុទ្រខ្មែរ-ថៃ ដែលមានចំង៉ាយ ៤.៦ គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងកែប។ យើងអាចធ្វើដំណើរទៅតាមទូកឈើយឺតៗ ដោយចេញពីកំពុងផែក្រុងកែបពីម៉ោង ៩.០០ព្រឹក-ម៉ោង១៣.០០ថ្ងៃត្រង់ និង ជើងចុងក្រោយម៉ោង ១៥.០០ថ្ងៃត្រង់​ ហើយយើងអាចជួលទូកជាលក្ខណៈគ្រួសារ និង ជាលក្ខណៈឯកជនផ្ទាល់ខ្លួនផងដែរ ក្នុងតម្លៃទូកមួយ $២៥ ដែលអាចផ្ទុកចំនួនមនុស្សដល់ទៅ១០នាក់  ចំពោះតម្លៃសំបុត្រក្នុងម្នាក់តម្លៃ $៨ ទាំងទៅទាំងមកសម្រាប់ថ្ងៃដដែល និង ថ្ងៃបន្ទាប់ៗទៀត។ ក្នុងដំណើរកំសាន្តឆ្ពោះទៅកាន់កោះទន្សាយ ត្រូវចំណាយរយៈពេលវេលា ២០នាទី- ៤០នាទី ទៅតាមលក្ខខណ្ឌធម្មជាតិ និង អាកាសធាតុ។

Kep-Rabbit-Island-map

កោះទន្សាយជាកោះដែលស្ថិតនៅភាគនារតីនៃព្រះរាជាណាចក្រកម្ពុជា ហើយកោះនេះវាមានទ្រង់ទ្រាយដូចជារាងមួយចំហៀងរបស់ព្រះចន្ទ ដែលមានឆ្នេរពណ៌សម៉ត់ និង សមុទ្រខៀវស្រងាត់ដែលមានប្រវែង ២៥០ម៉ែត្រ ហើយជាទីតាំងសម្រាប់មនុស្សដែលចូលចិត្តភាពស្ងៀមស្ងាត់ និង ជីវិតបែបព្រៃភ្នំ។ នៅលើកោះមានរុក្ខជាតិបៃតងជាច្រើន និង ដើមដូងតាមបណ្តាយមាត់ឆ្នេរសមុទ្រ។ ចំពោះការហែលទឹកកំសាន្ត កោះទន្សាយនេះនឹងអាចផ្តល់ភាពងាយស្រួលសំរាប់អ្នកដែលចូលចិត្តហែលទឹក ដោយសារឆ្នេរសមុទ្រមានលក្ខណៈជម្រាលពីមាត់ឆ្នេររហូតដល់ទឹកជ្រៅ។​ ក្រៅពីនេះផ្ទះសំណាក់ដែលយើងស្នាក់នៅក៏បានផ្តល់ឲ្យយើងនូវសំភារៈសម្រាប់ហែលទឹក និង ឧបករណ៍ហែលទឹកដូច ជាបំពុងខ្យល់  និង ម៉ាស់សម្រាប់ពាក់មុចទឹកជាដើម។ សំរាប់ការកំសាន្តនៅក្នុងបាតសមុទ្រ យើងនឹងប្រទះឃើញមានប្រភេទសត្វក្នុងទឹកដូចជា ត្រីដែលមានពណ៍ចម្រុះ និង ប្រភេទផ្កាថ្មសមុទ្រដ៏កម្រមួយចំនួនផងដែរ។ នៅពេលដែលយើងងាកមកនិយាយអំពីការដើរនៅលើកោះទន្សាយមួយនេះវិញ យើងនឹងទទួលបាននូវបទពិសោធន៍ជាមួយនឹងទេសភាពរបស់ឈ្នេរខ្សាច់ដែមានពណ៌ស្រស់ស្អាត និងធម្មជាតិដ៍ស្រស់ថ្លា ជាមួយនឹងរុក្ខជាតិបៃតង ព្រមជាមួយព្រៃកោងកាង ដែលយើងអាចថតរូបបែបធម្មជាតិ ដែលទាំងអស់នោះអាចជួយឲ្យយើងរំសាយអស់នូវក្តីកង្វល់ទាំងឡាយដែលយើងមាន។ ជាមួយគ្នានេះដែល អ្នកក៏អាចចំណាយពេលវេលារបស់អ្នកជាមួយការដើរដំណើរកំសាន្ត តាមរយៈការជិះទូកដើម្បីផ្តិតយករូបភាព និង ទស្សនីយភាពជុំវិញកោះទន្សាយផងដែរ។

koh-tonsay

 

ចំពោះអាហារនិងការស្នាក់នៅវិញ មានភោជនីយដ្ឋានមួយចំនួននៅតាមផ្ទះសំណាក់ ក្នុងនោះយើងអាចកុម៉ង់ម្ហូបមានដូចជា អាហារគ្រឿងសមុទ្រ អាហារបែបបរទេស និង អាហារបែបខ្មែរជាដើម ជាមួយនឹងតម្លៃសមរម្យទៀតផង។ រីឯទីកន្លែងស្នាក់នៅវិញ គឺមានជាប្រភេទបែបខ្ទម និង កញ្ចុះ ដាច់ៗពីគ្នាដោយក្នុងនោះមានទាំងប្រភេទជាបែបខ្មែរ និង បរទេស ដោយយើងអាចជ្រើសរើសបានរវាងបន្ទប់កង្ហា ឬ ម៉ាស៊ីនត្រជាត់ផងដែរ ហើយបន្ទប់ទាំងអស់នោះសុទ្ធតែមានការផ្គត់ផ្គង់ប្រព័ន្ធទឹក និង ​ភ្លើងសព្វគ្រប់តែម្តង  ជាមួយតម្លៃក្នុងមួយយប់ចាប់ $១០-$១៥។  ទោះជាយ៉ាងណាមិញកោះទន្សាយនៅមានគុណវិបត្តិមួយនៅត្រង់ប្រព័ន្ធទូរស័ព្ទនូវមានកម្រិត ដូច្នេះយើងពុំអាចរំពឹងទុកថានឹងអាចប្រើប្រាស់ប្រព័ន្ធ Internet ដោយងាយស្រួលនៅក្នុងតំបន់នោះបានឡើយ។

kohtonsay

និយាយរួមការធ្វើដំណើរទេសចរណ៍នៅលើកោះទន្សាយពិតជាមានភាពសប្បាយយ៉ាងខ្លាំង ជាមួយនឹងខ្យល់ដ៏បរិសុទ្ធ  ជាពិសេសក្រោយពេលដែលអ្នកធ្វើការនឿយហត់ខ្លាំង ឬ មានអារម្មណ៍ស្ត្រេសខ្លាំង។ អ្នកគួរតែទៅឥឡូវនេះ នៅពេលដែលមិនទាន់មានគេទៅច្រើន អ្នកអាចនឹងឃើញឋានសួគ៌ពិតៗនៅលើផែនដីនៃព្រះរាជាណាចក្រកម្ពុជា។

 

Comments Off on ដំណើរកំសាន្តឆ្ពោះទៅកោះទន្សាយនៅចុងថ្ងៃសប្តាហ៍ Rabbit Island (Koh Tunsay) ដំណើរកំសាន្ត

Comments are closed.

យោបល់របស់អ្នកអាន