MENU

ទម្លាប់គេងចំលែកៗ របស់មហាសេដ្ឋី និងបុគ្គលល្បីៗមួយចំនួននៅជុំវិញពិភពលោក

ការគេងគឺជាពេលវេលាមួយដ៏ចាំបាច់ ដែលអាចនាំឲ្យអ្នកទទួលបានភាពជោគជ័យ ទាំងអ្នកធ្វើការ និងអ្នកប្រកបមុខរបរតែងត្រូវការពេលវេលានេះយ៉ាងខ្លាំង មិនថាទោះតិច ឬច្រើននោះទេ។ ផលប្រយោជន៍ ដែលទទួលបានពីការគេងលក់ស្កប់ស្កល់ ត្រូវបានបង្ហាញឲ្យឃើញកាន់តែច្បាស់នៅពេលដែលអ្នកស្រាវជ្រាវបានកំពុងតែសិក្សាទៅលើគោលបំណងនៃទម្លាប់គេងផ្សេងៗគ្នារបស់មនុស្សម្នាក់ៗ ពួកគេបានរកឃើញថា លទ្ធផលនៃការងារប្រចាំថ្ងៃរបស់មនុស្សភាគច្រើន ត្រូវបានធ្លាក់ចុះប្រសិនបើពួកគេមិនបានគេងឲ្យគ្រប់គ្រាន់ទៅតាមអ្វីដែលពួកគេចង់បាននោះ។ ក្រៅពីនេះពួកគេក៏បានរកឃើញផងដែរថា ការមានទម្លាប់គេងបានលក់ស្កប់ស្កល់ ទោះបីជាមានរយៈពេលតិចម៉ោងក្តី ក៏វាមានប្រយោជន៍ដល់ខួរក្បាល និងសុខភាពរបស់យើងជាងការគេងច្រើនម៉ោងតែមិនបានលក់ស្កប់ស្កល់ដែរ។

ខាងក្រោមនេះ គឺជាទម្លាប់ប្រចាំថ្ងៃនៃការគេងរបស់បុគ្គលល្បីៗមួយចំនួនលើពិភពលោក។ វាដូចទៅនឹងអ្វីដែលយើងនឹងឃើញខាងក្រោមនេះអញ្ចឹង ទម្លាប់នៃការគេងរបស់ពួកគេទាំងអស់នោះសុទ្ធតែមិនដូចគ្នានោះទេ ហើយក៏មានអ្នកខ្លះទៀតមានទម្លាប់គេងចំលែកខ្លាំងពីអ្នកផ្សេងផងដែរ។ សំខាន់បំផុត ឲ្យតែអ្នកមានអារម្មណ៍ថាស្រស់ស្រាយ និងមានគំណិតភ្លឺថ្លា ទោះអ្នកចង់មានទម្លាប់គេងយូរ ឬតិចម៉ោង ឬចង់មានទម្លាប់គេងច្រើនដងក្នុងមួយថ្ងៃក៏ដោយ គឺស្រេចតែនៅលើអ្នកនោះទេ។

 

លោក​ Bill Gates

រូបភាពពីគេហទំព័រ entrepreneur.com

គាត់ជាម្ចាស់ក្រុមហ៊ុន Microsoft ជាកំពូលមហារសេដ្ឋីលេខមួយ របស់សហរដ្ឋអាមេរិក និងពិភពលោក ហើយគាត់ក៏ជាអ្នកសរសេរសៀវភៅ វិនិយោគិន អ្នកជំនួញ និងអ្នកសរសេរកម្មវិធីកុំព្យូទ័រផងដែរ។ ទម្លាប់គេងរបស់គាត់ គឺ 7 ម៉ោងក្នុងមួយថ្ងៃ ចាប់ពីម៉ោង 12 យប់ ដល់ម៉ោង 7 ព្រឹក។

 

លោក Tim Cook

រូបភាពពីគេហទំព័រ entrepreneur.com

Tim Cook គឺជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Apple ហើយគាត់ក៏ជាមហាសេដ្ឋីរបស់សហរដ្ឋអាមេរិកដែរ។ គាត់មានទម្លាប់ចូលគេងពីព្រលប់ និងភ្ញាក់ពីព្រលឹម គឺចាប់ពីម៉ោង 9.30 យប់ ដល់ 4.30 ព្រឹក សរុបទៅគឺរយៈ 7 ម៉ោងដូចលោក Bill Gates ដែរ។

 

លោកប្រធានាធិបតេយ្យ Barack Obama

រូបភាពពីគេហទំព័រ entrepreneur.com

ថ្វីបើលោកមិនមានពេលច្រើនម៉ោងសម្រាប់គេង ប៉ុន្តែគាត់មានអារម្មណ៍រីករាយ និងចូលចិត្តជាមួយនឹងពេលវេលាដ៏ខ្លីទាំងនេះ ព្រោះថាការមានមុខតំណែងពិសេសនៅក្នុងសីតវិមានដូចជារូបគាត់ មិនមែនជារឿងងាយស្រួលនោះទេ ដោយជារៀងរាល់ថ្ងៃ គឹលោកត្រូវធ្វើការសំរេចចិត្តជាចាំបាច់ភ្លាមៗ និងសំខាន់ៗជាច្រើន។ ជាប្រចាំថ្ងៃគាត់មានទម្លាប់គេងបានប្រមាណជា 6 ម៉ោងតែប៉ុណ្ណោះ។

 

លោក Benjamin Franklin

រូបភាពពីគេហទំព័រ entrepreneur.com

យើងទាំងអស់គ្នាប្រាកដជាចំណាំលោកបានហើយ រូបគាត់ត្រូវបានគេប្រើប្រាស់ជាតំណាងនៅក្នុងក្រដាស់ប្រាក់ 100 ដុល្លាសហរដ្ឋអាមេរិក។ លោកគឺជាអតីតប្រធានអ្នកនិពន្ធ ម្ចាស់រោងពុម្ធ វិនិយោគិន អ្នកជំនាញផ្នែកនយោបាយ  និងជាអ្នកវិទ្យាសាស្ត្រផងដែរ។ គាត់មានទម្លាប់គេងជាប្រចាំថ្ងៃ 6 ម៉ោង គឺចាប់ពីម៉ោង 10 យប់ ដល់ 4 ព្រឹក។ ពាក្យប្រដៅមួយឃ្លាដ៏ពេញនិយមរបស់លោកគឺ ការមានទម្លាប់ចូលគេងពីព្រលប់ និងក្រោកពីព្រលឹម ធ្វើឲ្យយើងមានសុខភាពល្អ សម្បូរសប្បាយ និងប្រាជ្ញាឈ្លាសវៃ

 

លោក Donald Trump

រូបភាពពីគេហទំព័រ entrepreneur.com

លោកមានការតាំងចិត្ត ដោយមានទម្លាប់គេងក្នុងមួយថ្ងៃត្រឹមតែ 3 ម៉ោងតែប៉ុណ្ណោះ ដើម្បីយកជ័យជំនៈបាននៅលើគ្រប់មុខជំនួញ និងការប្រកួតប្រជែងនៅលើវិស័យផ្សេងៗរបស់លោក។ លោកមានជំនឿថា អ្នកដែលមានទម្លាប់គេងច្រើនម៉ោង មិនអាចយកឈ្នះអ្នកដែលមានទម្លាប់គេងតិចម៉ោងជាងនោះទេ ព្រោះអ្នកគេងតិចម៉ោង មានពេលវេលាច្រើនជាងដើម្បីសំរេចការងារ។

 

លោក Thomas Edison

រូបភាពពីគេហទំព័រ entrepreneur.com

លោក Thomas Edison គឺជាអ្នកជំនួញ និងជាអ្នកបង្កើតដំបូងគេនូវម៉ាស៊ីនចាក់ និងថតចម្រៀង ម៉ាស៊ីនថត និងអំពូលភ្លើង។ ចំពោះលោក ការគេង គឺជារឿងបង្ហិនពេលវេលា ដូចនេះលោកតែងតែបង្រួញពេលគេងរបស់លោកឲ្យកាន់តែខ្លី ទៅតាមដែលអាចធ្វើបាន។ លោកមានទម្លាប់គេងប្លែកពីអ្នកដទៃ ដោយមួយថ្ងៃគាត់់គេងប្រមាណជា 6 ដង (បួនម៉ោងគេងម្តង) ហើយម្តងៗគឺមានរយៈពេលត្រឹមតែកន្លះម៉ោងតែប៉ុណ្ណោះ សរុបទៅមួយថ្ងៃលោកគេងបានប្រហែលជា 3 ម៉ោងប៉ុណ្ណោះ។

 

លោក Leonardo da Vinci

រូបភាពពីគេហទំព័រ entrepreneur.com

លោក Leonardo da Vinci គឺជាកំពូលអ្នកប្រាជ្ញដ៏ល្បីរបស់ប្រទេសអ៊ីតាលី នៅក្នុងសតវត្សរ៍ទី 15 ដោយលោកមានជំនាញក្នុងការផលិតរបស់ថ្មី គំនូរ ចំលាក់ ស្ថាបត្យកម្ម វិទ្យាសាស្ត្រ តន្ត្រី គណិតវិទ្យា វិស្វកម្ម អក្សរសាស្ត្រ កាយវិភាគសាស្ត្រ ភូគព្ភសា វិស័យតារាសាស្ត្រ រុក្ខសាស្ត្រ ការសរសេរ ប្រវត្តិសាស្រ្ត និងការធ្វើផែនទី។ ទម្លាប់នៃការគេងរបស់លោកក៏ចំលែកដូចលោក Thomas Edison ហើយថែមទាំងមានរយៈពេលរិតតែតិចជាងគាត់ទៅទៀត គឺលោកគេងតែ 2 ម៉ោងក្នុងមួយថ្ងៃតែប៉ុណ្ណោះ ដោយទម្លាប់គេងរបស់លោក គឺរយៈពេល 20 នាទីរៀងរាល់ 4 ម៉ោងម្តង។

Comments Off on ទម្លាប់គេងចំលែកៗ របស់មហាសេដ្ឋី និងបុគ្គលល្បីៗមួយចំនួននៅជុំវិញពិភពលោក សង្គម, សុខភាព

Comments are closed.

យោបល់របស់អ្នកអាន