MENU

យល់ដឹងខ្លះៗអំពីការជ្រើសរើសពណ៌

សំរាប់មនុស្សមួយចំនួនតែងតែគិតថា ការជ្រើសរើសពណ៌សំលៀកបំពាក់ឲ្យស៊ីគ្នាមិនមែនជាកត្តាសំខាន់នោះទេ។ ទាំងអស់នោះគឺដោយសារពួកគេមិនមាន ឬ ពុំបានយល់ដឹងអំពីពណ៌ និង ការគួបផ្សំពណ៌។ វាជាការពិតណាស់ដែលថាការជ្រើសរើសពណ៌សំរាប់សំលៀកបំពាក់ប្រចាំថ្ងៃរបស់យើងមិនមែនជាការងាយស្រួលនោះទេ។

ដូចនេះដើម្បីឲ្យងាយយល់ក្នុងការគួបផ្សំពណ៌សំលៀកបំពាក់ដើម្បីឲ្យវាមានភាពស៊ីគ្នានោះ យើងគួរចាំបាច់ស្គាល់ឲ្យច្បាស់អំពីពណ៌ជាមុនសិន។

  • ការប្រើប្រាស់រង្វង់ពណ៌

យើងទាំងអស់គ្នាអាចយល់ដឹងអំពីការរួមផ្សំពណ៌តាមរយៈការប្រើប្រាស់នូវកងរង្វង់ពណ៌។

color-wheel

 

អញ្ចឹងតើអ្វីទៅគឺជាកងរង្វង់ពណ៌??

កងរង្វង់ពណ៌គឺជាកងរង្វង់មូលដែលមានពណ៌ជាច្រើននៅក្នុងកងនោះ ដើម្បីជួយដល់អ្នកប្រើប្រាស់ក្នុងការគួបផ្សំពណ៌បញ្ចូលគ្នា។ គ្រប់ពណ៌ទាំងអស់គឺកើតចេញពីពណ៌ក្រហម លឿង និង ខៀវ ដែលយើងហៅពណ៌ទាំងបីនេះជាមូលដ្ឋាននៃពណ៌។ ការគួបផ្សំរវាងមូលដ្ឋាននៃពណ៌នឹងបង្កើតចេញជាពណ៌ជាច្រើនទៀតដែលមានលក្ខណៈបែកចេញជាពណ៌ក្រហម លឿង ឬ ខៀវ ទៅតាមការដាក់បញ្ចូលពណ៌ទាំងនោះចូលគ្នា។ ឧទាហរណ៍ នៅពេលដែលយើងដាក់បញ្ចូលពណ៌ក្រហមជាមួយនឹងពណ៌ខៀវយើងនឹងទទួលបានពណ៌ស្វាយ ប៉ុន្តែពណ៌ស្វាយនោះអាចនឹងមានលក្ខណៈជាស្វាយដែលបែកក្រហមខ្លាំង (ដោយសារចំនួនពណ៌ក្រហមច្រើនជាងពណ៌ខៀវ) ឬ ពណ៌ស្វាយដែលបែកខៀវខ្លាំង (ដោយសារពណ៌ខៀវច្រើនជាងក្រហម)។

ក្រៅពីការរួមបញ្ចូល និង បែងចែកនូវមូលដ្ឋាននៃពណ៌ដែលបានពីកងរង្វង់ពណ៌ យើងក៏គួរតែយល់ដឹងអំពីការបែងចែកពណ៌ទៅតាមសីតុណ្ហភាពដែរ។

 

អញ្ចឹងតើគេបែងចែកពណ៌ទៅតាមសីតុណ្ហភាពយ៉ាងដូចម៉្តេច?

នៅក្នុងរង្វង់ពណ៌គេបានបែងចែកពណ៌ទៅតាមសីតុណ្ហភាពដូចជាពណ៌ដែលមើលទៅក្តៅ និង ពណ៌ដែលមើលទៅត្រជាក់។ ពណ៌ដែលក្តៅមានដូចជាពណ៌លឿង ក្រហម ឬ ទឹកក្រូចជាដើម។​ សំរាប់ពណ៌ដែលមើលទៅត្រជាក់វិញមានដូចជាពណ៌ខៀវ ស្វាយ ឬ បៃតងជាដើម។ ការជ្រើសរើសពណ៌ដែលមានសីតុណ្ហភាពដូចគ្នាដាក់ជាមួយគ្នាគឹជាវិធីសាសស្ត្រនៃការផ្គួបពណ៌ដែលល្អ និង ស៊ីគ្នា។ ឧទាហរណ៍ ពណ៌ខៀវ និង ផ្ទៃមេឃ។

 

Color-Temperature

 

មិនមែនពណ៌ទាំងអស់សុទ្ធតែត្រូវបានបង្កើតឡើងពីការផ្សំគ្នារបស់ពណ៌មូលដ្ឋាននោះទេ!

ក្រៅពីពណ៌មូលដ្ឋានទៅមានពណ៌មួយចំនួនដែលត្រូវបានគេចាត់ទុក្ខជាពណ៌ធម្មជាតិ ដែលមិនមែនកើតឡើងពីការផ្សំពណ៌ដ៏ទៃចូលគ្នានោះទេ។ ពណ៌ទាំងនោះរួមមាន ពណ៌ខ្មៅ ស ប្រផេះ និង ត្នោតជាដើម។ សំរាប់ពណ៌ខ្មៅ និង ពណ៌ស គឺជាប្រភេទពណ៌ដែលងាយនឹងគួបផ្សំជាមួយពណ៌ផ្សេងៗ។

 

BlackWhite

 

តែទោះបីជាដូចនេះក្តីក៏មិនមានន័យថាពណ៌ស និង ខ្មៅ អាចគួបផ្សំត្រូវគ្នាជាមួយគ្រប់ពណ៌នោះទេ ក្នុងនោះក៏មានពណ៌មួយចំនួនដែលយើងជៀសវាងប្រើប្រាស់ជាមួយពណ៌ទាំងពីនេះដែរ។ ឧទាហរណ៍ការគួបផ្សំពណ៌ខ្មៅជាមួយពណ៌ត្នោត ឬ ពណ៌សជាមួយពណ៌សាច់ ព្រោះវាអាចធ្វើឲ្យយើងមានអារម្មណ៍ថាមិនសូវជាស័ក្តសម ឬ ស៊ីគ្នានោះទេ។

 

P209-Black-Ochre

 

ដូចនេះពណ៌បានប្រែក្លាយទៅជារឿងមួយដែលចាត់ទុកថាចាំបាច់សំរាប់យើងទាំងអស់គ្នា បន្ទាប់ពីយើងបានយល់ច្បាស់អំពីវារួចមក។ សំរាប់វិធីសាស្ត្រនៃការគួបផ្សំពណ៌សំលៀកបំពាក់ដើម្បីឲ្យវាមានលក្ខណៈស៊ីគ្នា និង ពណ៌មួយចំនួនដែលយើងគួរជៀសវាងប្រើប្រាស់ជាមួយគ្នា គឺមាននៅក្នុងអត្ថបទបន្ទាប់។

 

Comments Off on យល់ដឹងខ្លះៗអំពីការជ្រើសរើសពណ៌ សង្គម, សំលៀកបំពាក់

Comments are closed.

យោបល់របស់អ្នកអាន