MENU

គ្រោះថ្នាក់ចរាចរណ៍ ដែលអាចបង្កឡើងពីការបើកបរដោយមិនមានស្បែកជើង

រវាងការបើកបរដោយពាក់ស្បែកជើង និងជើងទទេ តើប្រិយមិត្តទាំងអស់គ្នាមានទម្លាប់មួយណាដែរ? សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំធ្លាប់មានទម្លាប់បើកបរដោយជើងទទេ ដោយកាលពីមុនខ្ញុំតែងមានគំណិតថា ការបើកបរបែបនេះមានលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងល្បឿនរថយន្ត និងវាហាក់បីដូចជាមានភាពស្និទ្ធជាមួយឈ្នាន់រថយន្ត ជាងការបញ្ជាដោយពាក់ស្បែកជើង។ ប៉ុន្តែការគិត និងទម្លាប់មួយនេះត្រូវបានផ្លាស់ប្តូរទាំងស្រុង បន្ទាប់ពីថ្ងៃដែលខ្ញុំរៀបនឹងជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារការបើកបរដោយមិនមានស្បែកជើងនេះ ក៏ប៉ុន្តែជាសំណាងល្អ ដែលពេលនោះខ្ញុំបើកបរក្នុងល្បឿនយឺតតែប៉ុណ្ណោះ។

រូបភាពពីគេហទំព័រ edmunds.com

អញ្ចឹង តើមូលហេតុអ្វីដែលថាការបើកបរដោយជើងទទេអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បាន?

ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការជៀសពីការប៉ះទង្គិចគ្នា និងការបញ្ឈប់រថយន្តជាបន្ទាន់ រាល់ពេលបើកបរ គឺតម្រូវឲ្យមានប្រព័ន្ធហ្វ្រាំងដែលល្អ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺសមត្ថភាពក្នុងការប្រតិកម្មឲ្យបានរហ័សទាន់ពេលវេលា និងការបញ្ជូនកំលាំងជើងឲ្យបានគ្រប់គ្រាន់ទៅដល់ឈ្នាន់ហ្វ្រាំង។ សម្រាប់មូលហេតុ ដែលថាការបើកបរដោយជើងទទេអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បាននោះ គឺដោយសារតែ៖

  • ការបញ្ជាទៅលើឈ្នាន់ដោយជើងទទេ អាចបង្កឲ្យមានការរអិល នៅពេលដែលជើងរបស់អ្នកមានជាតិសំណើមច្រើនដោយសារការបែកញើស ឬបន្ទាប់ពីអ្នកបានលាងសំអាតជើងរួច
  • បាតស្បែកជើង ដែលធ្វើពីជាតិកៅស៊ូ ជាមួយនឹងក្រឡាដែលមាននៅលើផ្ទៃបាតស្បែកជើង អាចជួយកាត់បន្ថយភាពរអិលក្នុងការបញ្ជាទៅលើទាំងឈ្នាន់ល្បឿន ហ្វ្រាំង ឬអំប្រាយ៉ាហ្ស
  • សម្រាប់ប្រភេទរថយន្តលេខដៃ ជាពិសេសទៅលើរថយន្តម៉ូដែលចាស់ៗ ក្នុងការបញ្ជាទៅលើអំប្រាយ៉ាហ្ស តម្រូវឲ្យប្រើប្រាស់កំលាំង និងទម្ងន់ជើងធ្ងន់ ដូចនេះការពាក់ស្បែកជើងឲ្យបានត្រឹមត្រូ វគឺជារឿងមួយដ៏ចាំបាច់
  • បាតជើងរបស់អ្នកអាចនឹងចាប់ផ្តើមឈឺ ឬឡើងពងបែក នៅពេលដែលអ្នកធ្វើការជាន់ឈ្នាន់ល្បឿន ហ្វ្រាំង និងជាពិសេសនោះគឺឈ្នាន់អំប្រាយ៉ាហ្ស ជាញឹកញាប់នៅពេលបើកបរ ដែលជាហេតុធ្វើឲ្យមានការធ្លាក់ចុះនូវសមត្ថភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងរថយន្ត
  • ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ការពាក់ស្បែកជើងឲ្យបានត្រឹមត្រូវអាចជួយកាត់បន្ថយនូវការរងរបួសនៅត្រង់ផ្នែកជើង ដោយសារនៅក្នុងករណីគ្រោះថ្នាក់មួយចំនួន គឺអាចមានជាអំបែងកញ្ចក់ដែលធ្វើឲ្យមុតជើង ឬការប៉ះទង្គិចធ្ងន់ធ្ងរ។

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

រូបភាពពីគេហទំព័រ edmunds.com

សម្រាប់ប្រភេទស្បែកជើង ដែលអ្នកគួរជ្រើសរើសក្នុងការបើកបរ វាគួរតែជាប្រភេទស្បែកជើង ដែលជាលក្ខណៈខ្លុប ឬក៏ជាស្បែកជើងកីឡាជាដើម។ ជៀសវាងការប្រើប្រាស់នូវប្រភេទស្បែកជើងកែង ឬស្បែកជើងផ្ទាត់ ដោយការប្រើប្រាស់នូវប្រភេទស្បែកជើងទាំងពីរនេះ អាចបង្កឲ្យមានភាពលំបាកក្នុងពេលបើកបរ ធ្វើឲ្យធ្លាក់ចុះនូវសមត្ថភាពក្នុងការប្រតិកម្មឲ្យបានរហ័សទាន់ពេលវេលា និងអាចធ្វើឲ្យរអិលនៅពេលបញ្ជាឈ្នាន់រថយន្តជាដើម។

Comments Off on គ្រោះថ្នាក់ចរាចរណ៍ ដែលអាចបង្កឡើងពីការបើកបរដោយមិនមានស្បែកជើង យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន