MENU

អត្ថប្រយោជន៍ដ៏មហិមាពីការទទួលទានគ្រាប់ល្ងខ្មៅ

ប្រសិនបើអ្នកមានចំណង់ចំណូលចិត្តញ៉ាំចំណីអាហារ ដែលមានផ្សំ ឬរោយជាមួយគ្រាប់ល្ងខ្មៅ ដូចជានុំប៉័ង នុំកង បង្អែមល្ងខ្មៅ ឬក៏ម្ហូបអាហារ ដែលប្រើប្រាស់ប្រេងល្ងខ្មៅ អ្នកប្រាកដជាសប្បាយចិត្ត ដែលដឹងថា ទង្វើដែលអ្នកកំពុងធ្វើ និងចំណង់ចំណូលចិត្តដែលអ្នកមាននេះ បានផ្តល់នូវផលប្រយោជន៍ល្អជាច្រើនដល់សុខភាពរបស់អ្នក។

sesame_625x350_81465212425

រូបភាពពីគេហទំព័រ food.com

sesame_625x350_51470305087

រូបភាពពីគេហទំព័រ food.com

ថ្វីបើគ្រាប់ល្ងខ្មៅមានទំហំតូចក៏ពិតមែន ក៏ប៉ុន្តែវាគឺជាអាហារ ដែលមានអនុភាព និងអាចផ្តល់ផលប្រយោជន៍ជាច្រើន ដោយកន្លងមក ជនជាតិចិនបានរកឃើញ និងមានជំនឿក្នុងការប្រើប្រាស់វា ដើម្បីការលើកកម្ពស់ដល់ផលប្រយោជន៍សុខភាព និងប្រឆាំងនឹងភាពចាស់ជរា។ សម្រាប់ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួន ដែលយើងនឹងទទួលបានពីការទទួលទានគ្រាប់ល្ងខ្មៅ ជាប្រចាំថ្ងៃ។

 

ជួយប្រឆាំងនឹងភាពចាស់ជរា

ជនជាតិចិនមានជំនឿថា សារធាតុចិញ្ចឹម ដែលមាននៅក្នុងគ្រាប់ល្ងខ្មៅអាចជួយក្នុងការពន្យាពេល ឬការផ្លាស់ប្តូរ ផលប៉ះពាល់ដែលទាក់ទងនឹងការវិវត្តន៍ទៅរកភាពចាស់ជរា។ តាមរយៈការសិក្សា ដែលបានធ្វើឡើងដោយសាកលវិទ្យាល័យ Harvard ក្នុងឆ្នាំ 2010 បានបង្ហាញថា នៅក្នុងគ្រាប់ល្ងខ្មៅ គឺសម្បូរទៅដោយវីតាមីន B និងជាតិដែក។ ដោយឡែក សម្រាប់មនុស្សភាគច្រើន ដែលកង្វះវីតាមីន B ឬជាតិដែក តែងមានរោគសញ្ញាដូចជាសក់ឡើងស្កូវ បញ្ហាសក់ជ្រុះ និងបញ្ហាភ្លេចភ្លាំងផងដែរ ដោយទាំងអស់នេះសុទ្ធតែមានទាក់ទងទៅនឹងដំណើរវិវត្តន៍ទៅរកភាពចាស់ជរា។

best-anti-aging-treatment-tips

រូបភាពពីគេហទំព័រ food.com

 

ធ្វើឲ្យស្បែកស្រស់ស្អាតមានសុខភាពល្អ និងឆ្អឹងរឹងមាំ

ជាតិកាល់ស្យូម និងស័ង្កសីដ៏ច្រើនសម្បូរបែប ដែលមាននៅក្នុងគ្រាប់ល្ងខ្មៅអាចរក្សាអោយឆ្អឹងរឹងមាំ និងជួយកាត់បន្ថយការប្រឈមនឹងជំងឺពុកឆ្អឹង។ ម៉្យាងវិញទៀត នៅក្នុងគ្រាប់ល្ងខ្មៅក៏មានផ្ទុកទៅដោយវីតាមីន E ផងដែរ ដោយវីតាមីនប្រភេទនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ស្បែកស្អាត ដែលមានសុខភាពល្អ។ អត្ថប្រយោជន៍នៃល្ងខ្មៅដល់សុខភាពទាំងនេះ អាចរក្សាឲ្យសុខភាពរបស់យើងនៅរឹងមាំ និងស្រស់ស្អាត ទោះបីជាយើងស្ងិតនៅក្នុងវ័យអាយុច្រើនក៏ដោយ។

78629284_t750x550

រូបភាពពីគេហទំព័រ food.com

 

ជួយរក្សាស្ថិរភាពនៃសម្ពាធឈាម

នៅក្នុងគ្រាប់ល្ងខ្មៅ គឺសម្បូរទៅដោយជាតិម៉ាញ៉េស្យូម ដែលជួយការពារយើងពីជំងឺលើសឈាម។ ម៉្យាងវិញទៀត ពពួកខ្លាញ់ polyunsaturated និង sesamin ដែលមាននៅក្នុងប្រេងល្ងខ្មៅ មានតួនាទីក្នុងការរក្សាកម្រិតសម្ពាធឈាមរបស់យើងឲ្យនៅក្នុងកំរិតមួយសមស្របផងដែរ។

1427396018626

រូបភាពពីគេហទំព័រ food.com

 

ជួយកាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីក

ពពួកខ្លាញ់ sesamin ដែលមាននៅក្នុងគ្រាប់ល្ងខ្មៅ ត្រូវបានគេរកឃើញថា វាមានសមត្ថភាពការពារថ្លើម ប្រឆាំងនឹងការខូចខាត ដែលបណ្តាលមកពីរ៉ាឌីកាល់សេរីក្នុងរាងកាយ។ ដោយសារតែ ថ្លើមរបស់យើង ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការបន្សាបជាតិពុលក្នុងរាងកាយរបស់យើង ដូចនេះការថែរក្សាការពារថ្លើមរបស់យើង គឺដូចជា ការការពារសារពាង្គកាយរបស់យើងពីជំងឺផ្សេងៗ ជាពិសេសគឺប្រឆាំងនឹងជំងឺមហារីកផងដែរ។ លើសពីនេះទៀត នៅក្នុងគ្រាប់ល្ងខ្មៅ គឺសម្បូរទៅដោយសារធាតុជាតិសរសៃ lignans (សារជាតិប្រឆាំងអុកស៊ីតកម្ម) និង phytosterols (ធាតុគីមីរុក្ខជាតិ) ដែលអាចជួយការពារសារពាង្គកាយរបស់យើង ប្រឆាំងនឹងការវិវត្តន៍នៃជំងឺមហារីកជាច្រើន ដូចជាមហារីកពោះវៀនជាដើម។

superfoods-fight-cancer

រូបភាពពីគេហទំព័រ food.com

 

ព្យាបាលបញ្ហាទល់លាមក និងបញ្ហាប្រព័ន្ធរំលាយអាហារ

គ្រាប់ល្ងខ្មៅគឺជាថ្នាំដ៏ពូកែសក្តិសិទ្ធិសម្រាប់ព្យាបាលបញ្ហាទល់លាមក។ ខ្លាញ់ដែលមាននៅក្នុងគ្រាប់ល្ងខ្មៅ អាចជួយបន្ថែមជាតិរអិលនៅក្នុងពោះវៀនធំរបស់យើង ខណៈពេលដែលជាតិសរសៃរបស់វា ជួយធ្វើឲ្យមានភាពរលូនក្នុងការដឹកជញ្ជូនចំណីអាហារ និងកាកសំណល់នៅក្នុងប្រព័ន្ធរំលាយអាហាររបស់យើង។ ក្រៅពីការព្យាបាលបញ្ហាទល់លាមក គ្រាប់ល្ងតូចៗនេះ ក៏មានប្រសិទ្ធភាពក្នុងការកំចាត់ពពួកដង្កូវក្នុងពោះវៀនផងដែរ ដែលវាជួយធ្វើឲ្យការរំលាយអាហាររបស់យើងកាន់តែប្រសើរឡើង។

how-to-have-a-healthy-smooth-digestive-system

រូបភាពពីគេហទំព័រ food.com

 

 

Comments Off on អត្ថប្រយោជន៍ដ៏មហិមាពីការទទួលទានគ្រាប់ល្ងខ្មៅ សុខភាព

Comments are closed.

យោបល់របស់អ្នកអាន