MENU

ការទទួលទានប៊ីចេងច្រើន ផ្តល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាព?

នៅប៉ុន្មានទស្សវត្ត កន្លងមកនេះ តែងមានដំណឹងអំពី ផលប៉ះពាល់របស់ប៊ីចេង ដល់អ្នកដែលមានទម្លាប់តែងប្រើប្រាស់ និងទទួលទានម្អូបដែលផ្សំពីវា ប៉ុន្តែ ទោះបីជាយ៉ាងដូចនេះក្តី ក៏នៅមានមនុស្សភាគច្រើន មិនបានបោះបង់ចោលការប្រើប្រាស់ប៊ីចេងនៅក្នុងចំណីអហារ របស់ពួកគេនោះឡើយ។ អញ្ចឹង តើមូលហេតុអ្វីបានជាពួកគេទាំងនោះនៅតែបន្តប្រើប្រាស់វា? តើវាអាចមកពីប៊ីចេង ធ្វើឲ្យពួកយើងញៀនមែនឬទេ? ហើយ តើវានឹងផ្តល់ផលប៉ះពាល់អ្វីខ្លះ ដល់សុខភាពរបស់យើង បើយើងមានទម្លាប់ទទួលទានវារាល់ថ្ងៃបែបនេះ?

Untitled-5

រូបភាពពីគេហទំព័រ food.com

ប៊ីចេង ឬក្នុងភាសារបច្ចេកទេសហៅថា MSG (Monosodium glutamate) គឺជាគ្រឿងទេសបង្កើនរសជាតិអាហារម៉្យាង មានរូបរាងជាល្បាយសថ្លាល្អិតៗ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងស្ករស និងអំបិលដែរ ដែលជាទូទៅគេតែងប្រើប្រាស់វាបន្ថែមនៅក្នុងមុខម្អូបជាច្រើនមុខ ជាពិសេសគឺម្អូបចិន ស៊ុបសំរាប់គុយទាវ ឬមី អាហារកញ្ចប់ និងអាហារកំប៉ុង ជាដើម ដើម្បីឲ្យចំណីអាហារទាំងអស់នោះមានរសជាតិប្រសើរឡើង។

ប៊ីចេង ត្រូវបានអង្គការចំណីអាហារពិភពលោក ចាត់ទុកថាគឺជាគ្រឿងផ្សំទៅក្នុងចំណីអាហារមួយដែល ជាទូទៅត្រូវបានគេទទួលស្គាល់ថាមានសុវត្ថិភាព ក៏ប៉ុន្តែសំរាប់ក្បួនច្បាប់ និងបរិមាណនៃការប្រើប្រាស់វាឲ្យមានសុវត្ថិភាពនោះ គឺនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ ដោយសារ តែមូលហេតុនេះហើយ ទើបរាល់ចំណីអាហារ ដែលមានបន្ថែមនូវប៊ីចេង គឺសុទ្ធតែតម្រូវឲ្យមានផ្តល់ជាពត៌មាននៅលើស្លាករាយឈ្មោះគ្រឿងផ្សំ។

Untitled-6

រូបភាពពីគេហទំព័រ food.com

Untitled-7

រូបភាពពីគេហទំព័រ food.com

ទោះបីជា ប៊ីចេងត្រូវបានគេទទួលស្គាល់ថាមានសុវត្ថិភាពសំរាប់ប្រើប្រាស់ក្នុងចំណីអាហារក្តី ក៏ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកស្រាវជ្រាវបានទទួលពត៌មានជាច្រើន ដែលទាក់ទងទៅនឹងអាការមួយចំនួនបានកើតមានឡើងបន្ទាប់ពី ការទទួលទានអាហារដែលមានប៊ីចេង អាការទាំងអស់នោះមានដូចជា៖

  • ឈឺក្បាល និងវិលមុខ
  • ហេវហត់ អស់កំលាំង
  • បែកញើស
  • ឈឺដើមទ្រូង
  • ព្រិលភ្នែក
  • បេះដូងលោតញាប់
  • ស្ពឹកមុខ
  • ចុករោយសាច់ដុំត្រង់ស្មា និងក
  • និង មានអារម្មណ៍ក្រហាយមុខជាដើម

សំរាប់អាការទាំងអស់នោះ ក្រុមអ្នកស្រាវជ្រាវបានទទួលស្គាល់ថាមានមនុស្សមួយភាគតូច អាចមានប្រតិកម្មរយៈពេលខ្លីទៅនឹងការទទួលទានប៊ីចេង ក៏ប៉ុន្តែពួកគេនៅមិនទាន់រកឃើញ ភស្តុតាងច្បាស់លាស់នៃការផ្សារភ្ជាប់គ្នារវាងប៊ីចេង និងអាការទាំងនោះនៅឡើយទេ។ ជាធម្មតាអាការ ទាំងនោះមានសភាពស្រាល កើតមានឡើងក្នុងរយៈពេលខ្លី និងមិនតម្រូវឲ្យមានការព្យាបាលទេ។ វិធីតែមួយគត់ដើម្បីទប់ស្កាត់កុំឲ្យប្រតិកម្ម គឺឈប់ទទួលទាននូវអាហារដែលមានផ្ទុកទៅដោយប៊ីចេង។

ក្រៅពីអាការដែលអាចកើតមានក្នុងរយៈពេលខ្លីទាំងអស់នេះ ពួកគេក៏បានស្រាវជ្រាវឃើញផងដែរថាការទទួលទានប៊ីចេងនឹងផ្តល់ផលប៉ះពាល់មួយចំនួនទៀតដល់សុខភាពរបស់យើង ដូចជា៖

  • ចំនួនកាឡូរីនៅក្នុងអាហារដែលប្រើប្រាស់ប៊ីចេង គឺមានច្រើនជាងនៅក្នុងចំណីអាហារធម្មតា ដូចនេះការទទួលប៊ីចេងច្រើនគឺបង្កើនចំនួនកាឡូរីនៅក្នុងខ្លួនរបស់យើង ដែលជាហេតុបង្ករឲ្យយើងមានជំងឺធាត់
  • ការទទួលទានចំណីអាហារដែលមានប៊ីចេង អាចធ្វើឲ្យយើងទទួលទានអាហារច្រើន ឬមានភាពងប់ងុលទៅនឹងចំណីអាហារ ដែលជាហេតុបង្ករឲ្យយើងមានជំងឺធាត់
  • វាអាចបង្ករឲ្យសម្ពាធឈាមឡើងខ្ពស់ ឈឺក្បាល និងក្អួតចង្អោរជាដើម តែអាការទាំងនេះកើតមានឡើងនៅក្នុងករណីដែលប្រើប្រាស់ប៊ីចេងក្នុងកម្រិតខ្ពស់តែប៉ុណ្ណោះ

អញ្ចឹង តើយើងទាំងអស់គ្នាគួរឈប់ទទួលទានអាហារដែលមានប្រើប៊ីចេង ឬយ៉ាងណា?

ការជៀសឲ្យផុតពីការទទួលទានចំណីអាហារដែលមានផ្ទុកប៊ីចេងនោះ គឺមិនមែនជារឿងមួយដែលងាយស្រួលនោះទេ ពីព្រោះសឹងតែគ្រប់ចំណីអាហារទៅហើយ គឺសុទ្ធតែមានផ្ទុកទៅដោយប៊ីចេង ឬ MSG គ្រាន់តែវាមានចំនួនតិច ឬក៏ច្រើនតែប៉ុណ្តោះ។ ដំណោះស្រាយដ៏ល្អបំផុតនោះគឺ ព្យាយាមទទួលទានម្អូបអាហារ ដែលចម្អិននៅផ្ទះដោយយើងផ្ទាល់ តាមតែអាចធ្វើទៅបាន ជាមួយនឹងការប្រើប្រាស់បន្លែ និងសាច់ស្រស់ៗ ជៀសវាងដាច់ខាតនូវការបន្ថែមប៊ីចេងចូលទៅក្នុងចំណីអាហារ ដើម្បីបង្កើនរសជាតិ។

Comments Off on ការទទួលទានប៊ីចេងច្រើន ផ្តល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាព? សុខភាព

Comments are closed.

យោបល់របស់អ្នកអាន