MENU

AirPods: កាស wireless ថ្មីរបស់ក្រុមហ៊ុន Apple

ក្រុមហ៊ុន Apple ទើបតែបានប្រកាសពីផលិតផល និង updates ថ្មីៗពួកគេកាលពីយប់ថ្ងៃទី 08 ខែកញ្ញា ឆ្នាំ 2016 នេះ។ បន្ថែមពីលើការប្រកាសជាផ្លូវការអំពីទូរស័ព្ទ iPhone 7 និង 7 Plus ដ៏ល្បីរបស់ពួកគេ ដែលមិនមានរន្ធដោតកាសដូចម៉ូដែលមុនៗនោះ ក្រុមហ៊ុន Apple ក៏បានណែនាំនូវកាស wireless ថ្មីផងដែរ នោះគឺ AirPods ។

 

ការឌីហ្សាញ

AirPods ត្រូវបានឌីហ្សាញឡើងយ៉ាងល្អឥតខ្ចោះដោយក្រុមហ៊ុន Apple ផ្ទាល់ វាមានរាងដូចកាសរបស់ iPhone មុនៗដែរ តែមិនមានខ្សែ និងប៊ូតុងអ្វីទាំងអស់ ហើយវាមានភ្ជាប់មកជាមួយនឹងប្រអប់ ដែលអ្នកអាចប្រើប្រាស់សម្រាប់សាកថ្ម AirPods បាន ជាពិសេសនោះ គឺវាមានរាងតូចជាងប្រអប់កាសរបស់ iPhone មុនៗងាយស្រួលយកតាមខ្លួន។

 

mmef2

mmef2_av1

mmef2_av2

mmef2_av3

 

 

ភាពងាយស្រួលប្រើប្រាស់ និងលក្ខណៈពិសេសៗ

ការភ្ជាប់ AirPods ទៅ iPhone និង Apple Watch គឺមានលក្ខណៈងាយស្រួលបំផុត ដោយអ្នកគ្រាន់តែបើកគម្របប្រអប់សាកថ្មរបស់ AirPods នៅជិត iPhone ឬ Apple Watch របស់អ្នក នោះវានឹងលោតឲ្យអ្នកចុចពាក្យ “Connect” នៅលើអេក្រង់របស់់ឧបករណ៍ Apple របស់អ្នកភ្លាម ពេលនោះអ្នកគ្រាន់តែចុចលើពាក្យនោះ វាជាការស្រេច ហើយ AirPods របស់អ្នកនឹងភ្ជាប់ដោយស្វ័យប្រវត្តិរាល់ពេលដែលអ្នកប្រើប្រាស់វា ដោយមិនចាំបាច់ចុចភ្ជាប់ម្តងទៀតនោះទេ។ ពិសេសជាងនេះនោះ វាក៏ភ្ជាប់ដោយស្វ័យប្រវត្តិទៅរាល់ឧបករណ៍ Apple ទាំងអស់របស់អ្នក ដែលប្រើ iCloud តែមួយផងដែរ។

apple-airpods-connect_01

ធ្វើការភ្ជាប់ AirPods ទៅ iPhone

2016-09-08-8

បន្ថែមពីនេះ ជាមួយនឹងបន្ទះឈីប Apple W1 និងសិនស័រមួយចំនួន AirPods គឺមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងឆ្លាត ហើយផ្ដល់ជូននូវសម្លេងដ៏មានគុណភាពខ្ពស់។ AirPods ដឹងថាពេលណាអ្នកនិយាយ និងពេលណាអ្នកស្ដាប់។ នៅពេលដែលអ្នកនិយាយ Voice Accelerometer សិនស័រដឹង ហើយវាធ្វើការជាមួយនឹង Beamforming Microphones ដើម្បីផ្តោតទៅលើសម្លេងរបស់អ្នក និងកាត់សម្លេងពីខាងក្រៅ។ នៅពេលដែលអ្នកស្ដាប់ Optical Sensors និង Motion Accelerometers ដឹងថាពេលណាអ្នកដាក់ AirPods ចូលត្រចៀក និងពេលអ្នកដកវាចេញ ដូច្នេះវានឹងលេងភ្លេងនៅពេល ដែលអ្នកប្រើវា និងបញ្ឈប់ដោយស្វ័យប្រវត្តិនៅពេលដែលអ្នកដកវាចេញពីត្រចៀក។ អ្នកក៏អាចប្រើ AirPods បានតែម្ខាងផងដែរ។

2016-09-08-9

ភាពងាយស្រួលម្យ៉ាងទៀត គឺអ្នកអាចប្រើប្រាស់ Siri បានយ៉ាងងាយដោយប៉ះ 2 ដងលើ AirPods របស់អ្នកដើម្បីបញ្ជារ ដោយមិនចាំបាច់ដក iPhone របស់អ្នកចេញពីហោប៉ៅនោះទេ។

 

ថាមពលថ្ម

apple-airpods-open_01

ជាមួយនឹងថ្មសាកមួយពេញ អ្នកអាចប្រើ AirPods បានរយៈពេលរហូតដល់ 5 ម៉ោងនៃការស្ដាប់ ឬ 2 ម៉ោងនៃការនិយាយ។

ចំណែកឯប្រអប់សាកថ្មរបស់ AirPods វាមានថាមពលអាចផ្ដល់ឲ្យ AirPods មានដំណើរការបានរយៈពេលលើសពី 24 ម៉ោងនៃការស្ដាប់ ឬ 11 ម៉ោងនៃការនិយាយឯណោះ។

ជាពិសេសនោះ គ្រាន់តែចំណាយពេលតែ 15 នាទីសាកថ្ម AirPods នៅក្នុងប្រអប់សាកថ្មរបស់វា គឺអាចឲ្យវាមានថាមពលក្នុងការដំណើរការស្មើនឹង 3 ម៉ោងនៃការស្ដាប់ ឬ 1 ម៉ោងនៃការនិយាយទៅហើយ។

 

តម្លៃ និងប្រព័ន្ធដំណើរការ ដែលអាចប្រើប្រាស់ជាមួយបាន

AirPods និងប្រអប់សាកថ្មរបស់វា នឹងត្រូវបានលក់ក្នុងតម្លៃ $159 ដុល្លាអាមេរិកនៅក្នុងទីផ្សារអាមេរិក ហើយអ្នកអាចរកទិញវាបាននៅក្នុងវែបសាយរបស់ Apple និងនៅតាម Apple Store នានា ដែលនឹងត្រូវបានចាប់ផ្ដើមដាក់លក់នៅចុងខែតុលាខាងមុខនេះ។

2016-09-08-7

សូមបញ្ជាក់ថា ដើម្បីអាចប្រើប្រាស់ AirPods បាន ឧបករណ៍ Apple របស់អ្នកទាំងអស់ត្រូវតែមានដំណើរការលើប្រព័ន្ធដំណើរការ iOS 10, WatchOS 3 ឬ MacOS Sierra ដែលសុទ្ធតែជាប្រព័ន្ធដំណើរការកំណែចុងក្រោយបង្អស់របស់ Apple។

 

សូមរីករាយទស្សនានូវវិដេអូពាណិជ្ជកម្មរបស់ AirPods ខាងក្រោម៖

Comments Off on AirPods: កាស wireless ថ្មីរបស់ក្រុមហ៊ុន Apple បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន