MENU

ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (04.04.2016 – 10.04.2016)

នៅក្នុងសប្ដាហ៍នេះ (ថ្ងៃទី ០៤ ខែមេសា ដល់ ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៦) រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major Cineplex និង Legend នឹងមានចាក់បញ្ចាំងនូវភាពយន្តថ្មីចំនួន 4 រឿង ដែលក្នុងនោះ បីរឿងជារឿងរបស់ប្រទេសអាមេរិក និងមួយរឿងទៀតគឺជារឿងស្នេហារបស់ថៃ។ ដូចសប្ដាហ៍មុនៗដែរ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនឹងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។

 

Midnight Special – (07.04.2016)

រឿង Midnight Special គឺជាខ្សែភាពយន្តបែបវិទ្យាសាស្ត្ររបស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Jeff Nichols ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយអំពីក្មេងម្នាក់ ដែលមានថាមពលពិសេស ខុសប្លែកពីមនុស្សលោកដទៃ ហើយក្មេងត្រូវបានពួករដ្ឋាភិបាលអាមេរិកតាមចាប់ខ្លួន ព្រោះពួកគេគិតថាថាមពលរបស់ក្មេងនោះគឺគ្រោះថ្នាក់ខ្លាំង ហើយពួកគេក៏ចង់យកគេមកធ្វើការពិសោធន៍ដែរ។ ក៏ប៉ុន្តែ ឪពុករបស់ក្មេងនោះបានខិតខំរិះរកគ្រប់វិធីដើម្បីនាំកូនរបស់គាត់រត់ ព្រោះគាត់មិនចង់ឲ្យកូនរបស់គាត់ទៅជារបស់សម្រាប់ពិសោធន៍នោះទេ។

Trailer របស់រឿង Midnight Special

 

លោកស្រីប្រធាន ឬ The Boss – (07.04.2016)

រឿង លោកស្រីប្រធាន ឬ The Boss គឺជាខ្សែភាពយន្តបែបកំប្លែងរបស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Ben Falcone ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៦​ នេះ។ ជើងខ្លាំងផ្នែកសេដ្ឋកិច្ចម្នាក់ត្រូវជាប់គុកបន្ទាប់នាងត្រូវគេរកឃើញថាបានធ្វើការជួញដូរផ្ទៃក្នុង។ ពេលដែលនាងបានត្រៀមខ្លួនងើបឡើងវិញធ្វើជាយីហោថ្មីបំផុតរបស់អាមេរិក មិនមែនមនុស្សគ្រប់គ្នាដែលនាងបានធ្វើបាបអាចលើកលែងទោសនិងបំភ្លេចបានដោយងាយៗនោះទេ។

Trailer របស់រឿង លោកស្រីប្រធាន ឬ The Boss

 

ស្នេហាទសវត្សរ៍ 90 ឬ Back to 90s – (07.04.2016)

រឿង ស្នេហាទសវត្សរ៍ 90 ឬ Back to 90s គឺជាខ្សែភាពយន្តស្នេហាឆ្លងទៅកាន់អតីតកាលរបស់ប្រទេសថៃ ដែលនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយអំពីក្មេងប្រុសម្នាក់ឈ្មោះ Kong ដែលគាត់បានឆ្លងទៅកាន់ឆ្នាំ 1995 នៅពេលដែលគាត់បានប្រើប្រាស់ទូរស័ព្ទសាធារណៈមួយ។ គាត់ក៏បានជួបជាមួយនឹងប៉ាម៉ាក់របស់គាត់កាលពីនៅក្មេង ហើយគាត់ក៏បានជួបនឹងនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Som ដែលគាត់បានលង់ស្រឡាញ់ ដែលពួកគេគឺសុទ្ធតែមានអាយុស្របាលៗគ្នា។ ពេលនោះ Kong បានដឹងថាប៉ារបស់គាត់បានលង់ស្រឡាញ់នឹងនារីដែលមិនមានជាម្ដាយរបស់គាត់ ដូច្នេះគាត់បានខិតខំរកគ្រប់វិធីដើម្បីបំបែកពួកគេ ហើយធ្វើឲ្យប៉ារបស់គាត់ជួបជាមួយនឹងម៉ាក់របស់គាត់ ព្រោះថាបើប៉ាម៉ាក់របស់គាត់មិនបានជួបគ្នាទេគាត់នឹងបាត់រូបពីផែនដីនេះ។ ថាតើ Kong ខិតខំប្រើវិធីណាខ្លះ ហើយថាតើគាត់ធ្វើបានជោគជ័យឬក៏អត់ សូមរងចាំទស្សនាទាំងអស់គ្នា។

Trailer របស់រឿង 

 

Spotlight – (08.04.2016)

រឿង Spotlight គឺជាខ្សែភាពយន្តយោងតាមរឿងពិតរបស់ប្រទេសអាមេរិក ដែលត្រូវបានដឹកនាំសម្ដែងដោយលោក Tom McCarthy ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៦​ នេះ។ រឿងនេះនិយាយពីក្រុមហ៊ុនសារពត៌មាន Boston Globe ដែលពួកគេបានខិតខំប្រឹងប្រែងដើម្បីលាតត្រដាងអំពីការជួញដូរក្មេង និងការធ្វើបាបកូនក្មេងខុសច្បាប់នៅក្នុងវិហារ កាតូលិក មួយដែលធ្វើឲ្យផ្អើលពេញពិភពលោក ហើយរឿងនេះផងដែរ គឺត្រូវបានដកស្រង់ចេញពីរឿងពិតតែម្តង។

Trailer របស់រឿង Spotlight

Comments Off on ខ្សែភាពយន្តថ្មីដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ (04.04.2016 – 10.04.2016) ភាពយន្ត

Comments are closed.

យោបល់របស់អ្នកអាន