MENU

អាហារពេលព្រឹកទាំង 10 ដែលពេញនិយមនៅកម្ពុជា

វាជាការពិតណាស់ដែលថារបបអាហារពេលព្រឹកពិតជាមានសារៈសំខាន់ខ្លាំង ជាងរបបអាហារណាៗទាំងអស់ ដោយសារចន្លោះពីពេលដែលយើងចូលគេងរហូតដល់ពេលព្រឹកគឺមានរយៈពេលច្រើនម៉ោង  ដែលជាហេតុធ្វើឲ្យរាងកាយយើងត្រូវការអាហារសំរាប់បំប៉នជាចាំបាច់។ ថ្ងៃនេះ Khmerlife.style សូមនាំប្រិយមិត្តទាំងអស់មកមើលថាតើអាហារពេលព្រឹកដែលពេញនិយមទាំង 10 របស់កម្ពុជាមានអ្វីខ្លះចូលតាមដានទាំងអស់គ្នា។

  1. បបរគ្រឿង
    បបរគ្រឿងគឺជាមុខម្ហូបអាហារ ដែលជនជាតិខ្មែរយើងចូលចិត្តបរិភោគនៅពេលព្រឹក បបរគ្រឿងមានច្រើនប្រភេទដូចជាបបរគ្រឿងសាច់មាន់ បបរគ្រឿងសាច់ជ្រូក គ្រឿងក្នុងជ្រូកជាដើម។ បបរគ្រឿងធ្វើឡើងពីអង្ករ ដោយគេយកទៅចម្អឹនជាមួយនឹងទឹកដ៏ច្រើន មានគ្រឿងផ្សំដូចជាខ្លាញ់ ខ្ទឹមស សាច់មាន់ ឬ សាច់ជ្រូក និងជីជាដើម។
    CambodiaGuru-Borbor-kroeung
  2. បបរស
    បបរស ជាប្រភេទមុខម្ហូបពេលព្រឹកផងដែរ ជាពិសេសនាក់នៅតាមស្រុកស្រែចំការ ចំពោះអាហារពេលព្រឹកប្រភេទនេះ គេច្រើនញុំាជាមួយ ពងទាប្រៃស្ងោ ពងទាសាប, ត្រីងៀត, ត្រីខ, និងជ្រក់ស្ពៃជាដើម។ របៀបនៃការធ្វើវាមិនសូវជាពិបាកនោះទេ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងបបរគ្រឿងដែរ តែវាងាយស្រួលក្នុងការរៀបចំជាង។
    CambodiaGuru-Rice-porridge-Borbor-Sor-2
  3. បាយសាច់ជ្រូក
    ចំពោះបាយសាច់ជ្រូកគឺមានភាពពេញនិយមណាស់ ជាពិសេសគឺសំរាប់យុវវីតែម្តង ព្រោះថាមុខម្ហូបប្រភេទនេះវាជួយអោយអ្នកឆាប់ ឆ្អែត និងរយៈពេលនៃការធ្វើវាគឺឆាប់រហ័ស។ បាយសាច់ជ្រូកភាគច្រើនគេយកសាច់ជ្រូកអាំង ឬជៀនយកញុំាជាមួយបាយដោយមានជ្រក់ និងទឹកត្រីផ្អែមជាមួយ។ វាងាយស្រួលសម្រាប់ប្រជាជនកម្ពុជា មាននៅគ្រប់ទីកន្លែង ហើយមានតម្លៃសមរម្យទៀតផង។
    CambodiaGuru-Bai-Sach-Chrouk
  4. គុយទាវ
    ចំណែកឯចំពោះគុយទាវវិញគឺជាមុខម្ហូបបែបលក្ខណៈចិនបន្តិច ក៏ប៉ុន្តែខ្មែរយើងភាគច្រើនចូលចិត្តពិសារវាខ្លាំង ណាស់។ គុយទាវត្រូវចំណាយពេលធ្វើវាច្រើនបន្តិច តែមានតម្លៃធូរថ្លៃ ។ប្រភេទគុយទាវមានដូចជា គុយទាវសាច់ជ្រូក សាច់មាន់ និងសាច់គោជាដើម។ ចំពោះរបៀបនៃការធ្វើវាវិញគឺគេត្រូវការរំងាស់ទឹកស៊ុប ដោយដាក់គុយទាវ ដោយមានគ្រឿងដូចជាសាច់ជាដើម និងគ្រឿងបន្លែបន្តិចបន្តួច និងគ្រឿងទេសរបស់គុយទាវ។
    CambodiaGuru-kuy-teav
  5. នំបញ្ជុក
    នំបញ្ជុកគឺជាប្រភេទអាហារប្រពៃណីរបស់ខ្មែរយើង វាត្រូវបានបែងចែកប្រភេទសម្លបីប្រភេទមានដូចជានំបញ្ជុកសម្លខ្មែរ សម្លការី និងសម្លណាំយ៉ា។ ចំពោះនំបញ្ជុកគេតែងតែញ៉ាំជាមួយនឹងគ្រឿងបន្លែមានដូចជា សណ្តែកគួ ត្រយោងចេក និងសណ្តែកបណ្តុះជាដើម ព្រមជាមួយទឹកសម្លជាការស្រេច។
    CambodiaGuru-Khmer-noodels-Nom-Banh-Chok-1
  6. នំបុ័ងខគោ
    មានប្រជាជនខ្មែរយើងមួយចំនួនចូលចិត្តញុំានំបុ័ងខគោនៅពេលព្រឹកផងដែរ ខគោគឺជាប្រភេទមុខម្ហូបដែលយកជើងគោ និងសាច់វាទៅធ្វើជាខដូចជាខត្រី ឬសាច់ជ្រូកដែល គ្រាន់តែនៅក្នុងខគោគឺមានគ្រឿងច្រើនមុខជាង។ ចំពោះនំបុ័ងវិញគេយកវាទៅហាន់ជាចំនិតៗ ដោយដាក់ក្នុងចានរួច ញុំាជាមួយគ្នា។
    Cambodia-Guru-Nom-Pang-Khor-Ko
  7. ឆាខ្វៃ 
    ឆាខ្វៃគឺវាជាប្រភេទនំដែលធ្វើឡើងពីម្សៅមី ដោយគេយកវាទៅបំពងជាមួយខ្លាញ់ក្តៅ បន្ទាប់មកវានឹងចាប់ផ្តើមរីកធំ នៅពេលយកវាទៅបំពងជាមួយខ្លាញ់។ ភាគច្រើនខ្មែរយើងចូលចិត្តញុំាវាជាមួយបបរគ្រឿង តែអ្នកក៏អាចញុំាវាទទេក៏បានដែរ។
    CambodiaGuru-char-kvay
  8. Num Pav (នំប៉ាវ)
    នំប៉ាវជាប្រភេទមុខម្ហូបចិន ដែលជនជាតិខ្មែរយើងចូលចិត្តញុំាលេងនៅពេលព្រឹក។ នំប៉ាវត្រូវបានគេធ្វើពីម្សៅជាមួយនឹងសាច់ជ្រូក និងមើមប៉ិកកួក ហើយគេយកវាទៅចំហុយវានៅក្នុងឆ្នាំដោយរក្សាកំដៅរបស់វាជានិច្ច។ នំប៉ាវមានរស់ជាតិឆ្ងុយឆ្ងាញ់ អ្នកអាចរកទិញនៅតាមបណ្តាយផ្លូវនានាក្នុងរាជធានីភ្នំពេញ និងតាមខេត្តផងដែរ។
    CambodiaGuru-Num-Pav
  9. នំបុ័ងសាច់
    នំបុ័ងសាច់គេច្រើនញុំាវាជាមួយសាច់ប៉ាត់តេ និងសាច់ជ្រូកចញ្ច្រាំ ដោយហាន់វាជាចំណិតៗ ក្នុងនោះមានគ្រឿងដូចជាជី ជ្រក់ត្រសក់ និងបន្លែមួយចំនួនជាដើម ម៉្យាងវិញទៀតអ្នកក៏អាចញុំាវាជាមួយម្ទេស និងម្រេចផងដែរ។
    CambodiaGuru-Num-Pang-Sach
  10. បាញ់ស្រុង
    បាញ់ស្រុងគឺជាមុខម្ហូបបរទេសមួយដែលខ្មែរយើងចូលចិត្តពិសារ ដោយវាមានប្រភពពីប្រទេសវៀតណាម។ គេធ្វើឡើងពីសរសៃនំបញ្ជុកដោយដាក់ជាមួយ បាញ់ស្រុងលាយជាមួយបន្លែ ជាពិសេសនោះគឺទឹកជ្រលក់របស់វាជាអ្នកកំណត់ថាវាមានរស់ជាតិយ៉ាងដូចម៉្តេច។ អ្នកអាចរកទិញតាមហាងអាហារតូចៗជាច្រើនក្នុងរាជធានីភ្នំពេញ ហើយវាមានតម្លៃសមរម្យទៀតផង។
    CambodiaGuru-banh-sung

 

 

Comments Off on អាហារពេលព្រឹកទាំង 10 ដែលពេញនិយមនៅកម្ពុជា សង្គម

Comments are closed.

យោបល់របស់អ្នកអាន