MENU

Microsoft
Tag Archive

2979

Logitech G533 កាសស៊េរីថ្មី ដែលទទួលបានការចាប់អារម្មណ៍

បច្ចេកវិទ្យា

05/01/2017

នៅក្នុងទីផ្សារបច្ចុប្បន្ន កាសទាំងអស់សុទ្ធតែប្រើប្រាស់បានក្នុងវិស័យ ហ្គេម។ កាសហ្គេមខ្លះក៏ត្រូវគេបានយកទៅ ធ្វើជាកាសសំរាប់ស្តាប់ចំរៀងវិញផងដែរ ក្នុងនោះកាសដែលល្បីៗជាច្រើនដែលមានក្រុមហ៊ុនដូចជា Razer, SteelSeries, Corsair, Logitech។ នៅថ្ងៃនេះ ដែលត្រូវជាថ្ងៃ 4 ខែ មករា ឆ្នាំ 2017 ក្រុមហ៊ុន Logitech បានបញ្ចេញនូវកាសស៊េរីថ្មីមួយ គឺ G533។

Logitech G533 នេះដែលជាកាសមួយប្រហាក់ប្រហែលទៅនឹង G933 ប៉ុន្តែវាមានតំលៃថោកជាង និងថ្មីជាង។ វាប្រើប្រាស់បានតែជាមួយនឹង កុំព្យូទ័រ windows តែប៉ុណ្ណោះ ដែលប្រើប្រាស់នូវ Driver Pro-G audio របស់ Logitech។ កាសនេះគេបានប្រកាសថាវាជាកាសសំរាប់លេងហ្គេម ប៉ុន្តែ អ្នកដែលបានទិញហើយសរសើរវាមិនដាច់ពីមាត់ ដោយសារការបញ្ចេញសំលេងរបស់វា មិនថាចង្វាក់ភ្លេងឬក៏អ្វីផ្សេងក៏ដោយ។ សំរាប់អ្នកដែលលេងហ្គេមវិញ អ្នកអាចស្តាប់ដឹងពីសត្រូវ នៅទិសតំបន់ណាគ្មានការខុស អោយតែនៅក្នុងបរិវេណ ជំុវិញអ្នក ដូចនេះហើយអាចធ្វើអោយអ្នកមានលទ្ធភាព ក្នុងការទប់ទល់រួច។


កាសនេះប្រើប្រាស់ដុំ USB ដើម្បីប្រើប្រាស់ជា Wireless តាមបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនឈ្មោះ Avnera ដែលធានាចំងាយបាន 15ម៉ែត្រ។ ថ្មរបស់វា អាចប្រើប្រាស់បានរហូតដល់ 15 ម៉ោង ហើយម៉្យាងវិញទៀតវាអាចផ្លាស់ប្តូរបានផងដែរ ដូចនេះអ្នកមិនចាំបាច់បារម្ភអំពីថ្មនៅថ្ងៃក្រោយនោះទេ។ ប៉ុន្តែអ្វីដែលវាខ្វះ គឺរន្ធសំរាប់ដោត ខ្សែនៅពេលដែលអ្នកចង់ប្រើប្រាស់ខ្សែវិញ ព្រោះអ្នកខ្លះគិតថា Wireless បញ្ជូនពត៌មានយឺតជាងខ្សែ អ្នកពុំចាំបាច់ខ្វល់ពីរឿងនេះឡើយ ព្រោះក្រុមហ៊ុនដែលធ្វើ Mouse ប្រើប្រាស់ wireless ហើយលឿនដូចខ្សែបានគឺ logitech នេះឯង។

កាសនេះនឹងចេញលក់ក្នុង ចុងខែមករា ឆ្នាំ​2017 នេះ ក្នុងតំលៃ $149.99។

 

 

អានបន្ត

1216

Surface studio ថ្មី របស់ក្រុមហ៊ុន Microsoft

បច្ចេកវិទ្យា

30/10/2016

ក្រុមហ៊ុន Microsoft បានផលិតនូវ សេរី Surface ជាប្រភេទ ដាក់លើតុ វាត្រូវបានបញ្ចេញនូវក្នុងទីក្រុង New york ដែលមានឈ្មោះថា Microsoft Surface Studio ឬគេហៅ iMac killer។ Microsoft បាននិយាយទៀតថា វាជារបស់មួយដែលអាចផ្លាស់ប្តូរនូវ របៀបដែលអ្នកផលិត ដែលពីមុនមិនសូវជឿនលឿនអោយទៅជា ល្អប្រសើរជាងមុន។

surface-studio1

Microsoft Surface Studio មានអេក្រង់ ទំហំ 28inch ដែលស្តើងជាងគេមានកំរាស់ 12.5mm និងជាអេក្រង់ Touchscreen រុំព័ទ្ធដោយ អាលុយមីញូមជំុវិញ ។ វាមានដល់ទៅ 13.5 លាន pixel ច្រើនជាងទូរទស្សន៍ 4K 63%។ ពណ៌របស់វាគឺ ត្រូវជាមួយនឹង ធម្មជាតិខាងក្រៅមិិនខុសគ្នាឡើយ ដែលគេហៅថា Truecolor។ វាមានជើងដែលអាចបត់បែនបានតាមតំរូវការរបស់អ្នក សម្រាប់អ្នកដែលត្រូវការគូរ ឬអ្នកដែលត្រូវការវាយអត្ថបទធម្មតាជាដើម។

surface_studio_innovation_4_featurepanel_v3

The Studio អាចភ្ជាប់ជាមួយរបស់ខាងក្រៅ ជាច្រើន រួមទាំង Surface Pen និង Surface dial ដែលអាចដាក់ពីលើអេក្រង់ សំរាប់ បញ្ជា Menu ឬ របស់របរផ្សេងៗជាច្រើន ដូចជា ដំឡើង ឬបន្ថយសំលេង, ពន្លឺ, ពណ៌។ អេក្រង់របស់ បានបំពាក់នូវ បច្ចេកវិទ្យា មិនអោយស្គាល់ដៃរបស់យើងឡើយ ដូចនេះនៅពេលដែលអ្នកគូរ អ្នកច្រលំ យកដៃទៅដាក់ពីលើ ក៏វាមិនអាចបង្កអោយរញ៉េរញ៉ៃដល់ការងារអ្នកបានដែល។

surface-dial_0

surface-studio-pen

 

  • អេក្រង់: 28inch ទំហំResolution 4500 x 3000, 10-point multitouch
  • Processor: Intel Core i5 or Core i7 ជំនាន់ទី 6 (តាមដែលអ្នកជ្រើសរើស)
  • ទំហំផ្ទុក: 1TB និង 2TB Hybrid drive (តាមដែលអ្នកជ្រើសរើស)
  • Ram: 8GB, 16GB ឬ 32GB
  • GPU: GeForce GTX 965M 2GB (ក្នុងម៉ាស៊ីន Core i5 Studio) or GTX 980M 4GB (ក្នុងម៉ាស៊ីន Core i7 Studio)
  • រន្ធសំរាប់ភ្ជាប់: 4 x USB 3.0 , 3.5mm រន្ធដោតកាស , រន្ធដោត SD card , រន្ធដោត Ethernet, Mini DisplayPort
  • ប្រព័ន្ធ Wireless: 802.11ac, Bluetooth 4.0
  • កាមេរ៉ា: 5MP កាមេរ៉ាមុខ
  • សំលេង: Stereo 2.1 Dolby audio

The Surface Studio មានតំលៃចាប់ពី 2,999$ ឡើងទៅ។

អានបន្ត

1041

លក្ខណៈពិសេសសំខាន់ៗរបស់កំណែទម្រង់ធំថ្មីរបស់ Window 10 Creators Update

បច្ចេកវិទ្យា

28/10/2016

ក្រុមហ៊ុន Microsoft ទើបតែបានប្រកាស់ពីកំណែទម្រង់ធំថ្មីរបស់ Window 10 ដែលមានឈ្មោះថា Window 10 Creators Update ហើយវានឹងមានឲ្យអ្នកដោនឡោដឥតគិតថ្លៃនៅក្នុងរដូវផ្ការីក (Spring) នៅឯសហរដ្ឋអាមេរិក ឬអំឡុងខែ មីនា មេសា និងឧសភា ខាងមុខ។ ដូចបានឃើញនៅលើឈ្មោះរបស់វាហើយ កំណែទម្រង់ថ្មីនេះ នឹងមានការផ្ដោតខ្លាំងទៅលើ “ភាពច្នៃប្រឌិត (Creativity)” ហើយក្រុមហ៊ុន Microsoft បានចែកការ update ថ្មីនេះជា 3 ផ្នែកធំៗគឺ៖ 3D, Gaming និង People។

 

“3D for everyone”

3D គឺជាកំនែទម្រង់ដ៏ធំបំផុតក្នុង Window 10 Creators Update នេះ។ ក្រុមហ៊ុន Microsoft ចង់ឲ្យ Window 10 ថ្មីនេះ ក្លាយជាប្រព័ន្ធដំណើរការមួយ ដែលងាយស្រួលក្នុងការបង្កើតរូបភាព ឬវត្ថុ 3D ក្នុងកម្មវីធីទាំងអស់ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា HoloLens សម្រាប់អ្នកប្រើប្រាស់ងាយស្រួលក្នុងមើល ឬចូលក្នុងពិភព Virtual Reality (VR)។ ដើម្បីសម្រេចបាននូវគោលដៅ “2D to 3D Journey” ក្រុមហ៊ុន Microsoft បានណែនាំនូវឧបករណ៍ និងកម្មវិធីថ្មីៗជាច្រើន ដែលអាចគាំទ្រនូវមាតិកា 3D បាន។

នៅក្នុង Demo ពេលប្រកាសពី Window 10 Creators Update នេះ គេបានបង្ហាញពីការស្កេនរូបភាព 3D របស់ប្រាសាទដីខ្សាច់ដោយប្រើស្មាត្រហ្វូនរបស់គេ ហើយ upload រូបភាពនោះចូលក្នុងកម្មវិធី Paint របស់ Window 10 ហើយធ្វើការផ្លាស់ប្តូរកែរូប និងអង្កេតមើលរូបភាព 3D នោះនៅក្នុង Virtual Reality (VR) ដោយប្រើ HoloLens បន្ទាប់មកផ្ញើររូបនោះឲ្យទៅមនុស្សមួយទៀត ដែលអាចមើលរូបភាពនោះបានក្នុង VR ផងដែរ។ ក្រុមហ៊ុន Microsoft ចង់ឲ្យការប្រើប្រាស់មាតិកា 3D ក្នុង Window 10 ក្លាយជារឿងសាមញ្ញបំផុតក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ទាំងអស់។

ssp_97-0

រូបភាពពី TheVerge

 

កម្មវិធី Paint និង PowerPoint ឥឡូវបន្ថែមមុខងារ 3D

ដើម្បីបង្កើតនូវពិភព 3D នៅក្នុង Window 10 ថ្មីរបស់ពួកគេ គឺមានន័យថា ក្រុមហ៊ុន Microsoft នឹងដាក់បន្ថែមនូវមុខងារដែលគាំទ្រ 3D នៅក្នុងកម្មវិធីផ្សេងៗរបស់ Window ដែលមានយូរមកហើយ ក្នុងនោះផងដែរ មានដូចជាកម្មវិធី Paint និង PowerPoint ជាដើម ដោយវាអនុញ្ញាតឲ្យអ្នកអាចបង្កើត កាត់ត និងផ្លាស់ប្តូរ រូបភាព 3D បាននៅក្នុងកម្មវិធីទាំងនោះ។

 

Microsoft VR headsets ដែលមានតម្លៃមិនសូវថ្លៃ

cvs4ekoumaalybc

VR Headsets | រូបភាពពី TheVerge

ដើម្បីឲ្យការប្រើប្រាស់ 3D ក្នុង Window 10 Creators Update ថ្មីនេះឲ្យកាន់តែមានភាពងាយស្រួលក្នុងការប្រើ និងអាចឲ្យមនុស្សគ្រប់រូបអាចប្រើវាបាន ក្រុមហ៊ុន Microsoft បានសហការជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនដូចជា HP, Dell, Lenovo, Asus និង Acer ដើម្បីបង្កើតនូវ VR Headsets ថ្មី ដែលមានភ្ជាប់នូវបច្ចេកវិទ្យា six-degree-of-freedom head tracking ក្នុងតម្លៃមួយសមរម្យ ដែលចាប់ផ្ដើមពី $299 ឡើងទៅ។ យើងនៅមិនទាន់ដឹងច្បាស់ពីឧបករណ៍ VR Headsets ទាំងនេះច្បាស់ទេ តែយើងសង្ឃឹមថាវាអាចផ្ដល់បទពិសោធន៍នៃការប្រើប្រាស់បានល្អជាង Headsets ដែលប្រើជាមួយស្មាត្រហ្វូន ដូចជា Samsung Gear VR ជាដើម។

 

កម្មវិធីផ្សាយផ្ទាល់ពីហ្គែម (Game Broadcasting) និងសេវាកម្មបង្កើតនូវកម្មវិធីប្រកួតហ្គែមជាមួយមិត្តភក្តិ (Tournaments)

ssp_209-0

កម្មវិធី Beam សម្រាប់ធ្វើការផ្សាយផ្ទាល់នៅពេលលេងហ្គេម | រូបភាពពី TheVerge

សម្រាប់ការ update ផ្នែកខាង “Game” នៅក្នុង Window 10 Creators Update នេះវិញ ក្រុមហ៊ុន Microsoft បានដាក់បញ្ចូលនូវកម្មវិធី Beam ដែលជាកម្មវិធីផ្សាយបន្តផ្ទាល់នៅពេលអ្នកកំពុងលេងហ្គែម (live stream) ជាស្រេចនៅក្នុងកំណែទម្រង់ថ្មីនេះ ដែលក្រុមហ៊ុនបានអះអាងថា ពួកគេនឹងធ្វើឲ្យវាមានភាពងាយស្រួលប្រើប្រាស់បំផុតសម្រាប់អ្នកដែលចូលចិត្តមើល និងអ្នកដែលធ្វើការផ្សាយផ្ទាល់នៅពេលលេងហ្គែមទាំងអស់។ ហើយបន្ថែមពីនេះ ក៏មានសេវាកម្ម ដែលអ្នកអាចបង្កើតកម្មវិធីប្រកួត (Tournaments) ដោយខ្លួនឯង សម្រាប់លេងជាមួយមិត្តភក្តិរបស់អ្នកបានដែរ នៅក្នុង Window 10 ថ្មីនេះ ដោយប្រើប្រាស់ Arena នៅលើកម្មវិធី Xbox Live។

 

ដាក់សមាជិកគ្រួសារ ឬមិត្តភក្តិ នៅលើ Task Bar

ssp_257-0

រូបភាពពី TheVerge

ចំពោះផ្នែក “People” វិញ វាមិនធ្វើឲ្យអ្នករំភើបអ្វីខ្លាំងនោះទេ តែវានឹងក្លាយជាមុខងារ ដែលមានប្រយោជន៍បំផុតសម្រាប់អ្នកប្រើប្រាស់ window ទាំងអស់។ នៅក្នុង Window 10 Creators Update ថ្មីនេះ អ្នកដាក់ដាក់ភ្ជាប់គណនីរបស់សមាជិកគ្រួសារ ឬមិត្តភក្តិ ឬបុគ្គលិករួមការងាររបស់អ្នកនៅលើ Task Bar បាន ហើយបន្ទាប់មក អ្នកអាចទាញឯកសារ ឬរូបភាពវិដេអូ ដាក់លើឈ្មោះទាំងនោះ ដើម្បីធ្វើការចែករំលែកទៅមនុស្សទាំងនោះ។ ហើយបន្ថែមពីនេះ វាក៏ដើរតួរជាកន្លែងផ្ញើរសារផងដែរ ដែលវាភ្ជាប់ទៅនឹងកម្មវិធី E-Mail និង Skype ផ្ទាល់។ បើអ្នកចង់ អ្នកក៏អាចផ្ញើរជារូប Emoji បានផងដែរ ហើយរូបនោះនឹងបង្ហាញនៅលើ Desktop របស់មនុស្សដែលអ្នកផ្ញើរទៅនោះនៅពេលដែលពួកគេបើកកុំព្យូទ័រ។

 

អានបន្ត

770

Wireless Display Adapter ថ្មីរបស់ក្រុមហ៊ុន Microsoft អាចបញ្ជូន និងទទួលទិន្នន័យបានលឿន និងរលូនជាង adapter ជំនាន់មុនរបស់វា

បច្ចេកវិទ្យា

19/02/2016

តើអ្នកទាំងអស់គ្នាធ្លាប់មានអេក្រង់ខាងក្រៅដូចជា monitor, ទូរទស្សន៍, និង projector ជាដើម ដែលអាចបង្ហាញពីរូបភាព និងវីដេអូដែលនៅលើអេក្រង់របស់កុំព្យូទ័រ និងទូរស័ព្ទរបស់អ្នកតាមរយៈការភ្ជាប់តាមខ្សែ HDMI ដែរឬទេ? បើសិនជាអ្នកធ្លាប់មាន តើអ្នកគិតយ៉ាងណាដែរ បើសិនជាអ្នកអាចធ្វើបានដូចគ្នាដោយមិនចាំបាច់ប្រើខ្សែវិញនោះ?

 

wirelessdisplayadapter

Wireless Display Adapter ជំនាន់ថ្មីរបស់ក្រុមហ៊ុន Microsoft (នៅក្នុងរង្វង់)

 

ក្រុមហ៊ុន Microsoft បានណែនាំពីបច្ចេកវិទ្យាដុំ Wireless Display Adapter ថ្មីដែលជា upgrade ថ្មីរបស់ adapter ជំនាន់មុនរបស់វា។ Wireless Display Adapter នេះអាចបង្ហាញពីរូបភាពនៅក្នុងឧបករណ៍ Window និង Android របស់អ្នកនៅលើ ទូទស្សន៍, monitor, projector និងអេក្រង់ជាច្រើនទៀត ដែលមាន HDMI input បាន ដោយគ្រាន់តែដោតនូវ Wireless Display Adapter នោះទៅលើគ្រឿងអេឡិចត្រូនិចទាំងនោះ ហើយធ្វើការភ្ជាប់តាមការណែនាំបន្តិចបន្តួច នោះជាការស្រេច។ Wireless Display Adapter ជំនាន់ថ្មីនេះត្រូវបានធ្វើឲ្យប្រសើរឡើងពីលើ adapter ជំនាន់មុនរបស់វាទៅលើចំនុច ពីរ យ៉ាង។ ទីមួយ គឺដុំកន្លែងភ្ជាប់របស់វាគឺមានទំហំខ្លីជាង adapter ជំនាន់មុនដល់ទៅពាក់កណ្ដាលឯនោះ យ៉ាងណាមិញវានៅតែត្រូវការថាមពលតាមរយៈខ្សែ USB បន្ថែមដដែល។ ចំណុចទីពីរ, ល្បឿននៃការបញ្ជូន និងទទួលទិន្នន័យរបស់វា ដែលភាសារបច្ចេកទេសហៅថា Responsiveness ឬ Latency គឺមានល្បឿនលឿនជាង adapter ជំនាន់មុន ដូច្នេះវីដេអូដែលមើលទៅរៀងអាក់ៗនៅក្នុងទូរស័ព្ទរបស់អ្នក នឹងមើលទៅមានលក្ខណៈរលូនល្អជាងនៅក្នុងអេក្រង់ទូរទស្សន៍របស់អ្នក។

 

Microsoft-Wireless-Display-Adapter

Wireless Display Adapter ជំនាន់ចាស់របស់ក្រុមហ៊ុន Microsoft

 

en-INTL-L-Wireless-Display-Adapter-V2-P3Q-00001-mnco

Wireless Display Adapter ជំនាន់ថ្មីរបស់ក្រុមហ៊ុន Microsoft

 

ដោយសារតែដុំ Wireless Display Adapter នេះគឺមានមុខងារត្រឹមតែបង្ហាញនូវអ្វីដែលបង្ហាញនៅលើអេក្រង់របស់កុំព្យូទ័រ ឬទូរស័ព្ទរបស់អ្នក នោះវាមិនត្រូវការកម្មវិធី ឬ app ជាក់លាក់អ្វីដើម្បីធ្វើការដំណើរការនោះទេ។ ក៏ប៉ុន្តែ កុំព្យូទ័រ, tablet ឬក៏ smartphone របស់អ្នកត្រូវតែមានដំណើរការលើ Window 8.1 ឬក៏ version ខ្ពស់ជាងនេះទើបអាចប្រើនូវ Wireless Display Adapter នេះបាន ហើយដូចគ្នាផងដែរ ចំពោះឧបករណ៍ Android របស់អ្នកក៏ត្រូវតែមានដំណើរការចាប់ពី version Jelly Bean (4.2) ឡើងទៅ ទើបអាចប្រើជាមួយវាបាន។

 

 

Wireless Display Adapter ថ្មីនេះគឺមានឲ្យកក់ទុកជាមុនហើយនៅឯសហរដ្ធអាមេរិក ពីវែបសាយរបស់ក្រុមហ៊ុន Microsoft ក្នុងតម្លៃ $49.95 ដែលថោកជាង wireless display adapter ជំនាន់មុនរបស់វាកាលពីចេញដំបូងដល់ទៅ $10 ហើយអ្នកនឹងអាចទិញវាបានតាមវែបសាយរបស់ Amazon នៅពេលដែលវាត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងខែមីនា ថ្ងៃទី០១ ខាងមុខនេះ។

អានបន្ត

939

Lumia 950 និង Lumia 950 XL, ទូរស័ព្ទដែលអាចប្រើដូចកុំព្យូទ័របានរបស់ក្រុមហ៊ុន Microsoft នឹងមានចេញលក់ក្នុងពេលឆាប់ៗនេះហើយ

បច្ចេកវិទ្យា

19/11/2015

Microsoft Lumia 950 និង Lumia 950 XL គឺជាទូរស័ព្ទ Window smartphone ស៊េរីថ្មីរបស់ក្រុមហ៊ុន Microsoft ដែលទើបនឹងត្រូវបានប្រកាស ហើយទូរស័ព្ទទាំងពីរនេះនឹងមានចេញលក់ក្នុងទីផ្សារក្នុងពេលឆាប់ៗនេះហើយនៅឯសហរដ្ឋអាមិរិក អាចនឹងនៅក្នុងខែវិច្ឆកានេះតែម្តង។ តាមពិតទៅ Lumia 950 និង Lumia 950 XL នេះគឺជាទូរស័ព្ទម៉ូដែលតែមួយទេព្រោះវាមានការឌីហ្សាញ និងបច្ចេកវិទ្យាប្រហាក់ប្រហែលគ្នា តែគ្រាន់តែ Lumia 950 XL មានទំហំធំជាង Lumia 950 និងមានបន្ថែមនូវបច្ចេកវិទ្យាថ្មីខ្លះពីលើបន្តិចតែប៉ុណ្ណោះ ស្រដៀងគ្នាទៅនឹងការប្រៀបធៀបគ្នារវាង iPhone 6s និង iPhone 6s Plus ដែរ។

 

lumia950

Lumia 950 (ឆ្វេង) និង Lumia 950 XL (ស្ដាំ)

 

បន្ថែមពីនេះអ្នកក៏អាចប្រើទូរស័ព្ទទាំងពីរម៉ូដែលនេះធ្វើដូចជាកុំព្យូទ័របានផងដែរ ដោយគ្រាន់តែទិញបន្ថែមនូវប្រអប់ Microsoft Display Dock ហើយភ្ជាប់ Lumia 950 ឬ Lumia 950 XL របស់អ្នក រួមទាំងអេក្រង់, keyboard, និង mouse ទៅប្រអប់នោះ នោះអ្នកនឹងអាចប្រើវាបានដូចជាប្រើកុំព្យូទ័រ desktop អីញ្ជឹង។

Microsoft-Display-Dock-block1-jpg

 

សូមបញ្ជាក់ថា ចំពោះទូរស័ព្ទម៉ូដែល Lumia 950 មានជាប្រភេទជាប់ Locked ពីក្រុមហ៊ុន AT&T និងមិនជាប់ Locked ដូច្នេះតម្លៃប្រហែលជាខុសគ្នាបន្តិច ក៏ប៉ុន្តែចំពោះម៉ូដែល Lumia 950 XL វិញ គឺមានតែប្រភេទដែលមិនជាប់ Locked តែប៉ុណ្ណោះ ដូច្នេះអ្នកមិនចាំបាច់ឈឺក្បាលរឿងដោះសោរ ឬលេខកូដវានោះទេ។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសៗ និងការឌីហ្សាញរបស់ Lumia 950 និង Lumia 950 XL។

 

Microsoft Lumia 950

Lumia-950-hero-jpg

Lumia 950

 

ការឌីហ្សាញរបស់ Lumia 950

Microsoft Lumia 950 ត្រូវបានឌីហ្សាញដោយប្រើបច្ចេកវិទ្យាដូចទូរស័ព្ទ smartphone ថ្មីៗផ្សេងៗដែរ ហើយមានកម្រាស់ស្ដើងដែលមានកម្រាស់ត្រឹមតែ 8.2 mm (មីលីម៉ែត្រ) និងមានទម្ងន់ 150 g (ក្រាម) ប៉ុណ្ណោះ ហើយសម្បករបស់វាគឺធ្វើពី Polycabonate។ វាមានអេក្រង់ touchscreen AMOLED ទំហំ 5.2 អ៊ីញ ដែលមានផ្ទុកចំនួនភិចស៊ែលសរុប 3686400 ភិចស៊ែល (2560 x 1440 resolution) ត្រូវនឹង 564 ភិចស៊ែលក្នុងមួយអ៊ីញការេ។

 

en-INTL-Microsoft-Lumia-Talkman-Black-MF9-00001-P1

 

 

ចំពោះប៊ូតុងនៅខាងក្រៅរបស់វា គឺមានប៊ូតុងតម្លើង និងបន្ថយសម្លេង, ប៊ូតុងសម្រាប់ថតកាមេរ៉ា ហើយនិងប៊ូតុងបើក បិទ។ បន្ថែមពីនេះទៀត Lumia 950 មានរន្ធសម្រាប់បញ្ចូលថ្ម ឬសម្រាប់បញ្ជូនទិន្នន័យជាប្រភេទ USB Type-C ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់រន្ធ USB ដែលអាចបញ្ជូនទិន្នន័យបានលឿនជាង USB ស៊េរីមុនដល់ទៅរាប់សិបដងឯណោះ។

en-INTL-L-Microsoft-Lumia-Talkman-Black-MF9-00001-RM3-mnco

Lumia 950

 

រីឯខាងផ្នែកកាមេរ៉ាវិញ កាមេរ៉ាខាងក្រោយរបស់ Lumia 950 មានទំហំមេហ្គាភិចស៊ែលរហូតដល់ទៅ 20MP (Megapixel) ដែលអាចថតវ​ីដេអូ 4K បានក្នុង 30fps និងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដែលជួយមិនឲ្យរង្គើរ ឬញ័រនៅពេលថតវីដេអូ (Optical Image Stabilization) ធ្វើឲ្យវីដអូមានលក្ខណៈរលូនល្អ ហើយនៅជិតកាមេរ៉ានោះ មាន flashlight ជាប្រភេទ LED ចំនួន ៣ គ្រាប់ ដែលអាចបញ្ចេញពន្លឺ flash បានទៅតាមពណ៌នៃស្ថានភាពទីកន្លែងដែលអ្នកថត។ ចំពោះកាមេរ៉ាខាងមុខ វាមានទំហំមេហ្គាភិចស៊ែល 5MP ហើយអាចថតជាវីដេអូ Full HD ក្នុងទំហំ 1080p បាន។

en-INTL-Microsoft-Lumia-Talkman-Black-MF9-00001-P3

កាមេរ៉ារបស់ Lumia 950

 

ការដំណើរការរបស់ Lumia 950

Lumia 950 មានដំណើរការលើប្រព័ន្ធដំណើរការ Window 10។ វាមាន CPU Qualcomm Snapdragon 808 Hexa-core 1.8 GHz ជាមួយនឹង 3GB RAM។ វាមានទំហំ memory ដល់ទៅ 32GB ហើយអ្នកអា​ចដាក់ memory បន្ថែមដោយប្រើ micro SD Card បានដល់ទៅ 200GB។

Lumia-950-Coming-Soon-jpg

Lumia 950 និង Microsoft Display Dock

 

បន្ថែមពីនេះ Lumia 950 មានថ្មដែលអាចផ្ទុកថាមពលបានដល់ទៅ 3000mAh (មីលីអំពែម៉ោង) ហើយអ្នកអាចបញ្ចូលថ្មបានតាមរយៈ Wireless ឬតាមរន្ធ USB-Type C ដែលមានមុខងារ Fast Charging ដោយអាចបញ្ចូលថ្មបានលឿន ឡើងដល់ 50% ក្នុងរយៈពេលត្រឹមតែ ៣០ នាទី។

 

Microsoft Lumia 950 XL

en-INTL-L-Microsoft-Lumia950XL-Cityman-Black-MD7-00001-mnco

Lumia 950 XL

ការឌីហ្សាញរបស់ Lumia 950 XL

Microsoft Lumia 950 XL ត្រូវបានឌីហ្សាញដោយប្រើបច្ចេកវិទ្យាដូចទូរស័ព្ទ smartphone ថ្មីៗផ្សេងៗដែរ ហើយមានកម្រាស់ស្ដើងដែលមានកម្រាស់ត្រឹមតែ 8.1 mm (មីលីម៉ែត្រ) និងមានទម្ងន់ 165 g (ក្រាម) ប៉ុណ្ណោះ ហើយសម្បករបស់វាគឺធ្វើពី Polycabonate។ វាមានអេក្រង់ touchscreen AMOLED ទំហំ 5.7 អ៊ីញ ដែលមានផ្ទុកចំនួនភិចស៊ែលសរុប 3686400 ភិចស៊ែល (2560 x 1440 resolution) ត្រូវនឹង 518 ភិចស៊ែលក្នុងមួយអ៊ីញការេ។

 

en-INTL-Microsoft-Lumia-Cityman-MD7-00001-P1

 

Lumia 950 XL មានប៊ូតុងខាងក្រៅដូចជាប៊ូតុងតម្លើង និងបន្ថយសម្លេង, ប៊ូតុងសម្រាប់ថតកាមេរ៉ា ហើយនិងប៊ូតុងបើកបិទ ដែលនៅចំកណ្ដាលប៊ូតុងតម្លើង និងបន្ថយសម្លេងតែម្ដង។ បន្ថែមពីនេះទៀត ដូចជា Lumia 950 ដែរ Lumia 950 XL មានរន្ធសម្រាប់បញ្ចូលថ្ម ឬសម្រាប់បញ្ជូនទិន្នន័យជាប្រភេទ USB Type-C ដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់របស់រន្ធ USB ដែលអាចបញ្ជូនទិន្នន័យបានលឿនជាង USB ស៊េរីមុនដល់ទៅរាប់សិបដងឯណោះ។

en-INTL-L-Microsoft-Lumia-Cityman-Black-MD7-00001-RM3-mnco

Lumia 950 XL

 

ដូចគ្នាផងដែរ ការមេរ៉ារបស់ Lumia 950 XL គឺមានបច្ចេកវិទ្យា និងទំហំភិចស៊ែលដូចជា Lumia 950 ដែរទាំងកាមេរ៉ាមុខ និងក្រោយ ខុសតែទីតាំង LED flashlight តែប៉ុណ្ណោះ ដោយ LED flashlight របស់ Lumia 950 XL គឺស្ថិតនៅជាប់កាមេរ៉ាតែម្ដង។

en-INTL-Microsoft-Lumia-Cityman-MD7-00001-P3

កាមេរ៉ារបស់ Lumia 950 XL

ដំណើរការរបស់ Lumia 950 XL

Lumia 950 XL មានដំណើរការលើប្រព័ន្ធដំណើរការ Window 10។ វាមាន CPU Qualcomm Snapdragon 810 Octa-core 2.0 GHz ជាមួយនឹង 3GB RAM។ វាមានទំហំ memory ដល់ទៅ 32GB ហើយអ្នកអា​ចដាក់ memory បន្ថែមដោយប្រើ micro SD Card បានដល់ទៅ 200GB។

 

en-INTL-Microsoft-Lumia-Cityman-MD7-00001-P2

Window 10 នៅលើ Lumia 950 XL

 

បន្ថែមពីនេះ Lumia 950 XL មានថ្មដែលអាចផ្ទុកថាមពលបានដល់ទៅ 3340mAh (មីលីអំពែម៉ោង) ហើយអ្នកអាចបញ្ចូលថ្មបានតាមរយៈ Wireless ឬតាមរន្ធ USB-Type C ដែលមានមុខងារ Fast Charging ដោយអាចបញ្ចូលថ្មបានលឿន ឡើងដល់ 50% ក្នុងរយៈពេលត្រឹមតែ ៣០ នាទី។

 

សរុបមក បើអ្នកចង់បានទូរស័ព្ទ ដែលអ្នកអាចប្រើប្រាស់បានដូចជាកុំព្យូទ័រ និងមាន Window 10 ជាប្រព័ន្ធដំណើរការ នោះ Lumia 950 និង​ Lumia 950 XL គឺជាជម្រើសល្អសម្រាប់អ្នក។ ហើយក្នុងពេលឆាប់ៗនេះ ទូរស័ព្ទទាំងពីរម៉ូដែលនេះនឹងមានចេញលក់ជាផ្លូវការហើយ ហើយតម្លៃរបស់វានៅឯសហរដ្ឋអាមេរិកគឺប្រហែលជា $549 ចំពោះទូរស័ព្ទម៉ូដែល Lumia 950 និង $649 ចំពោះ Lumia 950 XL។ អ្នកនឹងអាចឃើញមានទូរស័ព្ទទាំងពីរម៉ូដែលនេះលក់នៅប្រទេសកម្ពុជាក្នុងរយៈពេលប្រហែលជា ២ ទៅ ៣ ខែក្រោយពីពួកវាបានចេញលក់ជាផ្លូវការនៅសហរដ្ឋអាមេរិក ក្នុងតម្លៃថ្លៃជាងតម្លៃនៅឯសហរដ្ឋអាមេរិកបន្តិចបន្ទួចប៉ុណ្ណោះ។

អានបន្ត

946

Surface Book ថ្មី ដែលជា Laptop កាត់ Tablet ដំបូងរបស់ក្រុមហ៊ុន Microsoft

បច្ចេកវិទ្យា

08/10/2015

មុននេះក្រុមហ៊ុន Microsoft បានប្រកាសកុំព្យូទ័រ ពីរថ្មីដែលជា Surface Pro 4 (ដែលពួកខ្ញុំបានបកស្រាយក្នុងអត្ថបទមួយនេះ) និង Surface Book។  ក្នុងអត្ថបទនេះខ្ញុំនឹងរៀបរាប់អំពី Surface Book ដែលជាផលិតផលដែលទាក់ទាញភាពភ្ញាក់ផ្អើលពីសំណាក់អតិថិជនជាច្រើន ជាពិសេសអ្នកជំនាញមួយចំនួនដែលត្រូវកាប្រើកុំព្យូទ័រដែលមានល្បឿនលឿន។ Microsoft បានឆ្លើយតបនឹងអ្នកទាំងនោះដោយ Surface Book ដែលជា Laptop ទំហំ 13.5 អ៊ីញដំបូងបង្អស់របស់ក្រុមហ៊ុន Microsoft ហើយវាមិនមែនត្រឹមតែជា Laptop ប៉ុណ្ណោះទេ តែវាជា Laptop កាត់ Tablet ដែលក្រុមហ៊ុន Microsoft បានអះអាងថា Laptop-Tablet មួយនេះអាចដំណើរការបានល្អជា MacBook របស់ក្រុមហ៊ុន Apple ដល់ទៅពីរដងឯនោះ។ Surface Book គឺត្រូវបានឌីហ្សាញយ៉ាងល្អប្រណីតដើម្បីងាយស្រួលក្នុងការប្រើជាមួយនឹង Mouse, Touch, និង Surface Pen របស់វា។

151006154909-microsoft-surface-book-780x439

អ្នកអាចប្រើ Surface Book ជាលក្ខណៈ Laptop ដែលមានកម្លាំងដំណើរការពេញបាននៅពេលដែលវានៅភ្ជាប់ជាមួយនឹង Keyboard របស់វា ហើយបើអ្នកចង់ប្រើវាជាលក្ខណៈ Tablet ដើម្បីងាយស្រួលក្នុងការយកទៅតាមខ្លួននោះ អ្នកគ្រាន់តែផ្ដាច់ អេក្រង់ 13.5 អ៊ីញ របស់វាចេញពី Keyboard ដោយចុចប៊ូតុងរបស់វានោះជាការស្រេច តែវាមិនមានដំណើរការខ្លាំងដូចពេលដែលវាកំពុងនៅភ្ជាប់ជាមួយនឹង Keyboard របស់វានោះទេ។ ហើយលើសពីនេះផងដែរ ដោយ Surface Book មានភ្ជាប់មកជាមួយនឹង Surface Pen ស្រាប់ អ្នកក៏អាចប្រើ Surface Book ធ្វើជាផ្ទាំងសម្រាប់គូររូប និងឌីហ្សាញរបស់ផ្សេងៗយ៉ាងងាយស្រួលជាមួយនឹងកម្លាំងដំណើរការពេញរបស់វាបានផងដែរ ដោយគ្រាន់តែផ្ដាច់អេក្រង់ចេញពី Keyboard ដូចជាពេលអ្នកចង់ប្រើវាជា Tablet រួចហើយត្រឡប់អេក្រង់នោះ ហើយភ្ជាប់វាជាមួយនឹង Keyboard របស់វាវិញ នោះអ្នកនឹងបានផ្ទាំងសម្រាប់គូររូប និងឌីហ្សាញផ្សេងៗ ដែលអាចប្រើប្រាស់កម្មវិធីធំៗបានយ៉ាងងាយ។

en-INTL-PDP0-Atlas-Devices-CR9-00001-P2

 

en-INTL-PDP0-Atlas-Devices-CR9-00001-P1

 

en-INTL-PDP0-Atlas-Devices-CR9-00001-P4

 

រូបរាង និងការឌីហ្សាញផ្នែកខាងក្រៅរបស់ Surface Book

Surface Book មានទម្ងន់ត្រឹមតែ 700 ក្រាមតែប៉ុណ្ណោះសម្រាប់អេក្រង់របស់វា ដែលមានកម្រាស់ 7.7 មីលីម៉ែត្រ ហើយវាមានទម្ងន់សរុប 1.516 គីឡូក្រាម (អេក្រង់ + keyboard) ដែលមានកម្រាស់ចន្លោះពី 13 ទៅ 22.8 មីលីម៉ែត្រ។ Surface Book មានមកជាមួយនឹងអេក្រង់ touchscreen ទំហំ 13.5 អ៊ីញ PixelSense ដែលមានទំហំ resolution ដល់ទៅ 3000 x 2000 ជាមួយនឹងដង់ស៊ីតេភិចស៊ែល 267 PPI (ភិចស៊ែលក្នុងមួយអ៊ីញ)។

1c205eac-25c8-4ec4-94d8-00864aa6d6c4

ចំពោះការឌីហ្សាញផ្នែកខាងក្រៅវិញ សម្បកក្រៅរបស់ Surface Book គឺធ្វើអំពីលោហៈធាតុ Magnesium ដែលមានព៌ណ ប្រាក់ ដែលជាជាតិលោហៈធាតុដូចនឹងសម្បកក្រៅ Macbook Pro របស់ក្រុមហ៊ុន Apple ដែរ។ នៅខាងផ្នែកអេក្រង់របស់ Surface Book គឺមានប៊ូតុងសម្រាប់តម្លើងសម្លេង, ប៊ូតុងសម្រាប់បើកឲ្យ Surface Book មានដំណើរការ និងរន្ធសម្រាប់ដាក់ headphone ហើយវាក៏មានភ្ជាប់ជាមួយនឹង ការមេរ៉ាមុខ ដែលមានទំហំ 5.0 MP (មេហ្គាភិចស៊ែល) និងកាមេរ៉ាក្រោយទំហំ 8.0 MP ដែលអាចថតវីដេអូ full HD (1080p) បាន។ រីឯខាងផ្នែក keyboard វិញ វាមាន​ port សម្រាប់ USB 3.0 ចំនួនពីររន្ធ, port សម្រាប់ SD Card មួយរន្ធ, រន្ធសម្រាប់បញ្ចូលថ្ម, mini Display Port និង SurfaceConnect™ សម្រាប់ភ្ជាប់ keyboard ជាមួយនឹងអេក្រង់របស់វា។ ហើយចំពោះ keyboard ផ្ទាល់ វាមានសម្លេងស្ងាត់ល្អនៅពេលអ្នកវាយអក្សរ និងមានបញ្ចេញពន្លឺងាយស្រួលក្នុងការវាយអក្សរនៅក្នុងស្ថានភាពងងិត។ Surface Book មាន Trackpad ធ្វើពីកញ្ចក់ងាយស្រួលក្នុងការប្រើ ហើយអ្នកអាចបញ្ជាជាមួយមុខងារ Multi-touch បានជាមួយនឹងម្រាមដៃរហូតដល់ទៅប្រាំម្រាម។

a203d35d-e1d1-4c47-a310-f7ad1441a17a

51cc00a6-3336-4e77-9a04-f87e7064f82c

c08db1af-7529-4f61-882a-cdbb6233c7ae

b25a6db2-5b33-4490-8135-7cb3c701d7fd

e60d77a0-b99e-485a-ad99-f74d722b3fa1

microsoft-surface-book-release-date-price-specs-touchpad-hands-on

 

កន្លែង ដែលអ្នកអាចបត់ laptop Surface Book នេះបាន គឺត្រូវបានឌីហ្សាញខុសប្លែកពី laptop ផ្សេងៗដ៏ទៃទៀតដែលយើងធ្លាប់បានឃើញ។ ក្រុមហ៊ុន Microsoft បានហៅវាថា Dynamic Fulcrum ដែលវាអាចបត់បែនបានល្អនិងមានលក្ខណៈរលូន ហើយឈប់នឹងល្អនៅកន្លែងដែលអ្នកចង់ឲ្យវាឈប់។

surfacebook

microsoft-surface-book-2.0

 

ការដំណើរការផ្នែកខាងក្នុងរបស់ Surface Book

Surface Book មានភ្ជាប់មកជាមួយនឹង CPU ជំនាន់ទី 6 Intel Core i5 និង Core i7 រួមទាំង GDDR5 memory ដែលអាចតម្លើងដល់ទៅ 16GB RAM ហើយអ្នកអាចជ្រើសរើស GPU ទៅតាមតម្រូវការរបស់អ្នក ដែលវាមាន i5: Intel® HD graphics 520 (non-GPU) និង i5/i7: NVIDIA GeForce Graphics Processor (GPU)។ ជាមួយនឹងបច្ចេកវិទ្យានេះ អ្នកអាចប្រើកម្មវិធីធំៗដូចជាកម្មវិធីគូររូប ឌីហ្សាញ កែវីដេអូ និងរូបភាព និងកម្មវីធីផ្សេងៗជាច្រើនទៀតនៅលើ Surface Book នេះបានដោយរលូន និងមិនចាំបាច់ខ្វល់ថាវាអាចឆាប់អស់ថ្មនោះទេ។ ចំពោះថ្មរបស់ Surface Book ក្រុមហ៊ុន Microsoft បានអះអាងថាវាអាចកាន់បានដល់ទៅ 12 ម៉ោងឯនោះបើអ្នកបើកវីដេអូរហូត និងអាចកាន់បានដល់ទៅ 2-3 ថ្ងៃបើអ្នកដាក់វាឲ្យ Sleep ចោល ឬមិនសូវប្រើវាច្រើន។

surface-book-nvidia-gpu-100620077-orig

បន្ថែមពីនេះ Surface Book មានភ្ជាប់នូវឧបករណ៍ផ្ទុក (Storage) ជា Solid State Drive (SSD) ដែលមានល្បឿន read/write លឿនជាង Hard Disk Drive (HDD) ធម្មតា ហើយអ្នកក៏អាចជ្រើសរើសទំហំ storage ក្នុង Surface Book បានផងដែរ ដែលមាន 128GB, 256GB, 512GB, និង 1TB។ Surface Book ប្រើកម្មវិធី software Window 10 Pro ដែលអាចប្រើជាមួយនឹង Microsoft Office បានយ៉ាងល្អជាមួយគ្នាផងដែរ ជាមួយនឹង Surface Pen និងបច្ចេកវិទ្យាថ្មីៗរបស់ Surface Book ទាំងអស់។

 

 

Surface Book នឹងចាប់ផ្ដើមមានលក់នៅឯប្រទេសអាមេរិក និងប្រទេសមួយចំនួនទៀត នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ នេះ ក៏ប៉ុន្តែអ្នកអាចធ្វើការ Pre-order បានចាប់ពីឥឡូវនេះទៅបាន។ តម្លៃរបស់ Surface Book គឺខុសគ្នាទៅតាមជម្រើសរបស់អ្នកទៅលើ CPU, GPU, ទំហំ storage, និង ទំហំ memory របស់វា ដែលមានតម្លៃចាប់ផ្ដើមពី $1,499 ឡើងទៅ។

អានបន្ត