MENU

អាហារដែលអ្នក “មិនគួរ” ទទួលទានដើម្បីកុំឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានបញ្ហា

បើសិនជាអ្នកធ្លាប់មានមិត្តភ័ក្តិ ដែលតែងតែរអ៊ូពីការឈឺក្រពះ ឬក៏អ្នកធ្លាប់ឈឺក្រពះខ្លួនឯងផ្ទាល់ នោះអ្នកនឹងយល់ពីសារៈសំខាន់នៃការការពារក្រពះ ឬប្រព័ន្ធរំលាយអាហារ របស់អ្នក។ ប្រព័ន្ធរំលាយអាហារ ក៏ដូចជាជាប្រព័ន្ធផ្សេងៗទៀតជាច្រើន ដែលមានដំណើរការនៅក្នុងរាងកាយរបស់យើង គឺសុទ្ធតែសំខាន់ ដូច្នេះអ្នកត្រូវតែការពារវាឲ្យបានល្អដើម្បីរស់នៅបានយូរអង្វែង និងមិនងាយជួបនឹងបទពិសោធដេកចុកពោះ ញាំុអ្វីមិនបាន និងធ្វើអ្វីមិនបាន។ ហើយវិធី ដែលជួយការពារប្រព័ន្ធរំលាយអាហារ ឬក្រពះរបស់អ្នកបានល្អបំផុតនោះ គឺជ្រើសរើសចំណីអាហារ ដែលសមស្រប និងមានប្រយោជន៍ដល់សុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នក ដែលអ្នកអាចស្វែងយល់បន្ថែមបានក្នុងអត្ថបទមួយទៀតដោយចុចលើទីនេះ។ ខាងក្រោមនេះខ្ញុំនឹងនិយាយអំពីអាហារមួយចំនួន ដែលអ្នកមិនគួរទទួលទានដើម្បីជួយឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមិនជួបនឹងបញ្ហានាពេលអានាគត។

 

1. ផលិតផលធ្វើពីទឹកដោះគោ

វាជាការពិតណាស់ ទឹកដោះគោ ឬផលិតផលផ្សេងៗដែលធ្វើជាទឹកដោះគោ គឺជាអាហារដែលនាំឲ្យមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារសម្រាប់មនុស្សភាគច្រើន។ បើសិនជាអ្នកធ្លាប់ចុកពោះ ក្រោយពេលញ្ញាំុទឹកដោះគោរួច ជាពិសេសនៅពេលព្រឹក ពេលដែលអ្នកមិនទាន់បានញ្ញាំុអ្វីចូលពោះសោះមុនផឹកវា នោះអ្នកនឹងយល់ស្របជាមួយចំណុចនេះ ទោះបីជាអ្នកដឹងពីផលប្រយោជន៏ជាច្រើនរបស់ទឹកដោះគោក៏ដោយ។ ប្រព័ន្ធរំលាយអាហាររបស់មនុស្សយើង តាមពិតទៅ មិនមែនវិវត្តមក ដើម្បីធ្វើការរំលាយផលិតផលទឹកដោះគោនោះទេ។ បន្ថែមពីនេះ យោងតាមការស្រាវជ្រាវមួយបានឲ្យដឹងថា ប្រព័ន្ធរំលាយអាហាររបស់មនុស្សវ័យកណ្តាលភាគច្រើន គឺមិនបានរំលាយទឹកដោះគោបានត្រឹមត្រូវនោះទេ។ និយាយឲ្យចំទៅ បញ្ហាប្រព័ន្ធរំលាយអាហារដែលបណ្ដាលមកពី ផលិតផលទឹកដោះគោ គឺជារឿងធម្មតា ហើយនៅពេលដែលអ្នកមានបញ្ហាក្រពះ ឬបញ្ហាប្រព័ន្ធរំលាយអាហារ អ្វីដែលអ្នកគួរធ្វើដំបូងគេនោះ គឺឈប់ទទួលទានផលិតផលដែលធ្វើពីទឹកដោះគោ។

 

dairy_products_1

 

ចំពោះករណីលើកលែងលើចំណុចនេះ គឺទឹកដោះគោជូរ ឬយ៉ាអួ ដែលវាអាចជួយធ្វើឲ្យដំណើរការរបស់ប្រព័ន្ធរំលាយអាហាររបស់អ្នកឲ្យមានភាពល្អប្រសើរជាងមុនបាន ហើយយើងក៏មានសរសេរពីវានៅក្នុងអត្ថបទមួយទៀតដែលភ្ជាប់ទៅនៅសេចក្តីផ្ដើមខាងលើផងដែរ អ្នកអាចស្វែងយល់បន្ថែមពីវាបាន។

 

2. ម្ហូបដែលមានខ្លាញ់ច្រើន ឬម្ហូបបំពង

ម្ហូបដែលមានជាតិខ្លាញ់ច្រើន ដូចជាសាច់ក្រហមជាប់ខ្លាញ់ (សាច់គោ សាច់ជ្រូក ។ល។) និងអាហារបំពង មិនត្រឹមតែអាចបណ្ដាលឲ្យអ្នកមានជម្ងឺបេះដូង ជម្ងឺលើសជាតិខ្លាញ់ក្នុងឈាម ឬជម្ងឺស្ទះសរសៃឈាមនោះទេ វាក៏ជាមូលហេតុធ្វើឲ្យអ្នកមានបញ្ហាខាងប្រព័ន្ធរំលាយអាហារផងដែរ។ ហើយខ្ញុំជឿថា អ្នកប្រាកដជាធ្លាប់មានអារម្មណ៍ត្រលាន់ ឬចង់ក្អួតចេញមកវិញ នៅពេលដែលទទួលទានអាហារមានជាតិខ្លាញ់ច្រើនលើសលុប នេះហើយគឺជាសញ្ញាដែលក្រពះ ឬប្រព័ន្ធរំលាយអាហាររបស់អ្នកមានបញ្ហា។

 

High_Fat_Foods_-_NCI_Visuals_Online

 

បើទោះជាយ៉ាងណាក៏ដោយ អ្នកនៅតែត្រូវទទួលទានអាហារជាតិខ្លាញ់ ដើម្បីជំនួយដល់ប្រព័ន្ធដំណើរការផ្សេងៗជាច្រើននៅក្នុងខ្លួនរបស់អ្នក ក៏ប៉ុន្តែសូមអ្នកញ្ញាំុដោយភាពឆ្លាតវៃ និងកាត់បន្ថយការញ្ញាំុអាហារជាតិខ្លាញ់ ឬអាហារបំពងលើសលុប ដើម្បីធ្វើឲ្យសុខភាពប្រព័ន្ធរំលាយអាហាររបស់អ្នកមានភាពល្អប្រសើរជាងមុន។

 

3. គ្រឿងស្រវឹង

បញ្ហាដែលបណ្ដាលមកពីគ្រឿងស្រវឹង គឺមានច្រើន ក៏ប៉ុន្តែមនុស្សភាគច្រើននៅទទួលទានវាដដែល។ អ្វីដែលមនុស្សភាគច្រើនដឹង គឺគ្រឿងស្រវឹងអាចធ្វើឲ្យក្រពះពួកគេមានបញ្ហាក្នុងរយៈពេលខ្លីនៅពេលផឹក ដូចជាធ្វើឲ្យក្អួតជាដើម ក៏ប៉ុន្តែ អ្វីដែលពួកគេមិនដឹងនោះ គឺវាអាចធ្វើឲ្យអ្នកផឹក មានបញ្ហាក្រពះ ដូចជាចុក រមួល ជាដើមក្នុងរយៈពេល ពេញមួយថ្ងៃឬក៏ច្រើនថ្ងៃ ក្រោយការផឹកស្រវឹងនោះ។ ហើយបើផឹកជារៀងរាល់ថ្ងៃ ឬញឹកញាប់ពេកនោះ អ្នកនឹងទទួលបានបញ្ហាក្រពះជាជម្ងឺប្រចាំកាយ បន្ថែមលើជម្ងឺមហារីកថ្លើម។

 

alcohol-guidelines

 

ដូច្នេះ បើសិនជាអ្នកមិនអាចផ្ដាច់វាបានទេ សូមមេត្តាទទួលគ្រឿងស្រវឹងទាំងនោះក្នុងកម្រិតមួយល្មមបានហើយ ដើម្បីរក្សារនូវប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អ និងដំណើរការល្អ។

 

4. ម្ហូបហើរខ្លាំង

ការញ្ញាំុហើរ អាចជំនួយដល់ក្រពះ សម្រាប់អ្នកដែលមិនមានជម្ងឺក្រពះ តែអាចធ្វើឲ្យអ្នកមានជម្ងឺក្រពះកាន់តែមានបញ្ហាខ្លាំង។ អ្នកខ្លះប្រហែលជាទម្លាប់ក្នុងការញ្ញាំុហើរខ្លាំង ហើយខ្លះមិនទម្លាប់នោះទេ ហើយចំពោះអ្នកដែលមិនទម្លាប់ ទទួលអាហារហើរខ្លាំងអាចធ្វើឲ្យពួកគេពិបាកទ្រាំ ឈឺក្រពះ រាគរូស និងធ្វើឲ្យក្រហាយដល់ពោះវៀនជាដើម។ ចំពោះអ្នកដែលទម្លាប់ញ្ញាំុហើរ គឺមិនសូវអីនោះទេ ព្រោះប្រព័ន្ធរំលាយអាហាររបស់ពួកគេសាំុទៅនឹងអាហារហើរទៅហើយ តែក៏មិនមែនមានន័យថាពួកគេនឹងមិនមានបញ្ហារហូតដែរ ដូច្នេះសូមទទួលទានដោយឆ្លាតវៃ។

 

18ix651fxsgwcjpg

Comments Off on អាហារដែលអ្នក “មិនគួរ” ទទួលទានដើម្បីកុំឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានបញ្ហា សុខភាព

Comments are closed.

យោបល់របស់អ្នកអាន